Saturday, September 20, 2025
Homeតារាខ្មែរស្ងាត់ៗ!!! អ្នកនាងកាតុ ឡើងជាអគ្គនាយិកាក្រុមហ៊ុន ដើរចែកអំណោយប្រជាជន៥០០នាក់

ស្ងាត់ៗ!!! អ្នកនាងកាតុ ឡើងជាអគ្គនាយិកាក្រុមហ៊ុន ដើរចែកអំណោយប្រជាជន៥០០នាក់

អ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ បានក្លាយទៅជាអគ្គនាយិកាក្រុមហ៊ុនគីមណាវ៉ាត់ ហើយពិធីការិនីនិងជាអ្នកផលិតកម្មវិធីទូរទស្សន៍ថោន រូបនេះ បានទៅចែកអំណោយដល់ប្រជាជនដែលរស់នៅភ្នំគូលែន ខេត្តសៀមរាប ដល់ទៅ៥០០នាក់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំថ្ងៃបុណ្យអុំទូកទី២។

អ្នកនាងកាតុ ដែលពូកែវោហាស័ព្ទរូបនេះ អះអាងថា នេះមិនមែនជាលើកទី១ឡើយ ដែលអ្នកនាងបានយកអំណោយទៅចែកជូនដល់បងប្អូននៅតាមបណ្ដាខេត្តផ្សេងៗ ពោលគឺជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែលើកនេះគឺចែកចំថ្ងៃបុណ្យអុំទូកតែម្ដង។

អ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ ថ្លែងថា ”ក្រុមហ៊ុនគីមណាវ៉ាត់ នេះ មានខ្ញុំនិងប្អូនប្រុសរបស់ខ្ញុំ ឈ្មោះលាង គីម ជាប្រធាន ហើយក្រុមហ៊ុនយើងបានដំណើរការជិត២ឆ្នាំហើយ។ ក្រោយទំនេរពីការងារសិល្បៈ ខ្ញុំក៏ឆ្លៀតទៅធ្វើការសប្បុរសធម៌ តាមរយៈការយកថវិកានិងសម្ភារៈមួយចំនួន ដូចជា សម្លៀកបំពាក់, អាវរងារ និងសម្ភារៈសិក្សារមួយចំនួន ជូនបងប្អូននិងក្មេងៗនៅលើភ្នំគូលែន ចំនួន៥០០នាក់។

អ្នកនាងកាតុ បន្តថា “ខ្ញុំដឹងថា ខែហ្នឹងរងា ទើបជូនអាវរងារដល់ពួកគាត់ ហើយថវិកានៃការចំណាយទិញសម្ភារៈទាំងនេះ គឺបានមកពីក្រុមហ៊ុនគីមណាវ៉ាត់ នេះឯង។ ពួកយើងពេញចិត្តនឹងធ្វើកម្មវិធីសប្បុរសធម៌តទៅទៀត ហើយនៅខែធ្នូ ចុងឆ្នាំ២០១៩នេះ យើងក៏មានគម្រោងទៅចែកអំណោយតាមលទ្ធភាពដែលយើងអាចធ្វើបាន ដល់បងប្អូននៅខេត្តព្រះវិហារ ផងដែរ”។

អ្នកនាងសុខ ច័ន្ទធីតា បានឲ្យដឹងដែរថា នាងពេញចិត្តក្នុងការធ្វើការងារសប្បុរសធម៌ ធ្វើបុណ្យជូនដល់អ្នកដែលខ្វះខាតតាមលទ្ធភាពដែលអ្នកនាងមាន។ អ្វីដែលនាងរំភើបថែមទៀតនោះ គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកនាងក៏ត្រៀមចេញទៅទទួលពាននៅទីក្រុងបាងកក ប្រទេសថៃ ផងដែរ ដែលជាវេទិកាធំ ដើរលើកម្រាលព្រំក្រហម។

តារាពហុជំនាញ រូបនេះ បន្ថែមថា ”ខ្ញុំទៅទទួលពាននៅប្រទេសថៃ ថ្ងៃទី២៤ ខែវិឆ្ឆិកា ហ្នឹងហើយ។ ខ្ញុំមានមោទកភាពណាស់ដែលបានចូលរួមវេទិកាធំ ដើរលើកម្រាលព្រំក្រហមនោះ។ ទោះជាខ្ញុំមមាញឹកការងារសិល្បៈយ៉ាងណា ក៏ខ្ញុំនៅតែខំពង្រឹងក្រុមហ៊ុនគីមណាវ៉ាត់ ឲ្យបានខ្លាំងថែមទៀត ដើម្បីយកថវិកាមួយចំនួនធ្វើកម្មវិធីសប្បុរសធម៌តទៅទៀត”៕

RELATED ARTICLES