Saturday, September 20, 2025
Homeតារាខ្មែរដេវីត ដឹកដៃទេព បូព្រឹក្ស ចូលរោងការឆាប់ៗនេះហើយ

ដេវីត ដឹកដៃទេព បូព្រឹក្ស ចូលរោងការឆាប់ៗនេះហើយ

សង្សាររបស់ទេព បូព្រឹក្ស គឺងួន ចាន់ដេវីត បានចេញមកអះអាងថា អាពាហ៍ពិពាហ៍របស់លោកនិងគូស្នេហ៍ នឹងប្រព្រឹត្តទៅនៅពេលឆាប់ៗខាងមុខនេះហើយ យ៉ាងយូរបំផុតគឺមិនឱ្យលើសពី១ទៅ២ឆ្នាំទៀតឡើយ។

ការថ្លែងបែបនេះរបស់អតីតតារាចម្រៀងផលិតកម្មហង្សមាស ដើម្បីតបទៅនឹងដំណឹងមួយចំនួនថា បូព្រឹក្ស និងដេវីត គ្មានគម្រោងរៀបការពិតទេ ព្រោះជាស្នេហា “ក្លែងក្លាយ” ដោយសារតែបូព្រឹក្ស មានគូស្នេហ៍ជាមន្ត្រីធំនៅក្រោយខ្នង។

ក្នុងជំនួបកាលពីពេលថ្មីៗនេះ ងួន ចាន់ដេវីត បានថ្លែងថា “ខ្ញុំនឹងរៀបការជាមួយគាត់ (បូព្រឹក្ស) យ៉ាងយូរ១ទៅ២ឆ្នាំទៀត។ ការដែលខ្ញុំសម្រេចចិត្តពន្យារពេលរៀបការបែបនេះ ដោយសារតែរង់ចាំ ពេលវេលាសមស្របមួយសិន ព្រោះឥឡូវខ្ញុំនិងគាត់សុទ្ធតែរវល់ច្រើនដូចគ្នា”។

ថ្វីត្បិតតែសង្សាររបស់ទេព បូព្រឹក្ស វាចាបែបនេះក្តី ប៉ុន្តែដរាបណាពួកគេមិនទាន់កំណត់ថ្ងៃរៀបការជាក់លាក់ទេ ចំណងស្នេហាតារា១គូនេះនៅតែប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ ព្រោះថា កន្លងមកពួកគេក៏ធ្លាប់មានភាពរកាំរកូសជាមួយគ្នាដែរ។

ប៉ុន្តែមហាជនមួយចំនួនទៀតបានលើកឡើងថា បូព្រឹក្ស និងដេវីត មិនហ៊ានរៀបការពេលនេះ ព្រោះ ពួកគេខ្លាចប្រឈមការធ្លាក់កូដហៅលែងឮ ដោយសារតែពេលនេះ បូព្រឹក្ស មានទីផ្សារចម្រៀងប្រែប្រួល តាំងពីតារាចម្រៀងថោន កញ្ញារ៉ាប៊ី ចេញមក ខណៈដែលដេវីត វិញចុះខ្សោយជាងមុន ក្រោយពីកូនប្រុសទាំង៣របស់ព្រាប សុវត្ថិ ចូលហង្សមាស។

ងួន ចាន់ដេវីត បន្ថែមថា “ខ្ញុំមិនមានការបារម្ភទៅលើរឿងខ្លាចរៀបការ ហើយលែងមានអ្នកគាំទ្រហ្នឹងទេ ព្រោះអីរឿងខ្ញុំជាមួយគាត់ (បូព្រឹក្ស) អ្នកណាក៏ដឹងដែរ អ៊ីចឹងដូចជាមិនអីទេ។ ខ្ញុំមិនទាន់រៀបការពេលឆាប់ៗនេះ បានដោយសារតែយើងចាំឱ្យពេលវេលាសមរម្យណាមួយដែលអាចធ្វើបានសិន”។

ទេព បូព្រឹក្ស-ងួន ចាន់ដេវីត បានដឹកដៃគ្នាទៅថតរូប Pre-Wedding នៅកោះម៉ាល់ឌីវ ដោយពួកគេ ថែមទាំងតែងខ្លួនជាមច្ឆាឱបគ្នាយ៉ាងមានសេចក្តីសុខនៅលើកោះទៀតផង។

ប៉ុន្តែក្រោយមកបែរស្ងាត់រឿងរៀបការទៅវិញ ខណៈដែលបូព្រឹក្ស នៅតែមិនទាន់បាត់ដំណឹងស្នេហ៍មន្ត្រីធំម្នាក់នៅឡើយ បើទោះជានាងមិនដែលបណ្តើរអតីតប្តីពិធីករល្បីឈ្មោះម្នាក់នោះសោះក៏ដោយ ប៉ុន្តែតាមព័ត៌មានថា លោកធំនោះនៅតែស្រលាញ់ស្រីស្រស់ពូកែលេងក្បាច់រាំនោះដដែល ដោយមិនគិតថា ពេលនេះ បុរសដែលនៅក្បែរកាយានាងទាំងយប់ថ្ងៃ គឺជាងួន ចាន់ដេវីត ឡើយ។

ប៉ុន្តែដំណឹងស្នេហាដ៏ចម្រូងចម្រាសទាំងនេះរបស់ទេព បូព្រឹក្ស នឹងរលត់ទៅវិញជាមិនខាន ប្រសិនបើនាងពិតជាហ៊ានរៀបការជាចំហជាមួយដេវីត នៅពេលខាងមុខនេះ ដូចការអះអាងរបស់អតីតតារាចម្រៀងហង្សមាសនេះ។

ទេព បូព្រឹក្ស មានទីផ្សារចម្រៀងប្រែប្រួលនៅពេលដែលរ៉ាប៊ី របស់ផលិតកម្មថោន ចេញមកច្បាំងដណ្តើមទីផ្សារចម្រៀងផ្នែកយុវវ័យ ខណៈដែលយូរី ក៏មិនបន្ធូរដៃឱ្យបូព្រឹក្ស ឡើយ។

តាមព័ត៌មានចុងក្រោយ បានឱ្យដឹងថា ទេព បូព្រឹក្ស បានចេញពីផលិតកម្មរស្មីហង្សមាស ទៅហើយ ដោយងាកទៅច្រៀងឱ្យក្រុមហ៊ុនស្មាតជាមួយគូស្នេហ៍វិញ។ ការហើរចេញពីហង្សមាស របស់បូព្រឹក្ស នៅពេលនេះ ក្រោយពេលការមកដល់ហង្សមាស ជាលើកទី២ របស់ពេជ្រ សូលីកា ដែលស្រីស្អាតរូបនេះមានសមត្ថភាពមិនក្រោមបូព្រឹក្ស ឡើយ។

ប៉ុន្តែអ្នកខ្លះទៀតថា បូព្រឹក្ស ត្រូវបានហង្សមាស បដិសេធបន្តកុងត្រាថ្មី ទើបនាងចាកចេញតាមសង្សារ។ យ៉ាងណា ទាំងបូព្រឹក្ស និងអ្នកដឹកនាំហង្សមាស លោកកៅ សីហា ព្យាយាមប្រកែកដំណឹងនេះ៕

RELATED ARTICLES