Saturday, September 20, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា បង្ហាញមុខកូនប្រុស មើលទៅ Cute មែនទែន

ឱក សុគន្ធកញ្ញា បង្ហាញមុខកូនប្រុស មើលទៅ Cute មែនទែន

ឱក សុគន្ធកញ្ញា បានបីកូនប្រុសឈ្មោះ ”ឆាលី”  ដោយក្ដីស្រលាញ់ ក្រោយពេលដែលនាងសម្រាលទើបបាន៣ថ្ងៃ ខណៈដែលអ្នកគាំទ្រខ្លះថា កូនដំបូងរបស់តារាចម្រៀងហង្សមាស រូបនេះ មានត្រេមុខដូចឱក សុគន្ធកញ្ញា ច្រើនជាងស្វាមីនាង ប៉ុន្ដែខ្លះទៀតថា កូនកាត់ទៅដូចលោកសុខលី ច្រើនជាងទៅវិញ។

តារារួមអាជីពជាច្រើនបានចូលរួមអបអរសាទរ ហើយថា ពេលនេះ សុគន្ធកញ្ញា ក្លាយទៅជាម្ដាយរបស់គេទៅហើយ។

ដោយឡែក អ្វីដែលចាប់អារម្មណ៍ដែរនោះ គឺស្វាមីរបស់សុគន្ធកញ្ញា លោកអ៊ឹង សុខលី បានទៅថ្នាក់ថ្នមនិងលើកទឹកចិត្តតារាចម្រៀងរូបនេះដោយផ្ទាល់ នៅមន្ទីពេទ្យបំរ៉ុងរ៉ាត់ បើទោះជាលោកសុខលី មានភាពមមាញឹកគ្រប់គ្រងបុគ្គលិករាប់រយនាក់ និងបញ្ជាទូរទស្សន៍ហង្សមាស គ្រប់វិនារីយ៉ាងណាក៏ដោយ។

ឱក សុគន្ធកញ្ញា ថ្លែងសារថា ”ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរងចាំ ការព្រួយបារម្ភ និងរូបភាពនៃការបង្កើតកូនដ៏លំបាករបស់ម្ដាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្ដាយដ៍ពិតប្រាកដបានមកដល់។ នៅពេលនេះស្វាគមន៍ Charlie មកកាន់ពិភពលោកដ៍ស្រស់ស្អាត។ Mommy និង Charlie មានសុវត្ថិភាពនិងសុខភាពល្អ ។ ជូនពរចំពោះការបារម្ភនិងពាក្យជូនពររបស់អ៊ុំពូមីងបងប្អូនទាំងអស់គ្នា”។

ចំណែកតារាចម្រៀងក្រោមដំបូលហង្សមាស សុគន្ធ និសា វិញ បានបង្ហោះរូបភាពសុគន្ធកញ្ញា និងស្វាមី រួមទាំងកូនប្រុសអមដោយសារថា ”រូបភាពដ៏សែនមានអត្ថន័យ គ្រួសារដ៏សែនមានភាពកក់ក្ដៅ សែនស្អាត លោកប៉ាអ្នកម៉ាក់ ទឹកមុខស្រស់ស្រាយណាស់ សូមជូនពេរឲ្យកាន់តែមានសុភមង្គលច្រើនជាងនេះទៀត”។

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី ដែលជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នាជាង៨ឆ្នាំ។

ប្អូនថ្លៃថៅកែហង្សមាស រូបនេះ បានសម្រាលកូនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីពេទ្យថៃ Bumrongrad ដែលការសម្រាលចំថ្ងៃពិសេស 11.11.19 បែបនេះ ត្រូវបានគេសង្ស័យថា នាងសម្រាលដោយវះកាត់ដើម្បីយកហុងស៊ុយនៅថ្ងៃពិសេសនោះ ប៉ុន្ដែសុគន្ធកញ្ញា បានប្រាប់អ្នកយកព័ត៌មានយើងមុនពេលសម្រាលថា នាងមិនសម្រាលដោយវះកាត់ទេ គឺសម្រាលតាមបែបធម្មជាតិ។

នៅមិនទាន់ដឹងថា ឱក សុគន្ធកញ្ញា វិលពីមន្ទីពេទ្យមកស្រុកវិញនៅពេលណាឡើយ ខណៈដែលតារារួមអាជីពនៅហង្សមាស បានបង្ហើបឲ្យដឹងថា សុគន្ធកញ្ញា ត្រូវការសម្រាកឲ្យបានរឹងដៃរឹងជើងសិន ហើយនាងនឹងត្រៀមកាន់ក្បាលមីក្រូឡើងឆាកវិញ នៅដើមឆ្នាំ២០២០ខាងមុខនេះហើយ៕

RELATED ARTICLES