ឆ័យលី ដាឡែន បានឱបប្រុសក្មេងរូបសង្ហា រុន ណាកូ យ៉ាងស្អិតល្មួតនៅលើទឹកដីថៃ អំឡុងពេលដែលពួកគេបានដឹកដៃគ្នាទៅផ្សព្វផ្សាយវប្បធម៌នៅខេត្តសុរិន្ទ កាលពីពេលថ្មីៗនេះ។

រូបភាពឱបរឹតគ្នាស្អិតដូចស្ករតាំងម៉ែ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនសរសើរឆ័យលី ដាឡែន ថា នាងពូកែរកបានសង្សារថ្មីជាប្រុសក្មេង ហើយរូបរាងសង្ហាថែមទៀតផង។ ប៉ុន្តែអ្នកខ្លះរិះគន់ដាឡែន ថា គ្រាន់តែលែងប្តីមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះបណ្តើរប្រុសក្មេងដល់ថៃ ទៅហើយ។

យ៉ាងណា ឆ័យលី ដាឡែន មិនខឹងចំពោះអ្នកដែលរិះគន់នាងឡើយ ដោយនាងថាជាអ្នកសិល្បៈមនុស្សរបស់មហាជន យើងមិនអាចឃាត់គេមិនឱ្យនិយាយពីយើងទេ។ នាងថា ពេលនេះនាងចង់បញ្ចេញសេរីភាពផ្ទាល់ខ្លួននិងឈប់បិទសិទ្ធិផ្ទាល់ខ្លួនទៀតហើយ។

ប៉ុន្តែនៅពេលសួររឿងទំនាក់ទំនងជាមួយប្រុសក្មេង រុន ណាកូ នោះ នាងបែរជាថា នោះគ្រាន់តែជារូបភាពបែបសិល្បៈមិនមានទំនាក់ទំនងពិសេសទៅវិញ បើទោះជាពួកគេឱបគ្នាប្រឡេះមិនចង់ចេញក៏ដោយ។

គួរបញ្ជាក់ថា មុនបណ្តើររុន ណាកូ ទៅថៃ ឆ័យលី ដាឡែន ធ្លាប់បង្ហាញសារបែបស្រងូតស្រងាត់ ក្រោយពេលដែលនាងធ្លាក់ខ្លួនក្លាយជាស្ត្រីមេម៉ាយនៅពេលនេះ រហូតធ្វើឱ្យទស្សនិកជនជាច្រើនសម្តែងការអាណិតដល់នាងថែមទៀតផង។

ប៉ុន្តែក្រោយពីវិលត្រឡប់ពីថៃ ដឹកដៃប្រុសក្មេងណាកូ មកស្រុកវិញនេះ គេឃើញដាឡែន បែរជាមានទឹកមុខស្រស់ថ្លាឡើងវិញ ធ្វើឱ្យអ្នករួមអាជីពមួយចំនួនចំអន់ថា នាងរីករាយដោយសារតែស្នាដៃប្រុសក្មេងនោះពូកែថ្នាក់ថ្នមនាងថែមទៀតផង។ ប៉ុន្តែដាឡែន នៅតែមានះថា នោះគ្រាន់តែជាមិត្ត-ភាពក្នុងសិល្បៈទៅវិញ។

យ៉ាងណា ទស្សនិកជនរង់ចាំមើលថា តើទំនាក់ទំនងឆ័យលី ដាឡែន និងលោករុន ណាកូ កាន់តែល្អូកល្អឺនគ្នាថែមទៀត ឬក៏ពួកគេប្រែជាបែរខ្នងដាក់គ្នាពេលដែលពួកគេមកដល់ស្រុកវិញនេះ?៕