Friday, September 19, 2025
Homeតារាខ្មែរអឿន ស្រីមុំ លុបចោលគម្រោងទៅកើបលុយនៅប្រទេសអាឡឺម៉ង់

អឿន ស្រីមុំ លុបចោលគម្រោងទៅកើបលុយនៅប្រទេសអាឡឺម៉ង់

អ្នកមេម៉ាយគ្មានកូន អ្នកនាងអឿន ស្រីមុំ ដែលគ្រោងទៅកើបលុយធំនៅអាឡឺម៉ង់ រយៈពេល១ខែ ដោយដឹកដៃតារាចម្រៀងណូយ វណ្ណេត និងណូយ វណ្ណា នោះ ពេលនេះបានប្រកាសលុបចោលការត្រៀមហោះឆ្លងទ្វីបនេះវិញហើយ ដោយសំអាងថា មកដល់ខែតុលានេះ នាងជាប់មមាញឹករកលុយនៅក្នុងស្រុកដកខ្លួនមិនរួចទេ អ៊ីចឹងសុខចិត្តមិនចេញទៅក្រៅប្រទេសជ្រើសរកការច្រៀងសម្តែងក្នុង ស្រុកវិញ ព្រោះប្រាក់ចំណូលប្រហាក់ប្រហែលគ្នា។

អឿន ស្រីមុំ អះអាងថា “ខាង Sponsor នៅអាឡឺម៉ង់ គាត់ចង់ឱ្យខ្ញុំចេញទៅច្រៀងនៅទីនោះរយៈពេល១ខែ ជាមួយបងណូយ វណ្ណេត និងណូយ វណ្ណា ហើយយើងរង់ចាំយូរខែដែរហើយ តែគាត់ឱ្យទៅនៅខែកញ្ញាហ្នឹង អ៊ីចឹងខ្ញុំចេញទៅមិនកើតទេ ដោយសារតែខែនេះចូលដល់ខែរវល់ក្នុងស្រុកវិញហើយ។ បងណូយ វណ្ណា គាត់អាចចេញទៅម្នាក់ឯងហើយមើលទៅ”។

ស្រីមុំ បន្តថា​ “ខ្ញុំគិតថា ខែនេះបើខ្ញុំនៅក្នុងស្រុកវិញក៏អាចរកប្រាក់ចំណូលបានពី៣ទៅ៤ពាន់ដុល្លារដែរ ក្នុង១ខែៗ អ៊ីចឹងបើទៅក្រៅប្រទេស ក៏យើងបានប្រាក់ខែខ្ទង់ប៉ុណ្ណឹងដែរ អ៊ីចឹងខ្ញុំសម្រេចចិត្តថា អត់ចេញទៅអាឡឺម៉ង់ ទេ ឆ្នាំនេះ តែអាចចេញទៅឆ្នាំក្រោយៗវិញ”។

មុនលុបគម្រោងចេញទៅច្រៀងសម្តែងនៅអាឡឺម៉ង់ នេះ អ្នកមេម៉ាយអឿន ស្រីមុំ បានប្រកាសជាសាធារណៈថា នាងនឹងមិនយកប្តីទៀតទេ គឺលែងយកប្តីអស់១ជីវិតតែម្តង ព្រោះតែឆ្អែតចិត្តនឹងរឿងប៉ះស្នេហ៍មិនសមប្រកប។

នាងថា សុខចិត្តរស់នៅម្នាក់ឯងជារៀងរហូតចាប់ពីពេលនេះតទៅ ហើយពេលទំនេរពីការងារសិល្បៈ នាងយកពេលមកស្តាប់ព្រះធម៌ជំនួសដោយរឿងស្នេហាវិញ។

ការតាំងចិត្តបែបនេះរបស់អឿន ស្រីមុំ ធ្វើឱ្យប្រុសទាំងក្នុងនិងក្រៅស្រុក ដែលចង់ចូលខ្លួនមកស្អំបេះដូងរបស់នាងស្តាយកាយាអ្នកមេម៉ាយសាច់ចាំរូបនេះជាខ្លាំង ខណៈដែលស្រីមុំ ថា នាងនឹងមិនប្តូរចិត្តឡើយ។

គួរបញ្ជាក់ថា អឿន ស្រីមុំ បានរៀបការជាមួយតន្ត្រីករកែវ សុខា ដោយរួមរស់ជាមួយគ្នាជាង១០ឆ្នាំ គ្មានកូន១គ្រាប់សោះ ក៏សម្រេចចិត្តលែងលះគ្នាទាំងចម្រូងចម្រាស។

ស្រីមុំ ក៏មិនបានទុកបេះដូងឱ្យនៅទំនេរដែរ ដោយនាងបានងាកទៅផ្សារភ្ជាប់ស្នេហ៍ថ្មីជាមួយបុរស អាណិកជនខ្មែរនៅបារាំង ហើយពួកគេស្រលាញ់គ្នាស្ទើរលេបនិងគ្រោងរៀបការតាមប្រពៃណីខ្មែរទៀតផង តែចុងក្រោយបានចែកផ្លូវគ្នាទៀត ទើបធ្វើឱ្យស្រីមុំ ក្តៅចិត្តលែងជឿលើសម្តីប្រុសៗស្រលាញ់បានតែដំបូងក៏ប្រែចិត្ត ទើបចុងក្រោយនាងស្មារលាប្រុសព្រាន ហើយឃុំចិត្តលែងយកប្តីតែម្តង៕

RELATED ARTICLES