Saturday, September 20, 2025
Homeតារាខ្មែរប៉ែន ចំរ៉ុង ថា មិនដែលប៉ងប្រាថ្នាប្រពន្ធអ្នកមាន

ប៉ែន ចំរ៉ុង ថា មិនដែលប៉ងប្រាថ្នាប្រពន្ធអ្នកមាន

ពិធីករនិងជាតារាសម្តែង លោកប៉ែន ចំរ៉ុង បានអះអាងថា តាំងពីដើមមកលោកមិនដែលមានក្តីប្រាថ្នាថាចង់បានកូនអ្នកមានទ្រព្យមកធ្វើជាប្រពន្ធម្តងណាឡើយ។

ការថ្លែងបែបនេះរបស់ចំរ៉ុង ក្រោយពេលដែលអតីតគូស្នេហ៍ ភិន សុដាលីស រូបនេះ ត្រូវដឹកដៃគូស្នេហ៍ថ្មី កញ្ញាហ៊ុន ម៉ាណេ ក្រាបផ្ទឹមនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះហើយ…។

ប៉ែន ចំរ៉ុង ជាបុរសសង្ហានិងពូកែវោហារសព្ទម្នាក់នោះប្រាកដជាមានស្រីៗមួយចំនួនបាក់ចិត្ត លង់ស្រលាញ់តារាសម្តែងនិងពិធីកររូបនេះជាច្រើននាក់ជាមិនខាន ពិសេសគឺកូនអ្នកមាននិងកូនអ្នកធំៗ។

ប៉ុន្តែពេលនេះ ចំរ៉ុង សម្រេចចិត្តនឹងលាភាពនៅលីវនៅត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះហើយ ដោយរៀបការជាមួយអ្នកនាងហ៊ុន ម៉ាណេ ដែលជាអ្នកមានជីវភាពមធ្យម និងមិនមែនជាកូនរបស់អ្នកធំណាម្នាក់ឡើយ…។

ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ ប៉ែន ចំរ៉ុង បានឱ្យដឹងថា តាំងពីលោកពេញវ័យមកមិនដែលមានចិត្តថា ចង់បានប្រពន្ធជាកូនអ្នកមានទ្រព្យម្តងណាឡើយ គឺក្នុងចិត្តមានបំណងតែម៉្យាងគត់ គឺចង់បាននារីម្នាក់ដែលអាចរស់នៅជាមួយគ្នាបានយូរអង្វែង គឺគ្រប់គ្រាន់ហើយសម្រាប់លោក។

ចំរ៉ុង ថ្លែងថា “អត់ទេបង ខ្ញុំមិនដែលគិតថា ចង់បានប្រពន្ធកូនអ្នកមាន កូនអ្នកធំអី អត់ដែលគិតទាល់តែសោះ។ បំណងរបស់ខ្ញុំគឺមានតែម៉្យាងគត់ គឺចង់បាននារីម្នាក់ដែលយើងគិតថា គាត់អាចរស់នៅជាមួយយើងបានយូរអង្វែង គឺនេះជាបំណងសម្រាប់ខ្ញុំ”។

ចំប៉ុង បន្តថា “ចំពោះមូលហេតុដែលខ្ញុំសម្រេចចិត្តរៀបការជាមួយគាត់ (ម៉ាណេ) ដោយសារតែចំណុចនេះឯង ខ្ញុំយល់ថាគាត់នឹងរស់នៅជាមួយខ្ញុំបានយូរដោយសារយើងបានស្គាល់គ្នាយូរដែរហើយ។ ខ្ញុំគិតថា ការងារសិល្បៈខ្ញុំមានច្រើនដែរ គឺកាន់កម្មវិធីដល់ទៅ៥ទៅ៦ ហើយខ្ញុំច្រៀងភ្លេងការ កាត់សក់អីក៏បានដែរ អ៊ីចឹងខ្ញុំអាចបង្កើតគ្រួសារមួយដោយខ្លួនឯងដោយមិនបាច់ទាល់តែយកប្រពន្ធជាកូនអ្នកមាននោះទេ”។

ប៉ែន ចំរ៉ុង ធ្លាប់បង្កាត់ភ្លើងស្នេហ៍ជាមួយកូនថៅកែផលិតកម្មមហាហង្ស ភិន សុដាលីស ប៉ុន្តែត្រូវចែកផ្លូវគ្នាទាំងចម្រូងចម្រាសទៅវិញ ខណៈដែលដាលីស សម្រាលបានកូនស្រីម្នាក់ដែលជាតំណក់ឈាមរបស់ប៉ែន ចំរ៉ុង ឈ្មោះ Katherina ដែលពេលនេះមានវ័យជាង២ឆ្នាំទៅហើយ ប៉ុន្តែដាលីស មិនអនុញ្ញាតឱ្យចំរ៉ុង ជួបមុខកូនស្រីជាដាច់ខាត។

ចំរ៉ុង ក៏ត្រូវបានមនុស្សមួយចំនួនរិះគន់ថា គ្រាន់តែចែកផ្លូវជាមួយសុដាលីស មិនបានប៉ុន្មានផង ឥឡូវក៏រៀបការប្រពន្ធថ្មីទៅហើយ ខណៈដែលអ្នកខ្លះទៀតថា អតីតស្វាមីកូនស្រីថៅកែមហាហង្ស រូបនេះ ទើបតែស្ងាត់ការរិះគន់ហើយទើបឡើងមុខឡើងវិញថ្មីៗនេះទេ ប៉ុន្តែពេលនេះបានរៀបការប្រពន្ធថ្មីដោយមិនខ្លាចធ្លាក់កូដឡើយ។

RELATED ARTICLES