តារាចម្រៀងមាស សុខសោភា បានក្រសោបទាំងស្រុងនូវទីផ្សារចម្រៀងឱក សុគន្ធកញ្ញា នៅចុងឆ្នាំ២០១៩ ពិសេសគឺនៅថ្ងៃបុណ្យអុំទូកតែម្តង ខណៈដែលសុគន្ធកញ្ញា មិនអាចឡើងឆាកតន្ត្រីណាមួយបានឡើយ ព្រោះតែសម្រាលកូនចំថ្ងៃទី២នៃពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

មាស សុខសោភា បានរត់ចុះឡើងខ្វែងដៃខ្វែងជើងដោយសារតែនាងច្រៀងឆាកជាច្រើនក្នុងថ្ងៃតែមួយ ធ្វើឱ្យសោភា ត្រូវប៉ាន់កើបលុយធំតែម្តងនៅឆ្នាំនេះ ព្រោះក្រុមហ៊ុនមួយចំនួនដែលធ្លាប់តែដាក់រ៉ាដាទៅសុគន្ធកញ្ញា នោះ ចាប់ផ្តើមងាកមករកសោភា វិញម្តង ហើយទម្រាំតែសុគន្ធកញ្ញា រឹងដៃរឹងជើងឡើងឆាកវិញបាននោះ សោភា ក្តាប់ Concert ណែនពេញដៃទៅហើយ។

គួរបញ្ជាក់ថា មាស សុខសោភា បានដឹកដៃស្វាមី លោកអ៊ឹត រ៉ាដា ទៅផ្ញើខ្លួននៅកាណាដា រយៈពេលជាង៦ខែ ទើបវិលត្រឡប់មកវិញនៅមុនបុណ្យអុំទូកនេះ ដើម្បីច្រៀងសម្តែងការប្រគំតន្ត្រីជាច្រើន ដែលនាងត្រូវបានគេកក់តាំងពីចេញទៅសម្តែងនៅកាណាដា ម៉្លេះ។

ដោយឡែក ក្រោយចប់ការច្រៀងសម្តែងពិធីបុណ្យអុំទូកនេះភ្លាម សោភា នឹងត្រៀមខ្លួនចេញទៅច្រៀងសម្តែងដែលតំណាងឱ្យតារាកម្ពុជា ក្នុងកម្មវិធី ASEAN FANTASIA ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Changwon ប្រទេសកូរ៉េខាងត្បូង ហើយសោភា ក៏ត្រូវជួបជាមួយតារាចម្រៀង K-POP ដ៏ល្បីល្បាញ លោក PSY ម្ចាស់បទ “Gangnam Style” និងបទ “Gentleman”, ក្រុម NCT127 ព្រមទាំងតារាចម្រៀងតំណាងប្រទេសមកពីអាស៊ាន មានដូចជា ថៃ, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា និងវៀតណាម ជាដើម។

ការបង្ហាញលើឆាកអន្តរជាតិនេះ ធ្វើឱ្យសោភា កាន់តែមានឈ្មោះរន្ទឺថែមទៀតជាមិនខាន ខណៈដែលអ្នកគាំទ្រសោភា នៅក្នុងស្រុកវិញ ពួកគេអន្ទះសាចង់ដឹងថា តើពេលណាទើបសោភា សម្រេចចិត្តដឹកដៃស្វាមី លោកអ៊ឹត រ៉ាដា ចូលរោងការ បន្ទាប់ពីពួកគេសាងស្នេហ៍១១ឆ្នាំក្រោមដំបូលតែមួយ តែគ្មានកូន១គ្រាប់ ខណៈដែលគូប្រជែងរបស់នាងគឺឱក សុគន្ធកញ្ញា ពេលនេះបានកូនង៉ាមួយបីប្រលែងលេងទៅហើយ។

យ៉ាងណា មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មាននូវចម្លើយផ្សេងគ្នា ម្តងនាងថាអាចរៀបការ២ទៅ៣ឆ្នាំទៀត ម្តងនាងថា មិនមានគម្រោងរៀបការជាចំហទេ ព្រោះនាងបានរៀបការតាមបែបសាសនាគ្រឹះម្តងរួចទៅហើយ កាលពីឆ្នាំ២០០៨ ដោយគ្រាន់តែចូលព្រះវិហារមួយនៅកាណាដា បំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ៕

