ពិធីការិនីជើងចាស់ អ្នកនាងគង់ សុជាតិ ត្រូវបានស្វាមីនាង លោកជា វិបុល ឱបថើបនៅចំពោះមុខភ្ញៀវជាច្រើននាក់នៅពេលដែលប្តីប្រពន្ធតារា១គូនេះប្រារឰពិធីគម្រប់ខួបអាពាហ៍ពិពាហ៍គម្រប់៦ឆ្នាំ កាលពីរាត្រីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ភ្ញៀវដែលចូលរួមកម្មវិធីនោះមានតែអ្នកជិតដិតបំផុតប៉ុណ្ណោះ ខណៈដែលអ្នកជិតស្និទ្ធបានអបអរសារទរផង ច្រណែនផង នៅពេលដែលឃើញសុជាតិ និងស្វាមីបង្ហាញភាពផ្អែមល្ហែមឱបរឹតគ្នាលើសគូស្នេហ៍យុវវ័យទៅទៀត។

ដោយឡែក ភ្ញៀវខ្លះទៀតបានជំរុញឱ្យសុជាតិ ឆាប់យកកូនភ្លោះប្រុសថែមទៀតតាមសំណើរបស់ស្វាមីដែលធ្លាប់រំអុកចង់បាន ប៉ុន្តែសុជាតិ ថា នាងមិនទាន់សម្រេចចិត្តរឿងនេះដោយតក់ក្រហល់បានឡើយ គឺត្រូវតែមានការពិភាក្សាជាមួយគ្រូពេទ្យជំនាញឱ្យបានច្បាស់លាស់សិន ទើបឆ្លើយបាន។

គួររបញ្ជាក់ថា គង់ សុជាតិ បានចែកផ្លូវគ្នាជាមួយស្វាមី លោកម៉ៅ សាលភាព ដោយបន្សល់ចំណងដៃកូនស្រី២នាក់នៅក្នុងបន្ទុករបស់នាងជាអ្នកទំនុកបម្រុង។

ពិធីការិនីជើងចាស់ គង់ សុជាតិ បានដឹកដៃលោកជា វិបុល រៀបការកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយពេលនេះពួកគេទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង២ឆ្នាំ។

ជាញឹកញាប់ សុជាតិ តែងតែដឹកដៃស្វាមីទៅដើរលេងក្រៅស្រុកដើម្បីរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំ បើទោះជាអ្នកទាំងពីរមានការរវល់ការងារសិល្បៈយ៉ាងណាក៏ដោយ។

អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ តាំងពីសុជាតិ រៀបការជាមួយលោកវិបុល មក អ្នកទាំងពីរមិនត្រឹមតែមិនធ្លាក់ចុះការងារសិល្បៈដូចប្តីប្រពន្ធតារាមួយចំនួននោះទេ ប៉ុន្តែថែមទាំងកាន់តែត្រូវប៉ាន់ជាងមុនទៀតផង ព្រោះកម្មវិធីមួយចំនួនគេតម្រូវជ្រើសយកទាំងប្តីប្រពន្ធនេះតែម្តង ទើបធ្វើឱ្យគូស្នេហ៍តារាល្បី១គូនេះកាន់តែត្រូវប៉ាន់ជាងមុនទៅទៀត។

ទោះជាយ៉ាងណា គម្រោងយកកូនថែមនោះ សុជាតិ ធ្លាប់ប្រាប់ថា បើសិនជាគ្រូពេទ្យថា វ័យរបស់នាងមិនអាចយកកូនបានថែមទៀតនោះ ស្វាមីរបស់នាងក៏មិនខឹងដែរ ហើយបើពេទ្យថា អាចយកកូនភ្លោះបានអ្នកនាងនឹងបំពេញតាមបំណងប្តីភ្លាមតែម្តង ដោយមិនខ្លាចពពោះបាត់បង់ប្រាក់ចំណូលពីសិល្បៈឡើយ៕
