តារាសាច់ដូចបណ្តូលចេក កញ្ញារ៉េត ស៊ូហ្សាណា ដែលលេងសម្រស់កាន់តែគួរឱ្យទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃនោះ ធ្វើឱ្យមន្ត្រីធំ , ឧកញ៉ា , តាតាសម្បូរដុល្លារ និងប្រុសអ្នកមានទ្រព្យជាច្រើនជ្រួលជ្រើមសម្រស់ស្រីក្មេងរូបនេះកាន់តែខ្លាំងឡើងៗ ហើយថែមទាំងប៉ងចង់បាននាងមកថ្នាក់ថ្នមកាយាទៀតផង។
យ៉ាងណា ប្រុសៗទាំងឡាយដែលចង់បានបេះដូងហ្សាណា ឃុំគ្រងនោះត្រូវបរាជ័យស្ទើរគ្រប់គ្នា ព្រោះមិនហ៊ានសុំស្នេហ៍ហ្សាណា ឡើយ ដោយសារនាងមិនជ្រួលជ្រើមចង់បានតំណែងជំទាវ ឬលុយដុល្លារដែលមានចំណងនោះឡើយ…។

រ៉េត ស៊ូហ្សាណា ចូលប្រឡូកក្នុងអាជីពចម្រៀងរយៈពេល៣ឆ្នាំមកហើយ ប៉ុន្តែតារាដែលជាមុខសញ្ញានៃការតាមស្នេហ៍ពីសំណាក់មន្ត្រីធំៗ , ប្រុសៗសម្បូរទ្រព្យស្តុកនិងតាតាសម្បូរលុយដុល្លារនេះ នៅតែមិនទាន់ប៉ះរឿងអាស្រូវស្នេហ៍ដ៏រសើបនៅឡើយ ហើយប្រុសៗមួយចំនួនដែលលង់ស្បែកសាច់សខ្ចីរបស់នាងចាប់ផ្តើមសុំចុះចាញ់បណ្តើរៗហើយ ព្រោះថាស្រីស្អាតរូបនេះហាក់មិនអើពើចំពោះបុរសដែលតាមស្រលាញ់នាងហើយចង់ជះលុយទិញបេះដូងនោះទេ។
មិនត្រឹមតែធ្វើឱ្យតាតាសម្បូរលុយដុល្លារខកចិត្តនោះទេ ប៉ុន្តែហ្សាណា ក៏ប្រយ័ត្នប្រយែងខ្លាចប៉ះរឿងអាស្រូវស្នេហារហូតមិនកាន់ទូរស័ព្ទទៀតផង ដោយសារខ្លាចមានការសុំស្នេហាផ្ទាល់ ធ្វើឱ្យនាងពិបាកគេចចេញ។
អ្វីដែលធ្វើឱ្យប្រុសៗទាំងឡាយកាន់តែគ្មានឱកាសសាសងស្នេហ៍ហ្សាណា ទៀតនោះ គឺនាងត្រូវបានឪពុកម្តាយតាមការពារជាប្រចាំ ហើយសូម្បីតែអ្នកកាសែតចង់សួរនាំនាងរឿងការងារសិល្បៈ នោះ ក៏ត្រូវម្តាយនាងឈរក្បែរនិងនិយាយផ្តាច់ចេញពីសំណួរដែរ។

តើនាងរ៉េត ស៊ូហ្សាណា ពិតជាអាចគេចផុតពីរឿងអាស្រូវស្នេហារហូតមែនទេ?
មានការកត់សម្គាល់ឃើញថា មានតារាស្រីស្អាតជាច្រើនដួងមកហើយដែលចូលប្រឡូកក្នុងអាជីពនេះ ដំបូងពួកគេបានស្បថស្បែដោយតាំងចិត្តថា មិនយកខ្លួនទៅប្តូរទឹកលុយទេ គឺសុខចិត្តរកដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ប៉ុន្តែការសច្ចាទាំងនោះមិនដែលបានយូរឡើយ ក្រោយមកពួកគេទិញរថយន្តទំនើបៗនិងរស់នៅផ្ទះវីឡាយ៉ាងស្កឹមស្កៃ ហើយទីបំផុតតារាខ្លះក៏ចាប់ផ្តើមបាត់ខ្លួននិងមានកូនទាំងមិនទាន់រៀបការទៀតផង ទើបគេដឹងថា ពួកគេមួយចំនួនមានគូស្នេហ៍ជាមន្ត្រីធំនៅក្រោយខ្នង។

