ចំណងស្នេហ៍២២ឆ្នាំ រវាងតារាចម្រៀងព្រាប សុវត្ថិ និងអ្នកនាងឡុង ស្រីមុំ កាន់តែធ្វើ ឱ្យគូស្នេហ៍យុវវ័យជាច្រើនច្រណែនប្តីប្រពន្ធ១គូនេះ ដោយសារតែទោះជាអ្នកទាំង២មានវ័យរាងជ្រេបន្តិចមែន ប៉ុន្តែពួកគេនៅតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដែលមើលទៅលើសគូស្នេហ៍ទើបរៀបការហើយថ្មោងថ្មីទៅទៀត។

អ្វីដែលកាន់តែធ្វើឱ្យគេចាប់អារម្មណ៍ថែមទៀត ព្រាប សុវត្ថិ ត្រូវបានប្រពន្ធស្រលាញ់រហូតចង់លាក់ទុកក្នុងពោះ ដើម្បីកុំឱ្យនារីណាបាននែបនិត្យស្វាមីកំពូលស្នេហារបស់នាងទៀតផង។

អ្នកស្រីឡុង ស្រីមុំ ថ្លែងសារថា “អូនស្រលាញ់បងណាស់ម្ចាស់បេះដូង ស្នាមញញឹមរបស់បងគ្មានថ្ងៃប្រែប្រួលពិតប្រាកដមែន”។
ភ្ជាប់ជាមួយសារស្នេហាដ៏មានអត្ថន័យនេះ អ្នកនាងស្រីមុំ ក៏បានអមដោយរូបថតនាងឱបស្វាមី ព្រាប សុវត្ថិ នៅមុខប្រាសាទអង្គរវត្ត កាលពីជាង១០ឆ្នាំមុនផងដែរ។

គួរបញ្ជាក់ថា តារាចម្រៀងព្រាប សុវត្ថិ បានដឹកដៃអ្នកនាងឡុង ស្រីមុំ រៀបការកាលពីឆ្នាំ១៩៩៧ ហើយនៅថ្ងៃរៀបការ អ្នកនាងស្រីមុំ បានច្រៀងបទ “ស្រលាញ់បងដល់ឆ្អឹង” នៅចំពោះមុខ ព្រាប សុវត្ថិ ទៀតផង។

ចំណងស្នេហ៍ព្រាប សុវត្ថិ និងភរិយាជាង២ទសវត្សន៍នេះ ពួកគេទទួលបានចំណងដៃកូនប្រុស៣នាក់ ដែលមានវ័យពេញកំលោះអស់ទៅហើយ គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ។

ប៉ុន្តែព្រាប សុវត្ថិ និងភរិយា ហាក់គ្មានគម្រោងចង់តាមយកកូនស្រីទៀតនោះ ទេ ព្រោះនៅចំពោះមុខអ្នកកាសែត ព្រាប សុវត្ថិ បានហៅកូនប្រុសទី៣ របស់លោកសុវត្ថិ សិរីវុឌ្ឍ ថា ជាកូនពៅៗទៅហើយ។

ព្រាប សុវត្ថិ បានឈរជើងនៅផលិតកម្មរស្មីហង្សមាស ជាង២០ឆ្នាំមកហើយ ដែលរហូតមកដល់ឆ្នាំ២០១៩ នេះ តារាជើងចាស់ រូបនេះនៅតែមិនទាន់មានតារាណាអាចផ្តួលបានឡើយ បើទោះជាហង្សមាស យកខេមរៈ សិរីមន្ត មករួមទ្រនំ ហើយជ្រើសតារាចម្រៀងថ្មីលើកពានមកព្រោងព្រាតក្តី។

អ្នកជំនាញសិល្បៈ លោកនូ ស៊ឹប និងលោកសេង សំអាន ធ្លាប់និយាយស្រដៀងគ្នាថា ព្រាប សុវត្ថិ អាចល្បីបានច្រើនឆ្នាំទៀត ព្រោះសំឡេងមិនទាន់ធ្លាក់ចុះទេ គិតត្រឹមចុងឆ្នាំ២០១៩នេះ៕