តារាចម្រៀងថែល ថៃ បានអះអាងថា លោកសុខចិត្តបោះបង់ការចេញទៅច្រៀងសម្តែងនៅអាមេរិក ជាលើកដំបូង នៅឆ្នាំ២០១៩នេះ ហើយមូលហេតុសំខាន់គឺដោយសារតែការទៅនោះមានរយៈពេលយូរខែពេក ទើបសុខចិត្តសម្ងំរកលុយនៅក្នុងស្រុកតក់ៗ វិញ ប៉ុន្តែនឹងមិនបោះបង់ទីផ្សារក្រៅស្រុក រហូតឡើយ គឺអាចចេញទៅច្រៀងសម្តែងនៅ ឆ្នាំក្រោយៗ។

ម្ចាស់ពាន The Voice Cambodia រដូវកាលទី២រូបនេះ អះអាងថា មានខាង Sponsor មួយនៅអាមេរិក គាត់បានទាក់ទងឱ្យខ្ញុំចេញទៅច្រៀងសម្តែងរយៈពេលកន្លះឆ្នាំ (៦ខែ) ប៉ុន្តែខ្ញុំមិនអាចចេញទៅបានទេ ដោយសារតែកាលហ្នុងខ្ញុំជាប់រវល់គេហៅច្រៀងនៅក្នុងស្រុកច្រើនដែរ។

ថែល ថៃ បន្តថា បើខ្ញុំត្រូវទៅកាលហ្នុងម៉្លេះ នៅចុងឆ្នាំហ្នឹងទើបបានត្រូវមកវិញ អ៊ីចឹងយើងក៏សម្រេចចិត្តមិនទៅវិញ ហើយធ្វើការនៅក្នុងស្រុកមួយៗហ្នឹងវិញ។ ប៉ុន្តែសម្រាប់ឆ្នាំក្រោយៗទៀត ខ្ញុំនឹងឆ្លៀតចេញទៅច្រៀងសម្តែងជាមួយតារាមួយចំនួនទៀតដែរ ខ្ញុំមិនចោលទីផ្សារនៅបរទេសទេ”។

ថែល ថៃ ក្រោយកាន់ពានល្បីបទ “ចង់ទៅទៅៗ” ហើយតារាដែលត្រូវបានគេសរសើរថា មានចរិតសុភាពរាបសារូបនេះក៏ហក់ចូលអាជីពសម្តែងជាតួរង នី រតនា តាមរយៈរឿង “រាជបុត្រកង្កែប” ផងដែរ ដើម្បីឱ្យកេរ្តិ៍ឈ្មោះរបស់គេលោតឡើងមួយកម្រិតទៀត។

ប៉ុន្តែយ៉ាងណា នៅពេលសួររឿងការចេញច្រៀង Concert នៅរដូវក្តៅនេះ លោកថៃ បែរជាថា នៅមិនទាន់មានការទាក់ទងមកច្រើនទេ ហើយឆ្នាំនេះលោកមិនអាចសន្និដ្ឋានបានឡើយថា នឹងអាចចេញច្រៀងបានច្រើនកម្មវិធីជាងមុន ឬក៏តិចជាង ព្រោះថាបច្ចុប្បន្នតារាមានកាន់ តែច្រើនដែរ។

ថែល ថៃ បន្ថែមថា “រឿងខ្ញុំសម្តែងហ្នឹងដាក់បញ្ចាំងនៅថ្ងៃទី១៨ ខែហ្នឹងហើយ។ ខ្ញុំមានការរំពឹងដែរថា រឿងនេះអាចជួយយើងឱ្យទៅមុខថែមទៀត។ ខ្ញុំស្រលាញ់អាជីពសម្តែងនិងច្រៀងដូចគ្នា អ៊ីចឹងបន្តទាំងពីរព្រមគ្នាតែម្តង។ ចំពោះ Concert នៅរដូវក្តៅវិញ ខ្ញុំមិនទាន់មានគេទាក់ទងមកច្រើនទេ ហើយរាល់ថ្ងៃចេញច្រៀងកម្មវិធីមួយៗដែរ។ ឆ្នាំហ្នឹងមិនដឹងថា ប្រាក់ចំណូលយ៉ាងម៉េចខ្ញុំមិនហ៊ានថាមុនទេ ព្រោះឥឡូវមានតារាច្រើនដែរ”។

ដោយឡែក ទាក់ទងរឿងគូស្នេហ៍វិញ ថែល ថៃ ដែលអះអាងថា មានម្ចាស់បេះដូងទៅហើយនោះ នៅតែថាមិនទាន់កំណត់ពេលវេលារៀបការជាក់លាក់ទេ ដោយតារាហង្សមាសរូបនេះថា មូលហេតុគឺរង់ចាំជីវភាពឱ្យបានល្អប្រសើរជាងនេះសិន៕