ស្រីស្រស់ជុំ រចនាពេជ្រ ហៅបេប៊ី ក្រោយក្លាយទៅជាតារាចម្រៀងផលិតកម្មថោន ភ្លាម ស្រាប់តែនាងមានការតុបតែងខ្លួនប្លែកៗនិងលេងក្បាច់រាំកាន់តែសាហាវ ដើម្បីប្រជែងទីផ្សារចម្រៀង ស្របពេលដែលតារាសាច់ដូចបណ្តូលចេករូបនេះ ក៏ត្រៀមធ្វើពិធីឡើងផ្ទះវីឡានៅអំឡុងខែវិច្ឆិកា ខាងមុខនេះហើយ ចំពេលដែលមានការខ្សឹបខ្សៀវពេញចង្កោមអ្នកសិល្បៈថា បេប៊ី មានលោកអភិបាលខណ្ឌម្នាក់តាមស្នេហ៍យ៉ាងប្រកិតបំផុត។
បេប៊ី និងម្តាយនាង អ្នកស្រីប៊ុន ណារី បានប្រកែកចំពោះរឿងនេះ ដោយអះអាងថា ដំណឹងនោះជាការមួលបង្កាច់ទាំងស្រុងមិនមែនជាការពិតឡើយ…។

បេប៊ី បានប្រតិកម្មចំពោះដំណឹងដែលគេបង្ហើបថា នាងត្រូវបានលោកអភិបាលខណ្ឌម្នាក់ស្រលាញ់ពេញចិត្តនាងខ្លាំង រហូតធ្វើឱ្យតារាចម្រៀងថោន នេះ ពិបាកគេចចេញពីអន្ទាក់ស្នេហ៍ទៀតផង។
បេប៊ី បានចាត់ទុកព័ត៌មានទាំងនោះថា ធ្វើឱ្យនាងមានអារម្មណ៍មិនល្អឡើយ ព្រោះវាជះឥទ្ធិពលលើ ការរាប់អាននិងទំនាក់ទំនងជាមួយលោកអភិបាលខណ្ឌនោះ ខណៈកន្លងមកនាងជួយធ្វើកិច្ចការសង្គមជាច្រើនជាមួយលោកអភិបាលខណ្ឌ ប៉ុន្តែនាងមិនបារម្ភថា ភរិយាលោកអភិបាលខណ្ឌប្រចណ្ឌនាងឡើយ។

តារាចម្រៀងថោន ថ្លែងថា “យី! អ្នកណាគេនិយាយអ៊ីចឹងទៅបង? មិនមែនតែខ្ញុំម្នាក់ទេ ដែលធ្វើការ នោះជាមួយលោកអភិបាលណ្ឌ គឺមានតារាចូលរួមជាច្រើនតើ ពេលមានកម្មវិធីគាត់ម្តងៗ។ ខ្ញុំនិងគាត់រាប់អានគ្នាធម្មតាទេ អ៊ីចឹងខ្ញុំមិនខ្លាចប្រពន្ធគាត់ប្រចណ្ឌខ្ញុំរឿងនេះទេ ព្រោះគាត់ដឹងថា មានតារាច្រើនណាស់ចូលរួមរាល់មានកម្មវិធីម្តងៗ ហើយសម្រាប់ខ្ញុំបានបើកចិត្តទូលាយគឺឱ្យតែមានកម្មវិធីម្តងៗទាក់ទងរឿងសប្បុរសធម៌អី ខ្ញុំទៅចូលរួមជានិច្ចឱ្យតែឆ្លៀតបាន”។

ដោយមិនអស់ចិត្តរឿងបេប៊ី ត្រូវគេផ្សារភ្ជាប់ថា មានទំនាក់ទំនងលើសធម្មតាជាមួយលោកអភិបាលខណ្ឌនោះ ទើបអ្នកស្រីប៊ុន ណារី ជាម្តាយបេប៊ី បានចេញមកបញ្ជាក់បន្ថែមថា កូនស្រីគាត់គ្មានទំនាក់ទំនងពិសេសជាមួយលោកអភិបាលខណ្ឌម្នាក់ណាទេ គឺបេះដូងនៅទំនេរស្អាត ហើយការលេចឮបែបនេះវាធ្វើឱ្យប៉ះពាល់អារម្មណ៍គាត់ ក៏ដូចជាកូនស្រី ព្រោះខ្លាចប្រពន្ធលោកអភិបាលខណ្ឌ ច្រឡំប្រចណ្ឌស្វាមីជាមួយបេប៊ី ។

អ្នកស្រីណារី បញ្ជាក់បន្ថែមថា “អត់ទេ! អ្នកណានិយាយផ្តេសផ្តាសហ្នឹង! មាត់ស្អុយមែន! មានរឿងអ៊ីចឹងមកពីណា? យី! ពិតជាពិបាកមែនតើ មានរឿងអ៊ីចឹង ខ្លាចតែប្រពន្ធគេរករឿងប្រចណ្ឌអីទេខ្ញុំ”។

ទោះជាយ៉ាងណា បេប៊ី នៅតែអះអាងថា នាងគ្មានការបារម្ភច្រើនហួសហេតុទៅលើរឿងទាំងនេះពេកទេ ព្រោះសំអាងថា មិនមែនតែនាងម្នាក់ទេដែលធ្លាប់ទៅចូលរួមកម្មវិធីជាមួយលោកអភិបាលខណ្ឌនោះ គឺមានតារាផ្សេងៗជាច្រើនទៀតទៅជាមួយដែរ ហើយនាងនៅតែបន្តចូលរួមកម្មវិធីរបស់លោកអភិបាលខណ្ឌតទៅទៀត ទោះជាមានរឿងលេចឮមិនល្អបែបនេះក្តី។

ប៉ុន្តែនៅពេលត្រូវសួរថា ពេលណាយកប្តីនោះ បេប៊ី ដែលទើបមានអាយុ២៣ឆ្នាំនោះថា នាងមិនទាន់ចង់បានស្វាមីទេ ព្រោះខ្លាចរញ៉េរញ៉ៃពិបាកធ្វើការងារសិល្បៈ ដោយសារមានអ្នកជាប់ដៃជាប់ជើង៕