ព្រះសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នឹងយាងនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាល្ងាចនេះ រួចយាងបន្តមកកាន់វត្តបុទុមវតី រាជធានីភ្នំពេញ។

យោងតាមគណនីហ្វេសប៊ុក Royal du Cambodge បានបង្ហោះសារថា “ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក និងស្តេចយាងនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាវេលាល្ងាចថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ រួចយាងបន្តមកកាន់វត្តបុទុមវតីរាជវរារាមខាងជើង ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានទៅតាមព្រះរាជបវេណី”។

យ៉ាងណា លោកអុឹម ជីវ៉ា ក៏បានបង្ហោះសារដែរថា “ខ្ញុំបាទអុឹម ជីវ៉ា សូមគោរពអញ្ជើញមិត្តៗសិល្បករសិល្បការិនី មេត្តាអញ្ជើញចូលរួមពិធីទទួលព្រះសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលនឹងត្រូវដង្ហែពីទីក្រុងបាងកក ប្រទេសថៃ ឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញវេលាម៉ោង៦:០០នាទីល្ងាច នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩”។

លោកជីវ៉ា បន្ថែមថា “សូមមេត្តាអញ្ជើញមកអោយបានមុនម៉ោងប្រាំល្ងាច សម្លៀកបំពាក់ កាន់ព្រះមរណៈទុក្ខ ទីកន្លែងច្រក vip ឬនៅតាមដងមហាវិថីសហព័ន្ធរ៉ូសី រហូតដល់វត្តបុទុមវត្តី”។

គួបញ្ជាក់ថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយទិវង្គតកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយរោគាពាធ នៅមន្ទីរពេទ្យក្នុងប្រទេសថៃ។

យ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមកាន់ទុក្ខ និងប្រកាសយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ កាន់មរណទុក្ខសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដោយតម្រូវឲ្យគ្រប់ក្រសួងស្ថាប័ននានា ទាំងរដ្ឋទាំងឯកជនទូទាំងប្រទស ត្រូវបង្ហូតទង់ជាតិពាក់កណ្តាលដងផងដែរ៕