ប៉ែន ចំ រ៉ុង នឹងដឹកដៃកំពូលស្នេហ៍នាង ហ៊ុន ម៉ាណេ រៀបការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះហើយ ដែលកម្មវិធីជប់លៀងធំធ្វើនៅមជ្ឈមណ្ឌលដឺប្រេមៀរសិនធើរ សែនសុខ រាជធានីភ្នំពេញ។
នៅពេលដែលថ្ងៃមង្គលការនៅសល់តែ១សប្តាហ៍ទៀត នឹងចូលមកដល់ ប៉ែន ចំរ៉ុង មមាញឹកខ្លាំងណាស់រត់ខ្វែងដៃខ្វែងជើងជូនភ្ញៀវឱ្យចូលរួមជប់លៀងមង្គលការរបស់គេ ដែលក្នុងនោះមានតារា ល្បីៗរាប់រយនាក់ឯណោះត្រូវបានចំរ៉ុង យកធៀបការទៅហៅដោយផ្ទាល់ដៃតែម្តង។

ប៉ុន្តែពិធីករទូរទស្សន៍ SEA TV និង PNN រូបនេះ មិនបានយកធៀបការទៅហៅអតីតប្រពន្ធ នាងភិន សុដាលីស ឱ្យចូលរួមឡើយ ដែលមើលទៅក្នុងចំណោមតារាដែលជិតស្និទ្ធចំរ៉ុង រំលងតែភ្ញៀវអតីតប្រពន្ធម្នាក់នេះតែប៉ុណ្ណោះ។

ប៉ែន ចំរ៉ុង បានឱ្យដឹងថា លោករៀបការឆ្នាំនេះឱ្យហើយ ព្រោះឆ្នាំក្រោយជាប់រវល់រកស៊ីមុខរបរដល់ទៅ៣ គឺ ទី១- Auto Car, ទី២-អចលនទ្រព្យ និង ទី៣-លក់គ្រឿង Cosmetic។
ដោយឡែក កម្មវិធីការរបស់គេគ្រោងជប់លៀងតែ៦០តុ ប៉ុន្តែពេលនេះភ្ញៀវចេះតែកើនច្រើនឡើងៗហើយ។

ប៉ែន ចំរ៉ុង ធ្លាប់បង្កាត់ភ្លើងស្នេហាជាមួយអ្នកនាងភិន សុដាលីស កូនថៅកែផលិតកម្មមហាហង្ស ប៉ុន្តែបានបែកគ្នាយ៉ាងចម្រូងចម្រាស ខណៈដែលដាលីស បន្សល់តំណក់ឈាមរបស់ចំរ៉ុង នូវកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះ Katherina អាយុជាង២ឆ្នាំ។

ប៉ុន្តែ ដាលីស មិនអនុញ្ញាតឱ្យចំរ៉ុង ជួបមុខកូនស្រីជាដាច់ខាតទើបធ្វើឱ្យពិធីកររូបនេះងាកទៅភ្ជាប់ ស្នេហ៍ជាមួយនាងហ៊ុន ម៉ាណេ ហើយពេលនេះក៏សម្រេចចិត្តដឹកដៃគ្នាចូលរោងការនៅចុងខែវិច្ឆិកា នេះតែម្តង ស្របពេលដែលដាលីស នៅតែព្យាយាមបិទបាំងស្នេហ៍ថ្មី បើទោះជាលេចឮថា ពេលនេះនាងមិនមែនបេះដូងនៅទំនេរក្តី។

ព័ត៌មានបានឱ្យដឹងថា ការដែលប៉ែន ចំរ៉ុង ប្រញាប់រៀបការយ៉ាងអន្ទះសាបែបនេះ ដោយសារតែលោករៀបគម្រោងយកកូនភ្លាមៗ ព្រោះចង់បានកូនង៉ាបីប្រលែងលេងឱ្យអស់ចិត្ត ហេតុនេះហើយ បានជាមិនអាចពន្យារពេលមង្គលការនេះតទៅទៀតបានឡើយ ព្រោះចំរ៉ុង ចង់បានកូនក្រោយរៀបការមិនហ៊ានយកកូនមុនរៀបការម្តងទៀតឡើយ៕