ពិតជាមានការភ្ញាក់ផ្អើលនៅពេលដែលស្ងាត់ៗ តារាចម្រៀងសុគន្ធ និសា បានបរិច្ចាគស្បែកជើងរបស់នាងដែលសម្រាប់ពាក់ឡើងច្រៀងតាមបណ្តាឆាកតន្ត្រីទាំងឡាយ ហើយត្រូវបានគេស្គាល់ថា សុទ្ធតែជាស្បែកជើងមានតម្លៃខ្ពស់ ព្រោះជាម៉ាកល្បីៗ ដែលភាគច្រើននាងទិញមកពីបរទេសនោះ ប៉ុន្តែត្រូវបានតារាចម្រៀងហង្សមាស រូបនេះ ប្រគល់ទៅឱ្យតារាទាំងឡាយណាដែលត្រូវការអស់ទៅហើយ កាលពីថ្ងៃម្សិលមិញ (ថ្ងៃទី១៤ ខែវិច្ឆិកា)។

ទស្សនិកបានសរសើរនូវទឹកចិត្តរបស់សុគន្ធ និសា ដែលលះបង់របស់ដែលខ្លួនស្រលាញ់ឱ្យទៅតារារួមអាជីពស្ទើរតែអស់ពីទូស្បែកជើងរបស់នាងតែម្តង។
ប៉ុន្តែមានអ្នកគាំទ្រតារាចម្រៀងតូចច្រឡឹងរូបនេះមានចម្ងល់ថា តើនេះជាសញ្ញានៃការលាឈប់ពីសិល្បៈរបស់សុគន្ធ និសា ឬយ៉ាងណា បានជានាងចែកស្បែកជើងដែលនាងពាក់ទៅច្រៀងសម្តែង រាល់ថ្ងៃ ឱ្យអ្នករួមអាជីពអស់ពីខ្លួនបែបនេះ ?

សុគន្ធ និសា មិនតបឡើយ ប៉ុន្តែនាងថ្លែងសារថា នេះជាទឹកចិត្តបន្តិចបន្តួចរបស់នាងសម្រាប់បងប្អូនទាំងអស់គ្នាដែលជាសិល្បៈការិនី និងអ្នកខ្វះខាតអាចប្រើប្រាស់បានតាមតម្រូវការ។

គួរបញ្ជាក់ថា សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយអាណិកជនខ្មែរនៅអាមេរិក លោកចៅ សម្បត្តិ ហៅសាំបា ដែលជានាយផ្នែកប្រតិបត្តិក្រុមហ៊ុន Manulife នៅកម្ពុជា។

ក្រោយរៀបការជិត២ឆ្នាំនេះ សុគន្ធ និសា នៅតែមិនហ៊ានយកកូនដំបូងឡើយ ហើយនាងធ្លាប់និយាយប្រាប់អ្នកយកព័ត៌មានយើងថា មូលហេតុដែលនាងមិនទាន់ពពោះដោយសារតែនាងរង់ចាំទិដ្ឋាការពីស្ថានទូតអាមេរិក សិន។

ការវាចាបែបនេះរបស់សុគន្ធ និសា មានន័យថា នាងនឹងផ្តល់កំណើតឱ្យកូនដំបូងលើទឹកដីអាមេរិក ដែលសម្រាលភ្លាមបានសញ្ជាតិភ្លែតតែម្តង។ ប៉ុន្តែសុគន្ធ និសា ធ្លាប់បង្ហើបដែរថា ស្វាមីរបស់នាង ចង់ឱ្យនាងលាឈប់ពីសិល្បៈក្រោយរៀបការភ្លាមៗ ប៉ុន្តែនាងប្រាប់ហេតុផលទៅប្តីវិញថា មិនអាចឈប់បានទេ ព្រោះនាងស្រលាញ់និងតស៊ូជាមួយអាជីពនេះជាង១០ឆ្នាំទៅហើយ។ ក្រោយមក ស្វាមីនាងក៏យល់ព្រមឱ្យបន្តច្រៀងសម្តែងធម្មតា។

និសា ថា ប្រសិនបើនាងលាឈប់ពីសិល្បៈនឹងមិនពឹងប្រាក់ចំណូលប្តីម្នាក់ឯងទេ គឺនាងត្រូវតែបង្កើតមុខរបរអ្វីមួយ ខណៈអំឡុងពេលដែលនិសា ត្រូវគេសង្ស័យថា នាងត្រៀមចាកចេញពីអាជីពចម្រៀងនេះដែរ តារាហង្សមាស រូបនេះ ក៏បានបើកហាងគុយទាវខ្ចប់, កាហ្វេ និងចេកឆឹងប្រអប់ ដែលកំពុងដំណើរការជាយូរខែមកហើយ៕