តារាចម្រៀងថោន កញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី បានអះអាងថា នៅថ្ងៃបុណ្យអុំទូកនៅថ្ងៃទី១០ដល់ ១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ នាងជាប់រវល់ខ្លាំងរហូតមិនអាចរើខ្លួនរួចសម្រាប់ការដើរកម្សាន្តលំហែកាយាផ្ទាល់ខ្លួនឡើយ។

ប៉ុន្តែនាងថា នោះជាឱកាសដែលត្រូវរកលុយកាក់អ៊ីចឹងហើយ ទោះជាហត់នឿយយ៉ាងណាក៏ត្រូវតែស្រវាចាប់ដែរ។ ស្រីស្អាតបេប៊ី ថា ភាពមមាញឹករបស់នាងនោះ គឺនៅលើអាជីពជាពិធីការិនីទាំង៦ថ្ងៃ គឺមិនមែនជាប់ច្រៀងសម្តែងនោះទេ។

ជុំ រចនាពេជ្រ ហៅបេប៊ី វាចាថា “អុំទូកឆ្នាំហ្នឹង ខ្ញុំជាប់ធ្វើពិធីការិនីឱ្យស្រាបៀរ Ganzberg ដល់ទៅ៦ថ្ងៃឯណោះ គឺនៅខេត្តពោធិ៍សាត់៣ថ្ងៃ និងខេត្តសៀមរាប៣ថ្ងៃ។ ចំណែកការច្រៀងសម្តែងវិញ ខ្ញុំអត់មានទេ ដោយសារតែយើងត្រូវគេកក់ធ្វើពិធីការិនីហើយ។ ខ្ញុំធ្វើការជាមួយស្រាបៀរហ្នឹង៣ទៅ៤ឆ្នាំហើយ អ៊ីចឹងមិនអាចទៅរកក្រុមហ៊ុនផ្សេងទេ”។

បេប៊ី ថា នាងជាតារាសិល្បៈម្នាក់ក៏មិនខុសពីតារាផ្សេងៗទៀតដែរ គឺឱ្យតែបុណ្យធំៗជាប់រវល់ការងារសិល្បៈ គ្មានពេលដើរលំហែកាយាជាលក្ខណៈឯកជនឡើយ។
ដោយឡែក អ្នកស្រីប៊ុន ណារី ម្តាយរបស់បេប៊ី បានឱ្យដឹងដែរថា នៅពេលដែលកូនស្រីគាត់ចុះទៅធ្វើពិធីការិនីនៅខេត្តពោធិ៍សាត់ និងសៀមរាបនោះ គាត់ត្រូវជូនកូនស្រីទៅជាប់ជាប្រចាំដែរ ព្រោះនេះជាទម្លាប់ទៅហើយ ដែលមិនអាចឱ្យកូនស្រីទៅម្នាក់ឯងបានទេ។

បេប៊ី បានផ្អាកអាជីពសម្តែងភាពយន្តមួយរយៈ ក្រោយពេលដែលនាងក្លាយទៅជាតារាចម្រៀងអាជីពនៅផលិតកម្មថោន តែនាងមិនបោះបង់អាជីពជាពិធីការិនីឡើយ។

ការមានឱកាសបានឈរជើងនៅផលិតកម្មថោន នោះ បេប៊ី បានចេញបទចម្រៀង៣បទហើយ ដូចជាបទ “Baby Lonely”, “សើចអត់?” និងបទ “Hey Baby”។

តារាចំណូលថ្មីរបស់ផលិតកម្មថោន រូបនេះ ត្រូវបានទស្សនិកជននិយាយថា នាងជាអ្នកចម្រៀងផ្នែកយុវវ័យដែលមានសម្រស់និងក្បាច់រាំ មិនចាញ់មិត្តរួមក្រុមរ៉ាប៊ី ឡើយ អ៊ីចឹងហើយបានជាពួកគេថា ស្រីស្អាតទាំង២ដួងនឹងប្រជែងគ្នាយ៉ាងស្វិតស្វាញជាមិនខាននៅពេលអនាគត។

ប៉ុន្តែ បេប៊ី ថា រវាងនាងនិងរ៉ាប៊ី គឺជាមិត្តភក្តិ ហេតុនេះហើយមានតែប្រឹងប្រែងរៀងៗខ្លួនគ្មានគំនិតប្រជែងយកឈ្នះចាញ់គ្នាទេ៕