Saturday, September 20, 2025
Homeតារាខ្មែរច្បាស់ការហើយ!!! សួស វីសា រៀបការថ្ងៃទី២៩ វិច្ឆិកា

ច្បាស់ការហើយ!!! សួស វីសា រៀបការថ្ងៃទី២៩ វិច្ឆិកា

តារាចម្រៀងហង្សមាស សួស វីសា នឹងដឹកដៃគូស្នេហ៍ថ្មីប្រុសក្មេងប៊ុនថុល ប៊ុនថង ហៅថមមី រៀបការនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះហើយ ដែលកម្មវិធីជប់លៀងធំរៀបចំនៅមជ្ឈមណ្ឌលដឺព្រេមៀរសិនធ័រ សែនសុខ ភ្នំពេញ។

មង្គលការរបស់សួស វីសា នេះ ធ្វើឡើងក្រោយពេលដែលនាងទើបធ្វើពិធីជប់លៀងការទិញបានរថយន្ត Lexus LX Kuro 2020 នឹងលាភាពនៅលីវកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអគារដឺព្រីន ជាន់ទី១៣ នៅក្បែរផ្សារអ៊ីអន ដោយមានតារារួមអាជីពមួយចំនួនទៅអបអរសាទរផងដែរ។

ដោយឡែក នៅពេលដែលថ្ងៃរៀបការកាន់តែខិតមកដល់នេះ វីសា បានប្រឹងបន្ទំស្បែកឱ្យសខ្ចីដើម្បីត្រៀមខ្លួនធ្វើជាកូនក្រមុំរបស់លោកថមមី ទើបគេមិនសូវឃើញនាងឡើងច្រៀងតាមឆាកតន្ត្រីតាមបណ្តាស្ថានីយទូរទស្សន៍ដូចមុនទៀតឡើយ។

គួររំលឹកថា សួស វីសា បានពិសោធន៍ស្នេហ៍ជាមួយតារាសម្តែងថមមី រយៈពេលជាង៥ឆ្នាំ ទើបពួកគេសម្រេចចិត្តភ្ជាប់ពាក្យកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នឹងកំណត់យកថ្ងៃរៀបការនៅចុងខែវិច្ឆិកា នេះ។

វីសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ការដែលនាងមិនអាចពន្យារពេលវេលារៀបការតទៅទៀតបាន ដោយសារតែឪពុកម្តាយទាំងសងខាងមានវ័យចាស់ៗអស់ទៅហើយ ទើបពួកគាត់ចង់ឃើញកូនៗរៀបការ ហេតុនេះហើយបានជានាងត្រូវតែបំពេញបំណងគាត់។

ប៉ុន្តែ វីសា ទទួលស្គាល់ថា សម្រាប់រូបនាងផ្ទាល់គឺអាចប្រឈមទីផ្សារចម្រៀងប្រែប្រួលក្រោយរៀបការនេះ គឺមិនដូចនៅលីវឡើយ ហេតុនេះហើយនាងពិតជាមានការព្រួយបាម្ភខ្លះៗដែរ ទើបត្រៀមខ្លួនងាកទៅបង្កើតមុខរបរក្រោយរៀបការហើយ ដោយរកស៊ីផ្នែកអចលនទ្រព្យនិងផ្នែក Cosmetic។

គួរកត់សម្គាល់ដែរថា មង្គលការបស់សួស វីសា នេះ គឺធ្វើនៅខែតែមួយជាមួយតារាដល់ទៅ២ដួងផ្សេងទៀតដែលពួកគេលាភាពនៅលីវនៅខែវិច្ឆិកា ឆ្នាំ២០១៩​នេះដែរ ក្នុងនោះពិធីការិនីប៉ុស្តិ៍អាស៊ីអាគ្នេយ៍ កញ្ញាកែវ សីហា រៀបការជាមួយលោកដុកទ័ររូបសង្ហានៅថ្ងៃទី២៧ វិច្ឆិកា ខណៈដែលអតីតប្តីភិន សុដាលីស លោកប៉ែន ចំរ៉ុង នឹងដឹកដៃនាងហ៊ុន ម៉ាណេ រៀបការនៅថ្ងៃទី២៨ វិច្ឆិកា ហើយពួកគេជ្រើសរើសយកទីតាំងធ្វើពិធីជប់លៀងនៅកន្លែងតែមួយទៀត។

ដោយឡែក សួស វីសា វិញ មុនសម្រេចចិត្តប្រគល់បេះដូងទៅឱ្យថមមី នាងបានផ្តាច់ពាក្យពីអតីតគូដណ្តឹងលោកមាស សាឡី កាលពី ឆ្នាំ២០១០ និងទាត់ចោលសំណើរស្នេហ៍ពីមន្ត្រីធំៗនិងថៅកែស្រីមួយ ចំនួនទៀតផង។

វីសា ក៏បញ្ចោញទ្រព្យឱ្យមនុស្សទាំងឡាយបានឃើញផងដែរ មុនពេលនាងលាភាពនៅលីវតាមរយៈការទិញផ្ទះវីឡាទ្រនំស្នេហ៍តម្លៃជាង២០ម៉ឺនដុល្លារនៅបុរីជីបម៉ុង (ផ្លូវជាសុផារ៉ា) និងទិញរថយន្ត ទំនើបដល់ទៅ៣គ្រឿងព្រមគ្នា គឺ Mazda, Lexus Nx200t និង Lexus Lx570 Kuro 2020 ដែលសរុបទាំងផ្ទះនិងរថយន្តរបស់អតីតអ្នកចម្រៀងផលិតកម្ម Rock រូបនេះត្រូវគេប្រមាណថា នាងមានទ្រព្យជាងកន្លះលានដុល្លារទៅហើយ៕

RELATED ARTICLES