Saturday, September 20, 2025
Homeតារាខ្មែរចាន់ សុបញ្ញា មិនភ្លេចគុណព្រះសង្ឃ ខណៈមហាជនមិនឃើញឪពុកម្តាយ

ចាន់ សុបញ្ញា មិនភ្លេចគុណព្រះសង្ឃ ខណៈមហាជនមិនឃើញឪពុកម្តាយ

ចាន់ សុបញ្ញា ទើបតែលើកពានកាលពីយប់មិញ ផ្អើលអស់ទាំងអ្នកនៅក្នុងនិងក្រៅសិល្បៈ ស្រាប់តែកាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកានេះ សុបញ្ញា ដែលត្រូវអ្នកលេងបណ្ដាញសង្គមហៅថា ”Idolតូចៗ” នោះ បានកាន់ពាន X Factor Cambodia រដូវកាលទី១នេះ ទៅជួបព្រះតេជគុណជឿន ផានិត ភ្លាមៗតែម្ដង ព្រោះថា ព្រះអង្គគឺជាអ្នកមានគុណរបស់គេដែលធ្លាប់ជួយផ្គត់ផ្គង់ទាំងថវិកា និងសម្លៀកបំពាក់ សាហ៊ុយ ឲ្យរូបគេធ្វើដំណើរមកប្រលងចម្រៀងពីកម្មវិធីមួយនេះ។

ប៉ុន្ដែអ្វីដែលមហាជននៅតែមានចម្ងល់នោះ គឺគេមិនអាចដឹងពីទំនាក់ទំនងរវាងសុបញ្ញា និងព្រះអង្គជឿន ផានិត នោះយ៉ាងណាទេ ខណៈដែលអ្នកយកព័ត៌មានយើងបានទូរស័ព្ទ និងឆាតទៅព្រះអង្គជាច្រើនលើកតាមហ្វេសប៊ុក តែមិនអាចទាក់ទង និងគ្មានការឆ្លើយតបពីព្រះតេជគុណឡើយ។

ដោយឡែក អ្នកលេងបណ្ដាញសង្គមមួយចំនួនបានលើកជាចម្ងល់ថា ចាន់ សុបញ្ញា ក្លាយជាម្ចាស់ពានពីកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក ហើយបានទទួលរង្វាន់ដល់ទៅ១០០លានរៀល (២៥០០០ដុល្លារ) បូកនិងប្រាក់រង្វាន់ផ្សេងៗទៀត សរុបខ្ទង់ជាង៣ម៉ឺនដុល្លារឯណោះ​បែរជាមិនទាន់ឃើញមានម្ចាស់ពានរូបនេះ​អបអរសាទរជាមួយឪពុកម្ដាយរបស់គេទៅវិញ​គឺហាក់ខុសពីម្ចាស់ពានដទៃទៀតដែលក្រុមហ៊ុនហង្សមាស​ធ្លាប់ប្រគល់ពានឲ្យ​ពេលខ្លះម្ដាយឪពុករំភើបរហូតយំឱបគ្នានៅលើឆាកក៏មានដែរ។

គួរបញ្ជាក់ថា ចាន់ សុបញ្ញា អាយុ១៤ឆ្នាំ មកពីខេត្តកំពង់ចាម បានក្លាយទៅជាម្ចាស់ពាន X Factor Cambodia រដូវកាលទី១ ក្រោយផ្តួលបេក្ខភាពសំ សុវណ្ណារ៉ាក់ និងចាន់ កូលីន នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី៣ ខែវិឆ្ឆិកា ហើយអ្វីដែលសុបញ្ញា កាន់តែរំភើបថែមទៀតនោះ គឺរូបគេទទួលពានមួយនេះដោយផ្ទាល់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែម្ដង ដែលធ្វើឲ្យអតីតក្មេងវត្តរូបនេះរំភើបរហូតដល់ស្រក់ទឹកភ្នែក។

យ៉ាងណា ទស្សនិកជនចាំមើលថា ក្រោយកាន់ពាននេះ ហើយចាន់ សុបញ្ញា នឹងអាចប្រជែងទីផ្សារចម្រៀងនៅហង្សមាស បានដែរឬអត់? ខណៈដែលម្ចាស់ពានមួយចំនួននៅហង្សមាស ចាប់ផ្ដើមស្ងប់ស្ងាត់កេរ្ដិ៍ឈ្មោះជាបណ្ដើរៗទៅហើយ៕

RELATED ARTICLES