Friday, September 19, 2025
Homeតារាខ្មែរកែវ ពេជ្រពិសី ដេកយំរាល់រាត្រី ក្រោយម្តាយលាចាកលោក

កែវ ពេជ្រពិសី ដេកយំរាល់រាត្រី ក្រោយម្តាយលាចាកលោក

តារាសម្តែងកែវ ពេជ្រពិសី បានធ្វើពិធី បុណ្យគម្រប់ខួប៧ថ្ងៃ មរណភាពរបស់ម្តាយនាង អ្នកស្រីកែវ ស៊ីណា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានតារាសិល្បកររួមអាជីពមួយចំនួនបានទៅចូលរួមរំលែកទុក្ខដល់ពេជ្រពិសី ដែលកំពុងតែមានទុក្ខធំនេះផងដែរ។

អ្វីដែលគួរឱ្យកាន់តែសង្វេគនោះ ពេជ្រពិសី ថា នាងកំព្រាឪពុកយូរមកហើយ ឥឡូវបាត់បង់ម្តាយថែមទៀត ហេតុនេះហើយបានជានាងយំរាល់រាត្រីតាំងពីម្តាយនាងបានលាចាកចោលនាងដោយគ្មានថ្ងៃត្រឡប់នេះ។

នាងថែមទាំងថ្លែងសារគួរឱ្យសង្វេគថា “ម៉ែអើយ ! កូននឹកម៉ែណាស់ ម៉ែត្រឡប់មករកកូនវិញមកណា៎ម៉ែណា៎ ! ម៉ែ កូនៗត្រូវការម៉ែ”។

មិត្តភក្តិអ្នកសិល្បៈធ្លាប់រួមអាជីពព្យាយាមលួងលោមកែវ ពេជ្រពិសី នៅពេលដែលពួកគេបានទៅចូលរួមបុណ្យសព៧ថ្ងៃម្តាយរបស់នាង ខណៈដែលពេជ្រពិសី នៅតែក្រៀមក្រំ ព្រោះអាឡោះអាល័យម្តាយកម្សត់របស់នាងខ្លាំងពេក។

កែវ ពេជ្រពិសី បានឱ្យដឹងថា ម្តាយរបស់នាងមានជំងឺទឹកនោមផ្អែមជាច្រើនឆ្នាំមកហើយ ដែលរយៈពេលចុងក្រោយនេះក៏វិវត្តទៅជាជំងឺសួត បេះដូង ថ្លើម និងលើសឈាមជាដើម ទើបធ្វើឱ្យស្ថានភាពជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងររហូតទទួលមរណភាពក្នុងជន្មាយុ៦៧ឆ្នាំ កាលពីថ្ងៃទី២៣ តែតុលា ឆ្នាំ២០១៩ បើទោះជាកូនៗប្រឹងប្រែងយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យទាំងក្នុងនិងក្រៅស្រុកក្តី។

គេសង្កេតឃើញថា នៅថ្ងៃបុណ្យគម្រប់ខួប៧ថ្ងៃរបស់ម្តាយ កែវ ពេជ្រពិសី នោះ មានតែតារាជិតដិតដែលធ្លាប់រួមអាជីពជាមួយនាងតែប៉ុណ្ណោះដែលទៅចូលរួម ដូចជាលោកហ្វៃ សំអាង, យុត្ថារ៉ា ឆាន្នី, លី សុខជន់, យូ ឌីស្កូ, ម៉ា ដូណា, លី ម៉ារីណា, ស្រីម៉ុច និងម្តាយរបស់កញ្ញាឌួង ហ្សូរីដា អ្នកស្រីលឹម យ៉ាលីន ជាដើម។

ប៉ុន្តែ ពេជ្រពិសី ថា នាងមិនមានការអាក់អន់ស្រពន់ចិត្តចំពោះតារាៗដែលមិនបានមកបុណ្យម្តាយនាងទេ ព្រោះនាងមិនបានចែកសំបុត្របុណ្យគ្រប់គ្នាទេ ម៉្យាងផ្ទះនាងក៏រាងឆ្ងាយបន្តិចផង អ៊ីចឹងគ្មានការប្រកែប្រកាន់ឡើយ។

កែវ ពេជ្រពិសី បញ្ជាក់ថា “ខ្ញុំមិនមានការអាក់អន់ចិត្តដែលមិនឃើញតារាខ្លះមិនបានមកចូលរួមបុណ្យសពម្តាយខ្ញុំទេ ព្រោះពួកគាត់រវល់ច្រើនដែរ។ ម៉្យាងទៀតទោះជាគាត់មិនបានមកក្តី តែភាគច្រើនគាត់ផ្ញើបច្ច័យមកចូលបុណ្យតាមវីង ឬ ABA ជាដើម ខ្ញុំមានតែថ្លែងអំណរគុណដល់មិត្តភក្តិអ្នកសិល្បករទាំងអស់ដែលបានមកចូលរួមបុណ្យសពម្តាយខ្ញុំ ទោះជាគាត់មិនបានមកក៏ខ្ញុំមិនខឹងដែរ ព្រោះកម្មវិធីប្រថុចញ៉ុចពេក ខ្ញុំមានតែជូនបុណ្យបងប្អូនទាំងអស់គ្នាផង”។

ក្រោយរៀបចំបុណ្យគម្រប់ខួប៧ថ្ងៃម្តាយរួច កែវ ពេជ្រពិសី ថា នាងនឹងនៅតែបន្តអាជីពសិល្បៈនៅពេលវេលាណាមួយសមស្រប ឱ្យតែមានផលិតកម្មហៅថតនាងនៅតែសម្តែង ប្រសិនបើរឿងនោះស័ក្តិសមដែលនាងអាចសម្តែងបាន។

ប៉ុន្តែកន្លងមក ពេជ្រពិសី ថា អាជីពសិល្បៈមិនទៀងទាត់ទេ អ៊ីចឹងនាងចាត់ទុកជាជម្រើសទី២ ខណៈដែលជម្រើស ទី១ គឺការពង្រឹងហាងសម្អាងការរបស់នាង ដែលបានដំណើរការជិត១០ឆ្នាំទៅហើយ៕

RELATED ARTICLES