តារាទឹកភ្នែកនី មុនីនាថ កាន់តែព្យាយាមគេចចេញពីក្រុមអ្នកសិល្បៈអំឡុងពេលលេចឮថា រឿងស្នេហារបស់នាងជាមួយមន្ត្រីធំម្នាក់ដែលចេញមុខអន្តរាគមន៍សំណុំរឿងអតីតគូដណ្តឹងនាង ប្តឹងឡើងតុលាការនោះ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ ស្រាប់តែពេលនេះលេចឮថាមុនីនាថ លែងខ្វល់សម្រុកថតសម្តែងដូចមុនទៀតហើយ ព្រោះនាងអាចនឹងត្រូវប៉ាន់កើបលុយធំពីដីធ្លីជាច្រើនហិកតារ នៅម្តុំផ្លូវ៥១ (ភ្នំរាប)…។

នី មុនីនាថ ហាក់មិនសូវអើពើចេញមុខមាត់ខ្លាំងដូចមុនឡើយ ក្រោយបាក់ស្បាតរឿងត្រូវអតីតគូដណ្តឹង លោកអ៊ុង សូឡាង ប្តឹងឡើងតុលាការទារសំណង១០ម៉ឺនដុល្លារ ផ្អើលពេញផ្ទៃប្រទេសមក ពេលនេះនាងច្រើនតែជ្រើសរើសវិធីមិនទៅចូលរួមកម្មវិធីរបស់តារារួមអាជីពច្រើនជាងទៅបង្ហាញខ្លួន ។
ការព្យាយាមលាក់ខ្លួនរបស់តារាទឹកភ្នែកនៅពេលនេះ ត្រូវបានតារារួមអាជីពបង្ហើបឱ្យដឹងថា មកពីមុនីនាថ នៅតែខ្មាសមិត្តភក្តិរឿងត្រូវអតីតប្រុសស្នេហ៍ប្តឹងឡើងតុលាការនោះ ព្រោះធុញអ្នករួមអាជីពសួរនាំដេញដោល ប៉ុន្តែអ្នកខ្លះទៀតថា មកពីនាងត្រូវគូស្នេហ៍ថ្មីហួងហែងវិញទេ។

ម្ចាស់ចិត្តថ្មីរបស់នី មុនីនាថ ដែលគេចង់សំដៅនោះ គឺគ្មានអ្នកណាក្រៅពីមន្ត្រីធំម្នាក់ធ្លាប់លេចឮថា លោកបានចេញមុខអន្តរាគមន៍ចំពោះសំណុំរឿងនាងត្រូវអតីតគូដណ្តឹងប្តឹងឡើងតុលាការនោះឡើយ ព្រោះបុរសនោះធ្លាប់តាមស្នេហ៍តារាទឹកភ្នែកតាំងពីមុននាងភ្ជាប់ពាក្យជាមួយអតីតគូដណ្តឹងម៉្លេះ។
អ្នកយកព័ត៌មានយើងព្យាយាមទាក់ទងទៅនី មុនីនាថ តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ ប៉ុន្តែត្រូវម្តាយរបស់នាង អ្នកស្រីឌី សុភាលី លើកទូរស័ព្ទនិយាយជំនួស ហើយប្រាប់ថា គាត់កំពុងតែរវល់ខ្លាំងណាស់មិនអាចនិយាយអ្វីបានទាំងអស់។

ប៉ុន្តែនេះមិនមែនជាលើកទីមួយទេ ដែលអ្នកស្រីសុភាលី ថ្លែងបែបនេះ ព្រោះពេលខ្លះបើទោះជាអ្នកស្រីកំពុងនៅទំនេរអង្គុយលេងក៏ថាជាប់រវល់ខ្លាំង និយាយទូរស័ព្ទមិនកើតដែរ ហេតុនេះហើយបានជាមិនអាចសួរនាំរឿងតារាទឹកភ្នែកលឹបលៗក្នុងសិល្បៈ ហើយផ្អើលៗជាមួយអ្នកកាសែតនោះបានឡើយ។
នី មុនីនាថ បាក់ស្រុតកេរ្តិ៍ឈ្មោះក្នុងអាជីពសិល្បៈអំឡុងពេលដែលរឿងស្នេហានាងជាមួយអតីតគូដណ្តឹងអាណិកជនខ្មែរ នៅអាមេរិក បានដើរដល់ផ្លូវបំបែក ហើយនាងត្រូវអតីតប្រុសស្នេហ៍ចោទថា ជាតារាបោកប្រាស់រហូតដល់ប្តឹងឡើងតុលាការ ទារលុយ១០ម៉ឺនដុល្លារនោះមកវិញទៀតផង។

