Saturday, September 20, 2025
Homeតារាខ្មែរលី ម៉ារីណា ជម្រះមន្ទិលសង្ស័យមិនសូវត្រូវគ្នាជាមួយនៅ សុនិតា

លី ម៉ារីណា ជម្រះមន្ទិលសង្ស័យមិនសូវត្រូវគ្នាជាមួយនៅ សុនិតា

លី ម៉ារីណា ធ្លាប់រៀបការជាមួយអតីតអគ្គនាយករងទូរទស្សន៍បាយ័ន លោកទិត ថាវរិទ្ធ ប៉ុន្តែបានលែងលះគ្នាទាំងចម្រូងចម្រាសវិញ ក្រោយរួមរស់ជាមួយគ្នាបានត្រឹមតែរយៈពេលខ្លី។

ម៉ារីណា ដែលធ្លាក់ខ្លួនជាស្រីមេម៉ាយទាំងវ័យក្មេងនោះត្រូវបានមន្ត្រីធំៗ និងលោកឧកញ៉ាៗជាច្រើនរូប ក្នុងនោះលេចឮថា មានលោកផ្កាយ៣ពោះម៉ាយកូន២ម្នាក់ផង បានព្យាយាមសុំចូលខ្លួនមកស្អំរបួសបេះដូងរបស់នាង។

ប៉ុន្តែទីបំផុត ម៉ារីណា ក៏សម្រេចចិត្តចូលរោងការជាមួយអាណិកជនខ្មែរនៅអាមេរិក លោកសាត ចាន់ថន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ ហើយពេលនេះចំណងស្នេហ៍ឆ្លងទ្វីប ទទួលបានកូនប្រុសម្នាក់អាយុជាង៥ឆ្នាំទៅហើយ។

រឿងដែលគួរឱ្យរសើបនោះ មានព័ត៌មានថា លី ម៉ារីណា និងនៅ សុនិតា មិនសូវត្រូវគ្នាឡើយ ក្រោយពេលដែលសុនិតា បានមកភ្ជាប់ស្នេហ៍ជាមួយអតីតប្តីម៉ារីណា លោកទិត ថាវរិទ្ធ បើទោះជាចំណងស្នេហ៍ម៉ារីណា និងលោកថាវរិទ្ធ ត្រូវបានកប់ចោលជិត១០ឆ្នាំទៅហើយក្តី។

ប្រភពបានឱ្យដឹងថា នៅពេលដែលម៉ារីណា រៀបចំកម្មវិធីខួបកំណើតនាង ឬកូនប្រុសរបស់នាង តារារូបនេះបានហៅមិត្តភក្តិរួមអាជីពជាច្រើនឱ្យចូលរួមអបអរសាទរ ប៉ុន្តែនាងមិនដែលហៅសុនិតា ឡើយ។

ដោយឡែក សុនិតា វិញ ពេលមានកម្មវិធីផ្ទាល់ខ្លួន នាងក៏មិនដែលហៅម៉ារីណា ឱ្យចូលរួមដែរ ហេតុនេះហើយបានជាលេចឮថា ពួកគេមិនសូវត្រូវគ្នានោះទេ បើទោះជាតារាទាំង២ស្ថិតនៅក្នុងក្រុមបង្ហញម៉ូដតែមួយក្តី។

ប៉ុន្តែការមន្ទិលសង្ស័យរបស់មហាជនថា លី ម៉ារីណា មិនសូវត្រូវគ្នាជាមួយនៅ សុនិតា នោះ ត្រូវបន្សាបបានខ្លះៗទៅវិញ កាលពីពេលថ្មីៗនេះ ព្រោះតែនៅកម្មវិធីបង្ហាញម៉ូដមួយនៅផ្សារទំនើបអ៊ីអន២ កាលពីថ្ងៃទី៨ ខែវិច្ឆិកា នោះ ម៉ារីណា និងសុនិតា បានបង្ហាញរូបភាពស្និទ្ធស្នាលគ្នាយ៉ាងខ្លាំងដូចជាការថត Selfie ជាមួយគ្នាជាដើម។

