តារាចម្រៀងឱក សុគន្ធកញ្ញា ត្រូវបានស្វាមីនាង លោកអ៊ឹង សុខលី នាំទៅពិនិត្យសុខភាពទារកក្នុងផ្ទៃនៅមន្ទីរពេទ្យមួយ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ខណៈដែលថ្ងៃសម្រាលកូនប្រុសរបស់នាងកាន់តែខិតកៀកមែនទែនទៅហើយ។

អ្វីដែលនារីទាំងឡាយច្រណែនសុគន្ធកញ្ញា ហើយសរសើរនាងថា ជាស្ត្រីមានសំណាងនោះ ដោយសារតែជិតដល់ថ្ងៃសម្រាលកូននេះ សុគន្ធកញ្ញា ត្រូវបានស្វាមីនាងកាន់តែយកចិត្តទុកដាក់ខ្លាំងឡើងៗ បើទោះជាលោកមមាញឹកលើការគ្រប់គ្រងកូនចៅក្រោមឱវាទរាប់រយនាក់យ៉ាងណាក៏ដោយ តែមិនភ្លេចនៅក្បែរកាយប្រពន្ធឡើយ។

ជាក់ស្តែងដូចជាថ្មីៗនេះ សុគន្ធកញ្ញា ត្អូញថា ពិបាករួយចង្កេះ ហើយស្វាមីនាងដឹងថា មានកន្លែងម៉ាស្សាស្ត្រីមានផ្ទៃពោះ ក៏ជូនភរិយាទៅភ្លាមតែម្តង ហេតុនេះហើយបានជាធ្វើឱ្យនាងមិនសរសើរស្វាមី គឺមិនបានឡើយ។

ឱក សុគន្ធកញ្ញា ថ្លែងសារថា “មកដល់កន្លែងមានក្តីសុខហើយ ទាំងជំនាញទាំងផាសុកភាព និងសុវត្ថិភាពអរគុណប៉ាប៉ា Charlie ដែលតែងតែគិតគូរដល់សុខភាពនិងក្តីសុខគ្រប់យ៉ាងរបស់ម៉ាមី និង Charlie។ ដឹងថា ម៉ាមីហត់នឿយ និងចុករោយពេញរាងកាយ ប៉ាប៉ាខំស្វែងរកវិធីណាអាចជួយម៉ាមី បាន”។

សុគន្ធកញ្ញា បន្តថា “គ្រាន់តែឮថា ការម៉ាស្សាពេលមានផ្ទៃពោះជួយឱ្យម៉ាមី មានអារម្មណ៍ល្អ បំបាត់ចុករោយ ជាពិសេសជួយដល់សុខភាពទារក ប៉ាប៉ានាំមកភ្លាម។ អរគុណគ្រប់យ៉ាងសម្រាប់ក្តីស្រលាញ់ ការយកចិត្តទុកដាក់និងមើលថែ”។
នេះមិនមែនជាលើកទី១ឡើយ ដែលឱក សុគន្ធកញ្ញា ត្រូវបានស្វាមីកាន់តែថ្នាក់ថ្នមកាយាពេលដែលនាងមានផ្ទែពោះកាន់តែធំជិតដល់ថ្ងៃសម្រាលនេះ។ កាលពីខែមុន កម្មវិធីសិក្ខាសាលាមួយនៅសណ្ឋាគារសូហ្វីតែល និងការសម្ពោធក្រុមហ៊ុននាឡិកាដៃមួយនៅក្បែរផ្សារឡាក់គី ក៏លោកសុខលី បណ្តើរសុគន្ធកញ្ញា ដោយបង្ហាញកាយវិការស្រលាញ់និងថ្នាក់ថ្នមភរិយានៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនផងដែរ។

ចំណុចនេះហើយដែលធ្វើឱ្យនារីៗមួយចំនួនបានសរសើរផងច្រណែនផង ដែលឱក សុគន្ធកញ្ញា បានប្តីប្អូនឧកញ៉ាហើយ ត្រូវស្វាមីពូកែយកចិត្តបែបនេះ។
ប៉ុន្តែក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ សុគន្ធកញ្ញា ហាក់ស្ទាក់ស្ទើរក្នុងចិត្តមិនទាន់កំណត់ការ ជ្រើសរើសមន្ទីរពេទ្យសម្រាប់ការសម្រាលឡើយ បើទោះជាមុននេះនាងបានទៅពិនិត្យផ្ទៃពោះជាញឹកញាប់នៅមន្ទីរពេទ្យឯប្រទេសថៃ និងសាំងហ្គាពួរ ក៏ដោយ។

ឱក សុគន្ធកញ្ញា ប្រាប់ថា “ខ្ញុំមិនទាន់ដឹងថា ត្រូវសម្រាលនៅក្នុងស្រុកឬក្រៅស្រុកទេ ចាំដល់កៀកថ្ងៃបន្តិចទើបដឹង។ យើងពោះធំ អ៊ីចឹង បើសម្រាលក្រៅស្រុកពិបាកជិះយន្តហោះណាស់ តែមិនទាន់ច្បាស់ទេ ចាំឱ្យជិតដល់ថ្ងៃខ្ញុំនឹងជូនដំណឹង។ ខ្ញុំសម្រាលនៅខែវិច្ឆិកា ឆ្នាំ២០១៩ ហ្នឹងហើយ”។

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ទើបធ្វើឱ្យពេលនេះនាងក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ហើយជាតារាមានឥទ្ធិពលម្នាក់នៅផលិតកម្មមួយនេះ។

ការត្រៀមសម្រាលកូនប្រុសនៅខែវិច្ឆិកា ដែលសុគន្ធកញ្ញា បានដាក់ឈ្មោះកូន ហៅក្រៅថា “ឆាលី” នេះ ធ្វើឱ្យសុគន្ធកញ្ញា បាត់ពីឆាក តន្ត្រីទាំងអស់នៅថ្ងៃពិធីបុណ្យអុំទូក ហើយនាងអាចបង្ហាញខ្លួនឡើងឆាកវិញនៅដើមឆ្នាំ២០២០ ខាងមុខនេះ៕