Saturday, September 20, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ត មិនពេញចិត្តចំពោះអ្នកថា មិនខ្លាំង

ខេមរៈ សិរីមន្ត មិនពេញចិត្តចំពោះអ្នកថា មិនខ្លាំង

ខេមរៈ សិរីមន្ត ដែលធ្លាប់ធ្វើឱ្យទីផ្សារចម្រៀងមានការប្រែប្រួលអំឡុងនៅសាន់ដេ នោះ ពេលនេះនៅតែមានការលើកឡើងពីមហាជនទូទៅថា ភាពល្បីល្បាញរបស់សិរីមន្ត នៅហង្សមាស មិនទាន់ខ្លាំងក្លាដូចកាលនៅទ្រនំចាស់ឡើយ បើទោះជាពេលនេះ សិរីមន្ត ត្រូវបានហង្សមាស ឱ្យតំណែងធំជាគណៈកម្មការ X Factor Cambodia រដូវកាលទី១ក្តី។

ទោះជាយ៉ាងណា ការលើកឡើងបែបនេះមិនត្រូវបានលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត ពេញចិត្តឡើយ ហើយអតីតតារាចម្រៀង U2 រូបនេះ បានអះអាងថា ផ្លូវដែលលោកដើរគឺមានគូសប្លង់ហើយជាស្រេច បើដើរខុសផ្លូវនោះ គឹលោកមិនធ្វើជាដាច់ខាត…។

ឪកាលនៅសាន់ដេ ខេមរៈ សិរីមន្ត ប្រៀបបាន “តោ” ដែលតារាណាក៏ខ្លាច ហើយភាពល្បីល្បាញរបស់គេធ្វើឱ្យកំពូលតារាចម្រៀងព្រាប សុវត្ថិ ស្ទើរតែរង្គោះរង្គើ ម្តងៗទៀតផង។

ប៉ុន្តែនៅពេលដែលខេមរៈ សិរីមន្ត ស្ពាយបង្វេចចេញពីសាន់ដេ ចូលហង្សមាស នោះ ស្រាប់តែមានមតិ២ខ្វែងគំនិតគ្នាដោយលើកឡើងថា សិរីមន្ត មិនសូវខ្លាំងដូចមុនទៀតទេ គឺចុះខ្សោយជាងមុន និងខ្លះថា លោកសិរីមន្ត នៅតែល្បីដដែលទៅវិញ។

ការវិភាគទៅលើខេមរៈ សិរីមន្ត ថា នៅតែល្បីមិនធ្វើឱ្យសិរីមន្ត ប្រតិកម្មនោះទេ ប៉ុន្តែសម្រាប់អ្នកណាថា សិរីមន្ត ខ្សោយជាងមុនត្រូវបានលោកសិរីមន្ត ដេញដោលរកមូលហេតុហើយលោកស្នើសុំកុំឱ្យមហាជនទាំងឡាយឆាប់វាយតម្លៃលោកពេក ព្រោះរយៈពេលនៃការច្រៀងនៅផលិតកម្មសាន់ដេ និងហង្សមាស គឺមិនដូចគ្នាឡើយ។

សិរីមន្ត ថា បើបទចម្រៀងរបស់លោកនៅសាន់ដេ មាន១ពាន់បទ គឺមានន័យថា បទចម្រៀងលោក នៅហង្សមាស ពេលនេះទើបមានតែ៥ទៅ៦បទប៉ុណ្ណោះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀត គឺសិរីមន្ត បានបង្ហើបឱ្យដឹងថា លោកមានប្លង់សម្រាប់ដើរក្នុងសិល្បៈច្បាស់លាស់ណាស់ ដែលបានកំណត់អស់ទៅហើយ គឺបើដើរខុសពីអ្វីដែលបានគូសវាស ទៅហើយនោះ លោកនឹងមិនធ្វើជាដាច់ខាត។

សិរីមន្ត បញ្ជាក់ថា ចំពោះអ្នកថា លោកខ្សោយជាងមុនមិនសូវខ្លាំងដូចមុននោះ គ្រាន់តែជា “អារម្មណ៍” មួយប៉ុណ្ណោះ មិនមែនជាការពិតនោះទេ។

លោកម៉ិញ សុធីវណ្ណ ធ្លាប់អះអាងថា លោកពេញចិត្តសមត្ថភាពខេមរៈ សិរីមន្ត ជាងព្រាប សុវត្ថិ។ ប៉ុន្តែលោកបញ្ជាក់ថា រវាងសិរីមន្ត និងសុវត្ថិ គឺនៅពេលដែលពួកគេច្រៀងនៅផលិតកម្មតែមួយបែបនេះ មួយណាចេញបទចម្រៀងបានច្រើនជាង អ្នកនោះហើយគឺជាអ្នក “ឈ្នះ”។

ដោយឡែក លោកនូ ស៊ិប អ្នកចម្រៀងជើងចាស់ ធ្លាប់ប្រាប់ថា ពេលនេះ សិរីមន្ត ហាក់ដូចជាកំពុងតែរង់ចាំត្រៀមជំនួសតំណែងតារាណាម្នាក់ បានជាឥឡូវមិនទាន់ល្បីខ្លាំងដូចកាលនៅសាន់ដេ ទេ។

ក្រៅពីមានការខ្វែងគំនិតគ្នាទៅលើអាជីពចម្រៀងរបស់ខេមរៈ សិរីមន្ត នៅពេលនេះ ក៏មានទស្សនិកជនមួយចំនួនទៀតបានលើកឡើងថា លោកសិរីមន្ត ដែលកាន់តំណែងធំលើកដំបូងនៅហង្សមាស X Factor Cambodia នោះ ក៏មិនសូវពូកែវោហោរសព្ទក្នុងការឱ្យដំបូន្មានទៅលើបេក្ខជន ដែលចូលរួមប្រកួតដែរ៕

RELATED ARTICLES