Saturday, September 20, 2025
Homeតារាខ្មែរម៉េង វិមានរតនា រៀបការកូនស្រីជាមួយកូនប្រុសឯកឧត្តមវង្ស ដាវិន ផ្អើលពេញភូមិ

ម៉េង វិមានរតនា រៀបការកូនស្រីជាមួយកូនប្រុសឯកឧត្តមវង្ស ដាវិន ផ្អើលពេញភូមិ

មង្គលការកូនស្រីរបស់អ្នកនាងម៉េង វិមានរតនា កាលពីរាត្រីថ្ងៃទី២១ ខែវិ​ច្ឆិកា ឆ្នាំ២០១៩ មិនធ្វើនៅហាងដូចមង្គលការកូនតារាផ្សេងៗទៀតទេ គឺរៀបចំពិធីនៅផ្ទះជប់លៀងផ្អើលពេញភូមិតែម្ដង ព្រោះផ្ទះអតីតតារាសម្ដែងនិងចម្រៀងរូបនេះ មានដល់ទៅ៥ល្វែងជាប់គ្នា នៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងធៀបការបញ្ជាក់យ៉ាងច្បាស់ថា កូនស្រីរបស់អ្នកនាងម៉េង វិមានរតនា ឈ្មោះម៉េង រតនានីហ្សា រៀបការជាមួយកូនប្រុសឈ្មោះវង្ស ខេមរៈ ដែលជាកូនរបស់ឯកឧត្តមវង្ស ដាវិន លោកជំទាវសំ សារ៉េត ខណៈដែលស្វាមីរបស់អ្នកនាងវិមានរតនា គឺឯកឧត្តមមៃ សារឿន ។

អ្នកនាងម៉េង វិមានរតនាពេលផ្តល់សម្ភាសន៍

អ្នកនាងម៉េង វិមានរតនា បានឲ្យដឹងថា មង្គលការនេះជាកូនស្រីច្បងរបស់អ្នកនាង ក្នុងចំណោមកូនទាំងអស់មាន៣នាក់ គឺសុទ្ធតែស្រីៗទាំងអស់ ដែលកូនទី២ អាយុ១២ឆ្នាំ និងកូនទី៣ អាយុ៧ឆ្នាំ។

កូនស្រីអ្នកនាង អ្នកនាងម៉េង វិមានរតនា

អ្នកនាងរតនា បានឲ្យដឹងដែរថា នាងបានឃ្លាតឆ្ងាយពីអាជីពសិល្បៈជិត១០ឆ្នាំមកហើយ គឺនៅតែផ្ទះ ព្រោះស្វាមីមិនចង់ឲ្យវិលទៅលេងសិល្បៈទៀតទេ។ ប៉ុន្ដែក្នុងចិត្តរបស់នាងវិញ នៅតែស្រលាញ់សិល្បៈ ហើយបើមានស្ថានីយទូរទស្សន៍ណាហៅឡើងច្រៀង អ្នកនាងនៅតែទទួលដដែល ព្រោះស្រលាញ់សិល្បៈតាំងពីក្មេងម្ល៉េះ។

អ្នកនាង ម៉េង កែវពេជ្ជតា

អ្នកនាងម៉េង វិមានរតនា ជាប្អូនបង្កើតរបស់តារាចម្រៀងម៉េង កែវពេជ្ជតា តែម្ដាយផ្សេងគ្នា។ នាងធ្លាប់ថតបទចម្រៀងរាំវង់ជាមួយតារាចម្រៀងទូច ស៊ុននិច និងម៉េង កែវពេជ្ជតា ហើយក្រោយមកថៅកែហង្សមាស ពេញចិត្តហៅឲ្យថតបទចម្រៀងរបស់លោកហួរ ឡាវី “អាណែតមាសបង” និងបទ ”មួយរាត្រីនឹកតែអូន” ជាដើម។ ដៃគូសម្ដែងរបស់វិមានរតនា មានដូចជា លោកយុត្ថារ៉ា ឆាន្នី , ជា សំណាង និងទេព វាសនា ជាដើម។

នៅថ្ងៃរៀបការកូនស្រីទី១នេះ អ្នកនាងរតនា បានរៀបចំកិម្មវិធីជប់លៀងជាង១០០តុ ប៉ុន្តែមានតារាសិល្បៈតិចតួចប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញ ក្នុងនោះមានដូចជា ថន លក្ខិណា, ប៉េងប៉ោង , អោក សុម៉ាវត្តី , និងយ៉ែម សំអូន និងលោកកុយ ស៊ីឌឿន ជាដើម ព្រោះអ្នកនាងរតនា ថា ខ្លាចចិត្តមិត្តភក្ដិមិនហ៊ានហៅ ដោយសារតែអ្នកនាងបានចាកចេញពីសិល្បៈច្រើនឆ្នាំមកហើយ។

ក្រៅពីតាំងចិត្តថា នៅតែចាប់ក្បាលមីក្រូឡើងឆាក បើទោះជាពេលនេះ មានជីវភាពធូរធារខ្លាំងទៅហើយនោះ អ្នកនាងម៉េង វិមានរតនា បានអះអាងដែរថា កូនៗរបស់នាងក៏ស្រលាញ់សិល្បៈដែរ ពិសេសគឺកូនទី១ ចង់លេងហ្គីតា ហើយកូនទី៣ ចូលចិត្តព្យាណូ។

អ្នកនាងមិនប្រឆាំងកូនក្នុងការចូលចិត្តលេងភ្លេងនេះទេ ប៉ុន្តែចង់ឲ្យកូនៗរៀនចប់សិន ទើបឲ្យចូលសិល្បៈ ដើម្បីកុំឲ្យពួកគេបែកអារម្មណ៍៕

RELATED ARTICLES