Saturday, September 20, 2025
Homeតារាខ្មែរឌួង ហ្សូរីដា ពង្រឹងក្រុម Cambodia Super Model ឡើងវិញ

ឌួង ហ្សូរីដា ពង្រឹងក្រុម Cambodia Super Model ឡើងវិញ

ក្រុមបង្ហាញម៉ូដ Cambodia Super Model ដែលដឹកនាំដោយឌួង ហ្សូរីដា បានផ្អាកសកម្មភាពជាយូរខែមកហើយ ដោយហ្សូរីដា ធ្លាប់អះអាងថា សមាជិកនីមួយៗមានភារកិច្ចរវល់រៀងៗខ្លួន។

ប៉ុន្តែកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមបង្ហាញម៉ូដដែលមានសមាជិកប្រជុំទៅដោយតារាល្បីៗនេះបានលេចមកវិញក្នុងកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនឆ្នើម ដែលរៀបចំនៅផ្សារអ៊ីអន សែនសុខ រាជធានីភ្នំពេញ។

ចន ច័ន្ទលក្ខិណា, កែវ ពេជ្រពិសី, លី ម៉ារីណា, នៅ សុនិតា, សុផា លីនដា, អ៊ឹង និមល និងសមាជិកថ្មី ស្រីស្អាតហេង ចាន់ថា និងឌី លីកា ជាដើម បានលេចមុខមកវិញនៅវេទិកានោះ ដោយពួកគេផ្សព្វផ្សាយពីផលិតផលហាងមុទិតា ដែលដឹកនាំផ្ទាល់ដោយហ្សូរីដា។

ក្រុម CSM ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារតែសមាជិករបស់ពួកគេសុទ្ធសឹងជាតារាល្បីៗដែលត្រូវមហាជនគាំទ្រ ទើបធ្វើឱ្យផ្អើលផ្សារទំនើបអ៊ីអនតែម្តង នៅពេលដែលពួកគេបង្ហាញមុខរួមគ្នាបែបនេះ ព្រោះថាម្នាក់ៗសុទ្ធតែមហាញឹកការងារសិល្បៈរៀងៗខ្លួន ហេតុនេះ ហើយមិនសូវមានពេលជួបជុំបែបនេះឡើយ ដូចជា កែវ ពេជ្រពិសី វិញ បានបាត់មុខពីសិល្បៈជាច្រើនឆ្នាំ ចំណែក នៅ សុនិតា ទើបវិលពីសម្រាលកូន, លី ម៉ារីណា វិញមមាញឹករកស៊ី ខណៈដែលអ្នកនាងចន ច័ន្ទលក្ខិណា តាំងពីឡើងជាប្រធានសមាគមសិល្បករខ្មែរមក អ្នកនាងមិនសូវមានពេលទៅបង្ហាញម៉ូដឡើយ។

ពិធីការិនីឌួង ហ្សូរីដា អះអាងថា ក្រុមបង្ហាញម៉ូដរបស់នាងនៅតែបន្តធ្វើសកម្មភាពដូចមុនដដែល គឺមិនបានរំសាយក្រុមនោះទេ។ មួយរយៈមុននេះ CSM មិនសូវមានសកម្មភាពដោយសារតែសមាជិកជាតារាល្បីៗ មានរវល់រៀងៗខ្លួន អ៊ីចឹងហើយបានជាមិនសូវបានជួបជុំគ្នា ប៉ុន្តែនៅពេលដែលមានកម្មវិធីតម្រូវឱ្យជួបជុំគ្នា គឺពួកគេនៅតែអាចបង្ហាញមុខរួមគ្នាដូចជាពេលថ្មីៗនេះ។

ហ្សូរីដា ថា នាងរីករាយនៅពេលដែលឃើញ ពិសី, ម៉ារីណា, លក្ខិណា, សុនិតា, លីនដា និងសមាជិកដទៃទៀតលេចមុខរួមគ្នានៅពេលនេះ ហើយទស្សនិកជនពិតជាមានការចាប់អារម្មណ៍ច្រើនមែន ព្រោះសុទ្ធតែតារាល្បីៗដែលពួកគេគាំទ្រ។

ក្រៅពីសប្បាយចិត្តព្រោះឃើញក្រុម CSM មានសកម្មភាពឡើងវិញនោះ ឌួង ហ្សូរីដា កាន់តែរំភើបថែមទៀតនៅពេលដែលនាងទទួលបានពានរង្វាន់ The Top 20 Asean Successful Ceo Award 2019 ដែលប្រគល់ជូនដោយលោកជំទាវបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលតំណាងឱ្យឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងវិទិការប្រគល់ពានរង្វាន់សហគ្រិនឆ្នើមអាស៊ាន CEO ធំជាងគេបំផុតដល់ ម្ចាស់ហាងកែសម្ផស្ស ដែលរៀបចំដោយក្រុមហ៊ុន Luxury Smile ។

ពិធីការិនីហ្សូរីដា ប្រាប់ថា ការដែលនាងទទួលបានពានរង្វាន់មួយនេះ ដោយសារតែក្រុមហ៊ុនរបស់នាង Mudhita Trading Co. Ltd មានការចុះបញ្ជីត្រឹមត្រូវដែលមានការទទួលស្គាល់ដោយក្រសួងសុខាភិបាលនិងក្រសួងពាណិជ្ជកម្ម ហើយផលិតផលរបស់នាង គឺមិនប៉ះពាល់ដល់សុខភាពឡើយ។ នាងថា ការបានពានមួយនេះធ្វើឱ្យផលិតផលរបស់នាងកាន់តែមានអតិថិជនគាំទ្រច្រើនថែមទៀត។

ដោយឡែក ទាក់ទងការដឹកនាំក្រុមបង្ហាញម៉ូដ CSM វិញត្រូវបានឌួង ហ្សូរីដា អះអាងថា នៅតែបន្តទៅមុខទៀត ព្រោះទោះជារវល់រកស៊ីយ៉ាងណា ក៏នាងនៅតែស្រលាញ់ការងារសិល្បៈ និងចង់ពង្រឹងក្រុមបង្ហាញម៉ូដ មួយនេះឱ្យបានរឹងមាំថែមទៀតដែរ៕

RELATED ARTICLES