មាស សុខសោភា បានទៅដល់កូរ៉េហើយ ដោយឡើងយន្ដហោះកាលពីម្សិលមិញ ដើម្បីចូលរួមកម្មវិធី “ASEAN FANTASIA” ដែលត្រូវច្រៀងសម្ដែងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រារព្ធនៅ Changwon ប្រទេសកូរ៉េខាងត្បូង។

មុនឡើងយន្ដហោះ គេឃើញមានក្រុមអ្នកគាំទ្រតារាចម្រៀងល្បីឈ្មោះរូបនេះ បានហែហមទៅជូនដំណើរ និងលើកទឹកចិត្តនាងដល់ព្រលានយន្ដហោះភ្នំពេញ ផងដែរ ធ្វើឲ្យសោភា កាន់តែមានទំនុកចិត្តថែមទៀត។

គួរបញ្ជក់ថា ការចេញទៅកូរ៉េលើកនេះរបស់មាស សុខសោភា ជាលើកទី៣ហើយសម្រាប់នាង ប៉ុន្ដែកាលទៅ២លើកមុន នាងចេញទៅច្រៀងសម្ដែងធម្មតា តាមការអញ្ជើញពីក្រុមហ៊ុនអចលនទ្រព្យមួយ។

ប៉ុន្តែទៅលើកនេះខុសពីមុន ព្រោះសោភា ក្នុងនាមជាតារាចម្រៀងតំណាងឲ្យតារាកម្ពុជា ហើយនាងនឹងជួបជាមួយតារាមច្រៀងល្បីៗមួយចំនួនទៀត មកពីតំបន់អាស៊ាន តំណាងឲ្យប្រទេសនីមួយៗ ដូចជា ថៃ, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, វៀតណាម, ក្រុមចម្រៀង K-Pop ជាពិសេសគឺម្ចាស់បទ ”Gangnam Style” លោក PSY តែម្ដង។

មាស សុខសោភា បានប្រាប់អ្នកយកព័ត៌មានយើងមុនឡើងយន្ដហោះថា នាងត្រូវច្រៀងសម្ដែងបទចម្រៀងទោលម្នាក់ឯង៣បទ គឺបទ ”Dance Together”,” Everywhere Together”, ”ម្នាក់ឯងមិនស្លាប់ទេ” និងបទច្រៀងរួមគ្នាជាភាសាអង់គ្លេសជាមួយតារាចម្រៀង K-Pop និងតារាមកបីបណ្ដាប្រទេសអាស៊ានទាំងអស់ គឺបទ ”Site By Site”។

មាស សុខសោភា ថានាងមានកិត្តិយសខ្លាំងណាស់ក្នុងការឡើងឆាកអាស៊ាន លើកទី១ តំណាងឲ្យតារាកម្ពុជានេះ ព្រោះជាកិត្តយសធំសម្រាប់នាង ហេតុនេះហើយនាងត្រូវតែត្រៀមច្រៀងសម្ដែងឲ្យបានល្អ។ ប៉ុន្ដែនាងមិនបានយកក្រុមរាំអមទៅជាមួយទេ ហើយត្រៀមវិលមកវិញនៅថ្ងៃទី២៥ ខែវិច្ឆិកា។

ក្រៅពីមាស សុខសោភា កន្លងមកតារាដែលចេញទៅច្រៀងលើឆាកអាស៊ានតំណាងឲ្យកម្ពុជា ញឹកញាប់ជាងគេ គឺលោកព្រាប សុវត្ថិ ប៉ុន្ដែនៅឆ្នាំ២០១៩នេះ សោភា មានឱកាសទៅជំនួសព្រាប សុវត្ថិ ម្ដង ដែលទាំងកេរ្ដិ៍ឈ្មោះនិងសមត្ថភាពរបស់នាងពិតជាស័ក្តិសមក្នុងការទៅច្រៀងសម្ដែងតំណាងឲ្យតារាកម្ពុជា៕