តារាសម្ដែងសឿង ផាន់ផាភួង បានអះអាងថា នាងមិនប្រឆាំងពីទាក់ទំនងកូនស្រីអាង សុជាតា ហៅឈូឈូ ជាមួយទេព ពិសិដ្ឋ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី២ឡើយ បើសិនជាពួកគេទាំងពីរស្រលាញ់គ្នាមែននោះ ប៉ុន្តែការពិតទាំង២នាក់គ្មានទំនាក់ទំនងពិសេសដូចគេសង្ស័យនោះទេ គឺគ្រាន់តែរាប់អានគ្នាធម្មតាប៉ុណ្ណោះ ព្រោះពួកគេនៅក្មេងៗណាស់ អីចឹងហើយនាងឈប់ឲ្យមានការយល់ច្រឡំតទៅទៀតទៅ។

ផាន់ផាភួង ថា នាងមានកូនស្រីតែ១គ្រាប់ហ្នឹង ហើយកន្លងមក មានអ្នកខ្លះដឹងថា ជាកូននាង ប៉ុន្តែខ្លះទៀតច្រឡំថា ជាប្អូនស្រីក៏មានដែរ តែនាងនៅស្ងៀមស្ងាត់មិនតតបឡើយ។

សឿង ផាន់ផាភួង ថ្លែងថា ”មានគេសួរច្រើនហើយពីទំនាក់ទំនងកូនស្រីខ្ញុំជាមួយពិសិដ្ឋ ហ្នឹងព្រោះឃើញពួកគេស្និទ្ធស្នាលគ្នា។ ខ្ញុំមិនអស់ចិត្តឲ្យគេតាមដានមើល ដោយមិនឲ្យពួកគេដឹងខ្លួនទេ ព្រោះចង់ដឹងការពិត ហើយបានដឹងច្បាស់អស់ទៅហើយថា ពួកគេគ្រាន់តែរាប់អានគ្នាធម្មតា អត់មានរឿងស្នេហាអីជាមួយគ្នាទេ។ ខ្ញុំសូមឲ្យបងប្អូនឈប់យល់ច្រឡំទៅទៀតថា ពួកគេស្រលាញ់គ្នា ព្រោះទាំងពីរនាក់នៅក្មេងៗណាស់ ហើយឈូឈូ និងពិសិដ្ឋ រាប់អានគ្នាតាំងពីមុនពិសិដ្ឋ លើកពានម្ល៉េះ”។

ក្រៅពីអះអាងថា កូនស្រីគ្មានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងហង្សមាស នោះ សឿង ផាន់ផាភួង ក៏បានប្រាប់ដែរថា ឈូឈូ ត្រូវបានផលិតកម្មហង្សមាស ហៅនាងថតសម្ដែងជាតួឯក ប៉ុន្ដែដោយសារនាងជាប់នៅរៀន ទើបមិនអាចឈប់ ឬផ្អាកការសិក្សាមកថតភាពយន្ដនោះបានឡើយ។ ប៉ុន្ដែក្រោយពេលកូនស្រីរៀនចប់ ហើយនាងនឹងអនុញ្ញាតឲ្យកូនលេងសិល្បៈទៅតាមទេពកោសល្យដែលនាងមាន។

ផាន់ផាភួង បន្ថែមថា ”ខ្ញុំស្ដាយដែរដែលថ្មីៗនេះ ខាងផលិតកម្មរស្មីហង្សមាស បានហៅឈូឈូ ឲ្យថតកុនរឿងមួយគេឲ្យលេងជាតួឯកតែម្ដង ប៉ុន្ដែដោយសារកូនខ្ញុំជាប់រៀនទើបមិនអាចផ្អាកការសិក្សារទៅថតរឿងនោះបានទេ។

ឈូឈូ រៀននៅថ្នាក់ទី១០ សាលាឯកជនមួយ ហើយកន្លងមកនាងធ្លាប់ថតខារ៉ាអូខេជាមួយទេព ពិសិដ្ឋ និងធ្លាប់ដើរម៉ូដដែរ។ ផាភួង បន្ថែមថា ខ្ញុំមិនជំទាស់កូនស្រីទេបើគេចង់លេងសិល្បៈ ថ្ងៃក្រោយគេអាចចូលបាន ប៉ុន្តែពេលនេះឲ្យកូនផ្ដោតលើការសិក្សារឲ្យបានល្អជាមុនសិន”៕

