យុគ ចិន្តា ត្រូវបានចាត់ទុកថាជា “សេដ្ឋិនី” ក្នុងសិល្បៈ ព្រោះអ្នកនាងមានទ្រព្យមិនចាញ់តារាហូលលីវូដនោះទេ គឺខ្ទង់លានដុល្លារឯណោះ។ ប៉ុន្តែបើងាកមកមើលជីវិតស្នេហារបស់ពិធីការិនីជើងចាស់រូបនេះវិញវ័យ៤០ប្លាយទៅហើយ ប៉ុន្តែមិនទាន់ធុំក្លិនចូលរោងការទេ ខណៈដែលចំណងស្នេហាទី៤នេះកាន់តែពិបាករក្សាការពារថែមទៀត ព្រោះតែមិត្តរួមអាជីពខ្លះថាមិនសូវសមគ្នា…។
ចំណងស្នេហាថ្មីរបស់អ្នកនាងយុគ ចិន្តា ជាមួយបុរសវ័យចំណាស់ម្នាក់ជាមន្ត្រីរាជការ កាន់តែមានការយល់ចិត្តថ្លើមគ្នាខ្លាំងជាងមុនថែមទៀត ហើយនៅពេលនេះពួកគេបណ្តើរគ្នាជាចំហតែម្តង ស្របដែលអ្នកនាងចិន្តា នៅតែមិនព្រមកែចិត្តឡើយ ពោលគឺនឹងរៀបការនៅឆ្នាំ២០២១ ចំពេលដែលកូនស្រីរបស់នាង ឈ្មោះ “អម” ពេញវ័យក្រមុំ១៨ឆ្នាំ ខណៈដែលពេលនេះនាងទើបមានវ័យ១៦ឆ្នាំ។

ប៉ុន្តែគេមិនដឹងថា តើរយៈពេល២ឆ្នាំខាងមុខទៀតនេះ អ្នកនាងចិន្តា នៅតែអាចរក្សាចំណងស្នេហាវ័យចំណាស់នេះតទៅទៀតបានឬមានការប្រែប្រួល ព្រោះតែតារាស្និទ្ធស្នាលយុគ ចិន្តា បារម្ភជំនួស នៅពេលដែលពួកគេថា ស្នេហានេះអាចនឹងក្រឡាប់ចាក់បានគ្រប់ពេល ដោយសារតែមានតារាខ្លះ ចូលទៅឱ្យយោបល់។

ពួកគេបានលើកឡើងថា បើសិនជាអ្នកនាងចិន្តា ត្រចៀកសនោះនឹងមិនអាចការពារស្នេហាថ្មីនេះ បានឡើយ ព្រោះតែតារាមួយចំនួនខ្សឹបខ្សៀវគ្នាថា អ្នកនាងចិន្តា មិនសូវសមគ្នាជាមួយសង្សារថ្មី គួរតែរកបុរសដែលមានរូបសង្ហាជាងនេះ ទើបសមគ្នាជាង ជាដើម។
ការដែលតារាមួយចំនួនប្រឹងឱ្យយោបល់អ្នកនាងចិន្តា បែបនេះ គឺប្រៀបដូចជាកំពុងតែប្រឹងជំរុញអ្នកនាងចិន្តា ឱ្យចែកផ្លូវគ្នាជាមួយសង្សារថ្មីដែរ។ ប៉ុន្តែពិធីការិនីជើងចាស់រូបនេះហាក់មិនបង្ហាញអារម្មណ៍ច្របូកច្របល់ខ្លាំងទេ ព្រោះថាទន្ទឹមនឹងមានអ្នកថា សង្សារនាងមិនសូវសង្ហានោះក៏មានអ្នកខ្លះទៀតបានសរសើរថា គូស្នេហ៍ថ្មីរបស់អ្នកនាងចិន្តា មានអត្តចរិតស្លូតបូតសុភាពរាបសាដែរ ហើយសមគ្នាជាមួយអ្នកនាងទៀតផង។

