“បងប្អូនចង់ស្អប់ខ្ញុំ ក៏ខ្ញុំមិនថា” ក្នុងន័យនេះ កញ្ញាសុខ ពិសី តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលចូលចិត្តពិសាសាច់ឆ្កែ សូមឈប់បរិភោគ។
កញ្ញាសុខ ពិសី បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “អូសទៅឃើញតែគេជួញដូរនិងសម្លាប់ឆ្កែ បងប្អូនជាទីគោរពអើយនាងខ្ញុំសូមអង្វរសូមមេត្តាបញ្ឈប់ការបរិភោគសាច់សត្វដែលស្មោះត្រង់និងម្ចាស់ទៀតទៅ សូមអាណិតមេត្តាផងគ្នាចេះជួយចាំផ្ទះនិងស្រលាញ់ម្ចាស់ណាស់ បងប្អូនចង់ស្អប់ខ្ញុំក៏ខ្ញុំមិនថា ព្រោះជាអារម្មណ៍ដែលខ្ញុំមិនអាចលាក់បាន”។

ដោយឡែក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តារាចម្រៀងតូចច្រឡីង សុខ ពិសី ក៏បានបង្ហោះសារមួយដែរថា “ហេតុអីម្ចាស់មួយចំនួនតូច សុខចិត្តលក់ពួកគេទាំងដឹងហើយថា ពួកគេស្រលាញ់ម្ចាស់និងស្មោះត្រង់តែងរត់ទទួលពេលម្ចាស់ត្រលប់មកពីក្រៅម្តងៗ ជាពិសេសគេជួយចាំផ្ទះនិងព្រុសអោយជាសញ្ញាអោយយើងដឹងថាមានមនុស្សប្លែកមុខឬចោរបំរុងចូលផ្ទះយើង”។

ពិសី បន្តថា ហើយចង់សួរអស់លោកអ្នកដើរទាក់ឆ្កែគេ មានយល់អារម្មណ៍ម្ចាស់គេទេ?? គេស្រលាញ់និងចាត់ទុកសត្វដែលឆ្លាតនេះប្រៀបដូចជាសមាជិកគ្រួសារពេលគេបាត់បង់គឺឈឺចាប់ណាស់ តើបងប្អូនដែលនិយមបរិភោគសាច់ឆ្កែពេលដែលហូបហើយតើចេះហោះ ឬចេះបំបាំងកាយទេបានចិត្តដាច់ចឹង???”

ជាចុងចុងក្រោយ ពិសី បានបន្ថែមថា “សូមអាណិតមេត្តាដល់សត្វដ៏ស្មោះត្រង់នេះផង សូមបញ្ឈប់ការបរិភោគពួកគេទៅដើម្បីអោយពួកគ្នាបាននៅជិតម្ចាស់ដែលគេស្រលាញ់ និងបំពេញតួនាទីយាមផ្ទះអោយពួកយើងបានយ៉ាងល្អចង់ជេរឬស្អប់ខ្ញុំក៏តាមចិត្ត ព្រោះខ្ញុំមិនអាចនៅស្ងៀមដែលឃើញរឿងនេះកើតឡើងដដែលៗបែបនេះទេ”។

យ៉ាងណា បច្ចុប្បន្ននេះ គេតែងតែសង្កេតឃើញហាងលក់សាច់ឆ្កែបើកយ៉ាងព្រោងព្រាត និងមានមនុស្សជាច្រើនតែងតែចូលទៅបរិភោគ៕


