Saturday, September 20, 2025
Homeតារាខ្មែរព្រះកាយច័ន្ទ ពេញចិត្តលេងជាមួយលោកសន ពិសិដ្ឋ ទោះជាមានឈុតស្រើបស្រាល

ព្រះកាយច័ន្ទ ពេញចិត្តលេងជាមួយលោកសន ពិសិដ្ឋ ទោះជាមានឈុតស្រើបស្រាល

ព្រះកាយច័ន្ទ ឆក់បានតំណែងតួឯករឿង “សម្បថដងស្ទឹង” ដែលប៉ះជាមួយប្រុសរូបសង្ហា សន ពិសិដ្ឋ ហើយក្នុងរឿងនោះស្រីស្រស់ថា មានឈុតស្នេហាជាមួយលោកពិសិដ្ឋ ច្រើនណាស់ ប៉ុន្តែនាងមិនរាថយជាដាច់ខាត គឺពេញចិត្តចាប់ដៃជាមួយបុរសសាច់ដុំធំៗនេះលេងឱ្យទស្សនិកជនបានជក់ចិត្ត។

ព្រះកាយច័ន្ទ វាចាថា “នេះជាលើកទី១ ដែលខ្ញុំប៉ះគ្នាជាមួយលោកពិសិដ្ឋ ព្រោះអត់ដែលជួបគ្នាសោះ សូម្បីក្រៅឆាក។ ប៉ុន្តែខ្ញុំពេញចិត្តលេងជាមួយគាត់ ហើយតាមដឹងមានឈុតស្នេហាច្រើនណាស់ដែលពួកយើងត្រូវសម្តែងរួមគ្នា មានទាំងឈុតខ្លះស្រើបស្រាលខ្លាំងៗដែរ”។

ព្រះកាយច័ន្ទ បន្តថា ”ខ្ញុំគិតថា ខ្ញុំនិងគាត់អាចចាប់ដៃគ្នាធ្វើឱ្យបានល្អសម្រាប់រឿងមួយនេះ។ នេះជារឿងទី៤ហើយដែលខ្ញុំសម្តែងឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥ មានដូចជារឿង “អ្នកណាសម្រក់ទឹកភ្នែកដើម្បីអូន ?”, “ទណ្ឌកម្មស្នេហ៍”, “ពិសស្នេហ៍” និងរឿង “សម្បថដងស្ទឹង” នេះ។

ដោយឡែក លោកសន ពិសិដ្ឋ ដែលពីមុនធ្លាប់ធ្វើជាទីផ្សារនៅក្រុមហ៊ុនមួយ និងធ្លាប់បម្រើការជាមេការនៅរោងចក្រផងដែរ ពេលនេះបោះបង់អាជីពចាស់មកចាប់អាជីពសម្តែងបានអះអាងថា លោកមានអារម្មណ៍ភ័យអរៗពេលដែលបានជួបស្រីស្អាតព្រះកាយច័ន្ទ ជាលើកដំបូងនេះ តែលោកពេញចិត្តសម្តែងជាមួយនាងណាស់។

លោកពិសិដ្ឋ ថ្លែងថា ក្នុងរឿង “សម្បថដងស្ទឹង” នេះ ខ្ញុំស្រលាញ់តួស្រីព្រះកាយច័ន្ទ ឡើងស្រក់ទឹកភ្នែកតែម្តង ព្រោះគាត់ស្អាតពេក។ នេះជារឿងទី៤ផងដែរសម្រាប់ខ្ញុំដែលបានថតភាពយន្តឱ្យប៉ុស្តិ៍លេខ៥ ក្នុងនោះមានរឿង “នេះឬជីវិត ?”, “ចៅធុងចៅសាញ់”,  “មិត្តឫស្សា”។ ប៉ុន្តែរឿងដែលខ្ញុំ បានថតជាតួឯក គឺមានតែរឿង “ចៅធុងចៅសាញ់” និងរឿង “សម្បថដងស្ទឹង”។

ក្រៅពីព្រះកាយច័ន្ទ និងលោកសន ពិសិដ្ឋ រឿង “សម្បថដងស្ទឹង” មានការចូលរួមសម្តែងពីតារាល្បីៗជាច្រើនដួងទៀត មានដូចជា ដាឡែន, អារិយ៉ា, ណេង, លោក ខេន, វីរៈថន, ឧត្តម, សុភ័ក្រ, បូរ៉ា និងលោករិទ្ធី ជាដើម។

លោកស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យរឿងភាគទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឱ្យដឹងថា រឿងនេះជារឿងបុរាណរបស់ថៃ ដែលប៉ុស្តិ៍លេខ៥ យកមកកែច្នៃទៅជារឿងសម័យបែបស្រុកស្រែ។

លោកបន្តថា រឿង “សម្បថដងស្ទឹង”  មាន៣០ភាគ ហើយនឹងចេញថតនៅថ្ងៃទី១៤ ខែវិច្ឆិកា ប្រើពេល៣ខែ ដែលទីតាំងភាគច្រើនគឺនៅក្រៅក្រុងតាមទីជនបទ ហើយផ្ទៃរឿងទាំងមូលមានការអប់រំទៅលើការតស៊ូរបស់យុវជន។

លោកសុផាត បន្ថែមថា នេះជារឿងខ្មែរទី២៣ ហើយដែលប៉ុស្តិ៍លេខ៥ បានផលិតឡើង ហើយយើងមានគោលការណ៍ផលិតរឿងយ៉ាងហោចណាស់ឱ្យបាន៤ទៅ៥រឿងដែរ ក្នុង១ឆ្នាំៗ៕

RELATED ARTICLES