Saturday, September 20, 2025
Homeតារាខ្មែររ៉ាប៊ី ថា ឲ្យ១០០០ដុល្លារភ្លាម ឲ្យតែអ្នកណាថតបានរូបនាងចូលក្លឹបផឹកស្រា

រ៉ាប៊ី ថា ឲ្យ១០០០ដុល្លារភ្លាម ឲ្យតែអ្នកណាថតបានរូបនាងចូលក្លឹបផឹកស្រា

តារាលេងក្បាច់រាំ ផាន វីរ៉ាទី ហៅរ៉ាប៊ី បានអះអាងថា ទោះជានាងចូលចិត្តតែងខ្លួនប្លែកៗហើយស្នេហាតែប្រុសក្មេង និងជិះឡានបែបស្ទាវមែន ប៉ុន្តែបើនិយាយរឿងដើរលេងដាច់យប់ព្រលប់ចូលក្លឹបផឹកស៊ីអី គឺអត់ដែលសោះតែម្តង លើកលែងតែកម្មវិធីនោះមានគេហៅទៅច្រៀង បានឃើញមុខនាង។

ស្រីស្អាតដែលពូកែរាំធ្វើឱ្យប្រុសៗក្នាញ់រូបនេះ វាចាថា “បើអ្នកកាសែតប្រម៉ាញ់បានរូបខ្ញុំចូលក្លឹប ផឹកស្រាអី បានតែ១ប៉ុស្តិ៍ ខ្ញុំឱ្យ១០០០ដុល្លារភ្លាម។ ខ្ញុំច្បាស់ខ្លួនឯងថា មិនដែលចូលក្លឹបផឹកស្រា ហើយក៏មិនដែលដាច់យប់អីដែរ”។

រ៉ាប៊ី បន្តថា “ខ្ញុំទៅក្លឹបតែពេលគេហៅទៅច្រៀងសម្តែងអីទេ បើសុខៗឱ្យចូលក្លឹបអី ខ្ញុំគ្មានទម្លាប់បែបហ្នឹងទេ។ អ្នកខ្លះឃើញយើងតែងខ្លួនបែបស្ទាវអ៊ីចឹង ថាខ្ញុំហ្នឹងចូលចិត្តដើរលេងដាច់យប់អី ច្រឡំធំហើយចា៎”។

យ៉ាងណា នាងរ៉ាប៊ី ទទួលស្គាល់ថា នាងពិតជាស្រលាញ់តែប្រុសក្មេងៗមែន បើប្រុសវ័យចំណាស់វិញ នាងថា ទោះជាមានទ្រព្យយ៉ាងណាក៏នាងមិនបេតីដែរ ព្រោះការបណ្តើរប្រុសក្មេង ទើបអាចបង្ហាញភាពផ្អែមល្ហែមកើត បើប្រុសចំណាស់វិញ ធ្វើអីចឹងមិនកើតទេ។

រ៉ាប៊ី ថា មានប្រុសតាមស្នេហាច្រើន ប៉ុន្តែបុរសដែលនាងស្វែងរកនោះគឺប្រៀបបានរកម្ជុលក្នុងបាទសមុទ្រអ៊ីចឹង ព្រោះពិបាកជួបខ្លាំងណាស់ ដោយសារតែនាងត្រូវការតែប្រុសស្មោះស្នេហ៍ ហើយសម័យនេះ គឺពិបាកបន្តិចហើយ។

ផាន វីរ៉ាទី ជាតារាចម្រៀងផ្នែកយុវវ័យរបស់ផលិតកម្មថោន ដែលបទចម្រៀងញាក់របស់នាងចេញមកស្ទើរតែល្បីគ្រប់បទ ដូចជា បទ “មាន់ស្រែ”,“ម៉ែជេរ”,  “លុយ លុយ លុយ” និងបទ “កាយ” ជាដើម។

រ៉ាប៊ី បានឱ្យដឹងថា សម្រាប់បុណ្យអុំទូកឆ្នាំនេះ នាងជាប់ច្រៀងទាំង៣ថ្ងៃតែម្តង ហើយមានថ្ងៃខ្លះនាងច្រៀង១ថ្ងៃដល់ទៅ៣កម្មវិធីក៏មាន គឺហត់ស្ទើរតែលៀនអណ្តាតទៅហើយ ប៉ុន្តែធ្វើម៉េចដើម្បីលុយ គឺត្រូវតែរត់ខ្វែងដៃខ្វែងជើងអ៊ីចឹងហើយ។

អតីតពិធីការិនីហង្សមាស ផាន វីរ៉ាទី ហៅរ៉ាប៊ី នៅតែអះអាងថា នាងគ្មានប្រុសណាចិញ្ចឹមទេ ហើយពេលនេះការមានផ្ទះនៅនិងរថយន្តជិះ គឺជាលុយបានមកពីញើសឈាមសិល្បៈសុទ្ធសាធដែលតាំងពីនាងក្លាយជាតារាចម្រៀងអាជីពមកអាចរកប្រាក់ចំណូលបានយ៉ាងហោចណាស់ក្នុង១ខែៗ ១ម៉ឺនដុល្លារដែរ ក្រោយពីផាត់ការចំណាយផ្សេងៗទាំងឡាយ៕

RELATED ARTICLES