អ្នករត់ទូកទេសចរណ៍សម្រាប់ជួលឲ្យភ្ញៀវជិះកម្សាន្ដទាំងស្រីទាំងប្រុសដែលមានវ័យចំណាស់ជាច្រើននាក់ នៅតំបន់ ”អភិរក្សព្រៃលិចទឹក តំបន់អភិរក្សត្រីមេពូជ ដើម្បីលើកកំពស់ជីវភាពសហគមន៍ទេសចរណ៍ធម្មជាតិ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាវ” ត្រូវបានអតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា និងគូស្នេហ៍ លោកឆានុន ជូនថវិកាដោយផ្ទាល់នៅថ្ងៃបុណ្យអុំទូក។
អំឡុងពេលដែលម្ចាស់ ថៅកែស្រីស្អាតនិងចិត្តល្អ ”អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក” ទៅដើរកម្សាន្ដ ក៏ឆ្លៀតឱកាសធ្វើទានដល់អ្នកប្រកបរបរនេះតែម្ដង ដោយសារតែនាងមានការអាណិតដល់ពួកគាត់ដែលប្រឹងរកលុយដើម្បីផ្គត់ផ្គងជីវភាព ចំថ្ងៃគេដើរលេងកម្សាន្ដ។

យ៉ាងណា យើងមិនអាចទាក់ទងកញ្ញាម៉ូលីកា ដើម្បីបញ្ជាក់បន្ថែមពីចំនួនទឹកប្រាក់ដែលនាងបានចំណាយទៅលើអ្នកដឹកភ្ញៀវតាមទូកទេសចរណ៍កម្សាន្ដនោះថា អស់ប្រាក់ប៉ុន្មាន ហើយម្នាក់ៗទទួលថវិកាពីនាងបានប៉ុន្មានឡើយ ។
ប៉ុន្ដែរយោងតាមការបង្ហោះរបស់ថៅកែស្រីរូបនេះបង្ហាញថា បងប្អូនដែលជាអ្នកដឹកភ្ញៀវតាមទូកទេសចរណ៍កម្សាន្ដទាំងនោះ បានទទួលថវិកាលើកទឹកចិត្តពីម៉ូលីកា គ្រប់ៗគ្នាតែម្ដង។

ម៉ូលីកា ថ្លែងសារលើហ្វេសប៊ុករបស់នាងថា ”មកលេងសៀមរាប ឆ្លៀតមកកំពង់ថ្លុកជិះទូកលេង ឃើញអ្នកចែវទូកចាស់ៗ ចែការអាណិត ក៏ចំណាយថវិកាបន្ដិចបន្ដួចជូនពួកគាត់ សូមជូនបុណ្យទាំងអស់គ្នាដល់អតិថិជនសំណព្វ និងតំណាងសំណពចិត្តទាំងអស់គ្នា, ៧២ទួក ជូនទាំង៧២ទូក សប្បាយចិត្តពេលបានធ្វើបុណ្យ”។

នេះមិនមែនជាលើកទី១ឡើយ ដែលកញ្ញាម៉ូលីកា បានធ្វើទានដល់អ្នកដែលកំពុងតែមានជីវភាពខ្វះខាតនោះ ព្រោះកន្លងមកនាងក៏ធ្លាប់ជួយថវិកា និងសម្ភារៈដល់តារាដែលទីទាល់ជីវភាពខ្លាំងផងដែរ ទើបធ្វើឲ្យអតិថិជនហាងនាងកាន់តែគាំទ្រថៅកែស្រីវ័យក្មេងរូបនេះថែមទៀត។

ម៉ូលីកា ធ្លាប់និយាយថា នាងធ្លាប់លំបាកឆ្អែតឆ្អន់ អីចឹងពេលដែលឃើញអ្នកដែលពិបាក នាងយល់អារម្មណ៍នោះ ហើយតែងតែជួយទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដែលសកម្មភាពនេះនឹងបន្ដរហូតតទៅមុខទៀត។

ក្រៅពីត្រូវគេដាក់ងារថា ”ជាថៅកែស្រីស្អាតចិត្តល្អ” ថ្មីៗនេះ ម៉ូលីកា សប្បាយចិត្តក្រៃលែងនៅពេលដែលនាងបានទទួលពាន ”The Beauty Net Idol Award 2019” ដែលរៀបចំដោយក្រុមហ៊ុន Luxury Smile ដែលប្រគល់ពានរង្វាន់សហគ្រិនឆ្នើម CEO ដល់ម្ចាស់ហាងអាជីវកម្មផ្នែកសម្ផស្ស។

ម៉ូលីកា ថា ពាននោះមានសារៈសំខាន់ណាស់សម្រាប់នាង ព្រោះនាងមានឱកាសទទួលពាននោះបាន ដោយសារតែក្រុមហ៊ុនរបស់នាងត្រូវបានគេទទួលស្គាល់ថា បានចុះបញ្ជីនៅក្រសួងសុខាភិបាបាល និងក្រសួងពាណិជ្ជកម្មត្រឹមត្រូវ ហើយផលិតផលនៅហាងរបស់នាង ប្រើប្រាស់មិនប៉ះពាល់ដល់សុខភាពទេ ទើបក្រុមហ៊ុននាងត្រូវបានគេជ្រើសរើសឲ្យចូលរួមប្រកួតក្នងវេទិកានោះ។

ប៉ុន្ដែយ៉ាងណា នៅពេលដែលសួររឿងការវិលត្រឡប់មករកអាជីពចម្រៀងនោះ ម៉ូលីកា នៅតែអះអាងថា នាងមិនបោះបង់អាជីពចាស់ទេ គឺអាចវិលវិញនៅពេលវេលាសមស្របណាមួយ ហើយនាងគ្រោងចំណាយប្រាក់ផ្ទាល់ខ្លួនធ្វើបទចម្រៀងដោយខ្លួនឯង មិនចូលផលិតកម្មណាទៀតឡើយ។

ដោយឡែក ទាក់ទងរឿងដឹកដៃគូស្នេហ៍ប្រុសរូបសង្ហាឆានុន ចូលរោងការនោះ ម៉ូលីកា ធ្លាប់និយាយថា នឹងមានដំណឹងល្អឆាប់ៗនេះហើយ ដែលអាចនៅឆ្នាំ២០២០ឬ២០២១៕