ប៉ុន្តែយ៉ាងណា នី មុនីនាថ និងម្តាយ ធ្លាប់ចេញមុខអះអាងថា មិនមានការបារម្ភច្រើនទៅលើសំណុំរឿងនោះទេ ព្រោះពួកគេមានមេធាវីជួយចាត់ការរឿងនេះហើយ។
អ្នកស្រីសុភាលី ថែមទាំងចាត់ទុកថាអ្នកដែលនិយាយថា កូនស្រីគាត់ (មុនីនាថ) ត្រូវបានអ្នកធំពាក់ផ្កាយ៣ អន្តរាគមន៍រឿងឡើងតុលាការនោះជាចេតនារបស់អ្នកណាម្នាក់ ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះកូនស្រីរបស់គាត់ថែមទៀតផង។

ថ្វីត្បិតតែនី មុនីនាថ ពិបាកប្រឈមក្នុងការចេញមុខដូចមុន ព្រោះក្រៅពីអ្នកសិល្បៈរួមអាជីពសួរនាំរឿងគូដណ្តឹងចាស់ប្តឹង នាងក៏ជាមុខសញ្ញារបស់អ្នកកាសែតតាមព័ត៌មាន ទើបនាងលែងសូវហ៊ានចេញមុខក៏ដោយ។ ប៉ុន្តែតាមព័ត៌មានចុងក្រោយថា តារាប៉ះជួបរឿងយីអ៊ុនដាក់អារក្សជាន់រូបនេះ សម្ងំកើបលុយធំពីវិស័យអចលនទ្រព្យ ដោយមិនចាំបាច់ប្រឹងថតសម្តែងក៏មានលុយចាយមិនចេះអស់ឡើយ។
ព័ត៌មានបានឱ្យដឹងថា មុនីនាថ មានដីធ្លីជាច្រើនហិកតារនៅម្តុំផ្លូវ៥១ (ក្បែរភ្នំរាប) ហើយបើនាងបញ្ចោញដីនោះវិញ គឺចំណេញបានរាប់សែនដុល្លារឯណោះ ហេតុនេះហើយបានជាចុងក្រោយ គេមិនសូវឃើញមុនីនាថ អើពើពីលុយល្អិតក្នុងសិល្បៈទៀតទេ គឺនាងស្រវាលុយធំខាងក្រៅជាង។

ប៉ុន្តែដំណឹងនេះមិនត្រូវបានអ្នកស្រីសុភាលី បំភ្លឺឡើយ ព្រោះគ្រាន់តែដឹងថា អ្នកកាសែតតេចូលភ្លាម ម្តាយតារាសម្តែងរូបនេះឆ្លើយកាត់ថា រវល់បាត់ទៅហើយ។ យ៉ាងណា គេនៅតែមិនដឹងប្រភពលុយដែលនី មុនីនាថ យកទៅវិនិយោគលើផ្ទៃដីធំល្វឹងល្វើយ ដែលមានតម្លៃរាប់សែនដុល្លារនោះឡើយ។
ដោយឡែក រឿងស្នេហាវិញ គេជឿថា តារាទឹកភ្នែកមុនីនាថ អាចកប់ដានចាស់បានលុះត្រាតែនាងហ៊ានបង្ហាញមុខនិងរៀបការជាមួយគូស្នេហ៍ថ្មីជាសាធារណៈ ទើបស្រាលខ្លួនបាន។

ប៉ុន្តែនី មុនីនាថ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងនៅថ្ងៃរៀបការតារាបង្ហាញម៉ូដម្នាក់ នៅកោះពេជ្រ ថា នាងគ្មានគម្រោងរៀបការឆាប់ៗទេ ចំណែករឿងគូស្នេហ៍ថ្មីវិញ នាងថា សុំមិននិយាយជាដាច់ខាត៕