មាស សុខសោភា បានទៅដល់កូរ៉េ និងបានចូលរួមច្រៀងសម្តែងក្នុងកម្មវិធី ASEAN FANTASIA ដែល ត្រូវកាលពីនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលប្រារឰនៅឆាងវ៉ុន ប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ការចេញទៅកូរ៉េលើកនេះ របស់មាស សុខសោភា ជាលើកទី៣ហើយសម្រាប់នាង ប៉ុន្តែកាលទៅ២លើកមុន នាងចេញទៅច្រៀងសម្តែងធម្មតាតាមការអញ្ជើញពីក្រុមហ៊ុនអចលនទ្រព្យមួយ។ ប៉ុន្តែទៅលើកនេះខុសពីមុន ព្រោះសោភា ក្នុងនាមជាតារាចម្រៀងតំណាងឱ្យតារាកម្ពុជា ហើយនាងនឹងជួបជាមួយតារាមច្រៀងល្បីៗមួយចំនួនទៀតមកពីតំបន់អាស៊ានតំណាងឱ្យប្រទេសនីមួយៗ ក្រុមចម្រៀង K-POP ជាពិសេសគឺម្ចាស់បទ លោក PSY ម្ចាស់បទ “Gangnam Style” តែម្តង។

មាស សុខសោភា បានប្រាប់អ្នកយកព័ត៌មានយើង មុនឡើងយន្តហោះថា នាងត្រូវច្រៀងសម្តែងបទចម្រៀងទោលម្នាក់ឯង៣បទ គឺបទ “Dance Together”, “Everywhere Together”, “ម្នាក់ឯងមិនស្លាប់ទេ” និងបទច្រៀងរួមគ្នាជាភាសាអង់គ្លេស ជាមួយតារាចម្រៀង K-POP និងតារាមកបីបណ្តាប្រទេស អាស៊ានទាំងអស់ គឺបទ “Site By Site”។

មាស សុខសោភា ថា នាងមានកិត្តិយសខ្លាំងណាស់ក្នុងការឡើងឆាកអាស៊ានលើកទី១ តំណាងឱ្យតារាកម្ពុជានេះ ព្រោះជាកិត្តិយសធំសម្រាប់នាង ហេតុនេះហើយនាងត្រូវតែត្រៀមច្រៀងសម្តែងឱ្យបានល្អ។ ប៉ុន្តែនាងមិនបានយកក្រុមរាំអមទៅជាមួយទេ។

ក្រៅពីមាស សុខសោភា កន្លងមកតារាដែលចេញទៅច្រៀងលើឆាកអាស៊ានតំណាងឱ្យកម្ពុជាញឹកញាប់ជាងគេ គឺលោកព្រាប សុវត្ថិ ប៉ុន្តែនៅឆ្នាំ២០១៩នេះ សោភា មានឱកាសទៅជំនួសព្រាប សុវត្ថិ ម្តង ដែលទាំងកេរ្តិ៍ឈ្មោះនិងសមត្ថភាពរបស់នាងពិតជាស័ក្តិសមក្នុងការទៅច្រៀងសម្តែងតំណាងឱ្យតារាកម្ពុជា។

ប៉ុន្តែគេមិនទាន់ដឹងថា មាស សុខសោភា អាចធ្វើបានល្អដូចព្រាប សុវត្ថិ ឬយ៉ាងណាទេ ព្រោះកន្លងមកតារាជើងចាស់របស់ហង្សមាស តែងតែមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ ហើយលោកថែម ទាំងបានយកក្រុមរាំអមផ្ទាល់ខ្លួនទៅជាមួយផងដែរ។
តាមព័ត៌មានថា ទោះជាគ្មានក្រុមរាំអមផ្ទាល់ខ្លួនទៅជាមួយក្តី ប៉ុន្តែ មាស សុខសោភា ត្រូវបានគូស្នេហ៍របស់នាង លោកអ៊ឹត រ៉ាដា អមតារាចម្រៀងរូបនេះឡើងឆាកអន្តរជាតិនោះ ហើយលោករ៉ាដា ជាជំនួយការយ៉ាងពិសេសសម្រាប់ផ្តល់យោបល់លើការតុបតែងខ្លួនដល់សោភា ទៀតផង។

គេជឿថា ក្រោយសម្តែងចប់ មាស សុខសោភា នឹងឆ្លៀតនាំគូស្នេហ៍ដើរលេងនៅកូរ៉េរយៈពេលខ្លីជាមិនខាន ដើម្បីរឹតចំណងស្នេហា១១ឆ្នាំឱ្យកាន់តែរឹងមាំថែមទៀត។

ប៉ុន្តែទោះជាត្រៀមសប្បាយយ៉ាងណា ក៏សោភា ត្រូវតែវិលវិញឱ្យទាន់ដើម្បីចូលរួមមង្គលការតារាសម្តែង កែវ សីហា ដែលធ្វើនៅថ្ងៃទី២៧ ខែវិច្ឆិកា និងលោកប៉ែន ចំរ៉ុង ដែលធ្វើនៅថ្ងៃទី២៨ ខែវិច្ឆិកា នោះដែរ ព្រោះតាមរយៈការឡើងឆាកតន្ត្រីអាស៊ីអាគ្នេយ៍មុននេះ សោភា ថា នឹងមកចូលរួមមង្គលការរបស់ពួកគេឱ្យទាន់ មិនឱ្យខកខានឡើយ៕