ដោយឡែក រ៉េត ស៊ូហ្សាណា វិញ បើនាងហ៊ានសាងស្នេហ៍ដោយលួចលាក់ជាថ្នូរលុយនោះ ទោះជាចង់បានរថយន្តទំនើបម៉ាកអី ផ្ទះវីឡាធំប៉ុនណាក៏បានដូចចិត្តភ្លាម ព្រោះប្រុសៗអ្នកមានរាប់មិនអស់ ដែលតាមស្នេហាស្រីស្រស់នេះ។
ប៉ុន្តែការទៅណាមានឪពុកម្តាយតាមការពារ ហើយនាងរស់នៅជីវភាពល្អប្រសើរស្រាប់ ដោយមុនចូលច្រៀងថែមទាំងមានលក្ខខណ្ឌពីគ្រួសារថា ឱ្យនាងលេងសិល្បៈជាជម្រើសទី២ ការសិក្សាជាជម្រើសទី១នោះ រឹតតែធ្វើឱ្យហ្សាណា មិនអើពើចំពោះការព្យាយាមដាក់អន្ទាក់ស្នេហ៍លើរូបនាង តាមអំណាចលុយនោះឡើយ។

មានពាក្យលេចឮថា តាតាសម្បូរលុយដុល្លារមួយចំនួនធ្លាប់ជះលុយជោគជ័យលើតារាមួយចំនួននោះ គឺពេលប៉ះហ្សាណា មានតែរឿងខកចិត្តប្រឈមការបរាជ័យ ព្រោះហ្សាណា ចូលសិល្បៈមិនមែនជាឈ្នាន់ទៅរកស៊ីមុខរបរផ្សេងទៀតឡើយ។
រ៉េត ស៊ូហ្សាណា បានជ្រកកោនក្រោមដំបូលផលិតកម្មរស្មីហង្សមាស ៣ឆ្នាំមកហើយ ដែលភាព លេចធ្លោរបស់នាងគឺការពូកែតែងខ្លួនបែបយុវវ័យ និងអាចច្រៀងបទចម្រៀងជាភាសាអង់គ្លេស គួរឱ្យទាក់ទាញ។

ដោយឡែក សម្រាប់បទចម្រៀងខ្មែរ នៅហង្សមាសវិញ ស៊ូហ្សាណា ត្រូវបានគេស្គាល់នាងតាមរយៈបទ “ឈប់” និង “ប្រយោគស្នេហ៍”។ ប៉ុន្តែក្នុងចំណោមតារាចម្រៀងទាំងឡាយនៅផលិតកម្មរស្មីហង្សមាស គឺមានតែរ៉េត ស៊ូហ្សាណា ម្នាក់គត់ ដែលត្រូវថៅកែផលិតកម្មនេះហួងហែងមិនឱ្យនាងចេញច្រៀងនៅតាមប៉ុស្តិ៍ទូរទស្សន៍ណា ក្រៅពីហង្សមាសនិងបាយ័នឡើយ។

ការដែលហង្សមាស ចងជើងហ្សាណា បែបនេះ ត្រូវបានគេគិតថាផលិតកម្មនេះទុកស្រីស្អាតហ្សាណា ក្នុងគោលដៅជាតារាចម្រៀងសំខាន់របស់ខ្លួននាពេលខាងមុខ ដើម្បីទៅជំនួសឱក សុគន្ធកញ្ញា និងពេជ្រ សោភា ពេលដែលតារាទាំង២មានវ័យកាន់តែច្រើនទៅ។
ប៉ុន្តែលោកម៉ិញ សុធីវណ្ណ តន្ត្រីករនិងជាតារាចម្រៀងជើងចាស់ បានបញ្ជាក់ថា រ៉េត ស៊ូហ្សាណា មិនអាចទៅជំនួសឱក សុគន្ធកញ្ញា បានទេ នៅពេលនេះ ព្រោះភាពទាក់ទាញរបស់នាងគឺត្រូវបានគេស្គាល់តាមរយៈរូបសម្រស់និងការច្រៀងបទភាសាអង់គ្លេស ជាងច្រៀងបទខ្មែរ។

យ៉ាងណា លោកសុធីវណ្ណ ថា ហ្សាណា នៅក្មេងមានពេលវេលាច្រើនទៀត បើសិនចង់ឈានដល់ចំណុចកំពូល៕