តារារួមអាជីពបាន បង្ហាញការសាទរចំពោះសកម្មភាពម៉ារីណា និងសុនិតា ដែលពេលនេះពួកគេបង្ហាញការត្រូវរ៉ូវគ្នាជាធម្មតាដើម្បីកាត់បន្ថយរឿងគេថា អ្នកទាំង២មិនសូវចុះសម្រុងគ្នា។ ប៉ុន្តែយ៉ាងណា ទំនាក់ទំនងរវាងលី ម៉ារីណា និងនៅ សុនិតា នៅក្រៅឆាកវិញ គេសង្កេតឃើញថា តារាទាំង២ ពេលខ្លះនៅតែសោះកក្រោះជាមួយគ្នាដដែល។

គួរបញ្ជាក់ថា លី ម៉ារីណា បានរៀបការ២ដងមកហើយ គឺជាមួយលោកទិត ថាវរិទ្ធ និងជាមួយស្វាមីក្រោយលោកសាត ចាន់ថន។

ប៉ុន្តែបើក្រឡេកមើលនៅ សុនិតា វិញ នាងមិនទាន់បានរៀបការតាមប្រពៃណីខ្មែរជាចំហជាមួយលោកទិត ថាវរិទ្ធ ឡើយ បើទោះជាពេលនេះពួកគេមានកូនង៉ា១ទៅហើយក្តី។ កន្លងមកធ្លាប់លេចឮថា សុនិតា បានភ្ជាប់ពាក្យជាមួយលោកថាវរិទ្ធ កាលពីថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០១៨ តែសុនិតា ច្រានចោល ប៉ុន្តែនៅពេលដែលត្រូវគេរិះគន់ថា នាងសាងស្នេហ៍ឥតខាន់ស្លានោះបែរជាតារាកូន១ ដែលពូកែព្រមានប្តឹងអ្នកកាសែតរូបនេះឆេះដុំ ហើយតបវិញថានាងបានធ្វើពិធីតិចតួចរួចហើយទៅវិញ។

លី ម៉ារីណា បានបោះបង់អាជីពសម្តែងជាង៣ឆ្នាំ ក្រោយផ្ទុះរឿងស្នេហ៍ជាមួយមន្ត្រីធំផ្កាយ៣ម្នាក់ ហើយគេសង្ស័យថា នាងរៀបការជាមួយលោកចាន់ថន ជាមង្គលការក្លែងក្លាយ។

ទោះជាយ៉ាងណា ក្រោយស្ងប់រឿងស្នេហ៍ម៉ារីណា បានវិលចូលស្រុកវិញហើយចាប់អាជីពសម្តែងសាជាថ្មីកាលពីឆ្នាំ២០១៦ ដោយថតរឿង “កូនពស់កេងកង”,  “រាជិនីភូមិគ្រឹះ” និងរឿង “ភរិយាឆ្នាំ២០១៩” ជាដើម។

ម៉ារីណា ដែលមានកូន១ទៅហើយ ប៉ុន្តែសម្រស់មិនធ្លាក់ចុះ សាច់ដូចបណ្តូលចេកនោះ នាងកាន់តែហ៊ឺហាជិះរថយន្ត Lexus Lx570 2015  ហើយនាងអះអាងថា ចាប់ពីពេលនេះតទៅ នាងទទួលថតភាពយន្តតែ១រឿងប៉ុណ្ណោះក្នុង១ឆ្នាំ ព្រោះចង់យកពេលរកស៊ីវិញ។ ចំណែកគម្រោងយកកូនទី២ ម៉ារីណា ថា ពេលនេះនាងមិនទាន់ត្រៀមខ្លួនពពោះទៀតឡើយ៕

RELATED ARTICLES