យុគ ចិន្តា បានប្រេះឆាស្នេហ៍បុរសពោះម៉ាយនៅអាមេរិក លោកវុទ្ធី បណ្ឌិត ហៅសម័យ ដែលជាអតីតទីប្រឹក្សាសម្តេចជា ស៊ីម អតីតប្រធានព្រឹទ្ធសភា។ ប៉ុន្តែអ្នកនាងចិន្តា មិនទុកបេះដូងឱ្យនៅឯកោឡើយ គឺបានភ្ជាប់ស្នេហ៍ថ្មីជាមួយបុរសមានទ្រព្យស្តុក ហើយអ្វីដែលអ្នកនាងពេញចិត្តគូស្នេហ៍ថ្មីបំផុតនោះ ព្រោះបុរសនេះស្រលាញ់កូនស្រីអ្នកនាងដូចកូនបង្កើតអ៊ីចឹង។

តាមប្រភពបានឱ្យដឹងថា ក្រុមគ្រួសារអ្នកនាងចិន្តា សុទ្ធតែជំរុញឱ្យអ្នកនាងចូលរោងការឱ្យបានឆាប់ៗ ជៀសវាងដើរជាន់ដានស្នេហ៍ចាស់។ ប៉ុន្តែអ្នកនាងចិន្តា នៅតែមិនចង់ប្រញាប់ចូលរោងការទេ ដោយសំអាងថា ស្វែងយល់ចិត្តគ្នាថែមទៀត ហើយអ្នកនាងប្រាប់អ្នកយកព័ត៌មានយើងថា នឹងរៀបការនៅឆ្នាំ២០២១ខាងមុខនេះហើយ ព្រោះឆ្នាំនោះជាវ័យ១៨ឆ្នាំរបស់កូនស្រីនាង ឈ្មោះយុគ ដាពេជ្រ (អម) ហើយពេលគេពេញវ័យក្រមុំនោះ កូនស្រីនឹងធ្វើជាអ្នកកំដរការរបស់នាងផ្ទាល់តែម្តង ដើម្បីកុំឱ្យពិបាករំខានដល់តារាផ្សេងទៀតមកជួយកំដរ។

គួរបញ្ជាក់ថា អ្នកនាងយុគ ចិន្តា ត្រូវបានគេដឹងថា ធ្លាប់បរាជ័យស្នេហ៍៣លើកមកហើយ ក្នុងនោះ មានដូចជាប៉ះស្នេហ៍ជាមួយលោកឧកញ៉ាម្នាក់, DJ ឃ្លាំង និងលោកវុទ្ធី បណ្ឌិត ទើបចុងក្រោយមកភ្ជាប់ស្នេហ៍ថ្មីទី៤ជាមួយមន្ត្រីរាជការនៅពេលនេះ។

មហាជនជាច្រើនមានចម្ងល់ថា អ្នកនាងយុគ ចិន្តា មិនដែលរៀបការសោះ ប៉ុន្តែពេលនេះមានកូនស្រីពេញវ័យក្រមុំទៅហើយ ហេតុនេះហើយបានជាពួកគេមានចម្ងល់ថា តើអ្នកណាជាឪពុករបស់កូនស្រីអ្នកនាងចិន្តា ទៅ?
ប៉ុន្តែអ្នកនាងចិន្តា មិនធ្លាប់ចេញមុខលាតត្រដាងរឿងស្នេហាអាថ៌កំបាំងជាង១ទសវត្សនេះឡើយ។

អ្នកនាងចិន្តា កំពុងរស់នៅផ្ទះវីឡាយ៉ាងស្កឹមស្កៃនៅទួលគោក ហើយអ្នកនាងមានមុខជំនួញណែនក្នុងដៃ ដូចជា បើកហាងជាច្រើនកន្លែង , មានផ្ទះជួល និងដីធ្លីមួយចំនួនទៀតដែលសរុបទ្រព្យរបស់ពិធីការិនីជើងចាស់រូបនេះគឺចូលវាល់លានដុល្លារឯណោះ ហេតុនេះហើយបានជាអ្នកនាងត្រូវតែប្រយ័ត្នប្រយែងក្នុងការរៀបការប្តី ចៀសវាងប្រេះឆានាំតែពិបាកបែងចែកទ្រព្យ៕