Saturday, September 20, 2025
Homeតារាខ្មែរសុខ ពិសី អ្នកគាំទ្រព័ទ្ធចាប់ឱបថើប រើខ្លួនមិនចង់រួច

សុខ ពិសី អ្នកគាំទ្រព័ទ្ធចាប់ឱបថើប រើខ្លួនមិនចង់រួច

យុវវ័យទាំងប្រុសស្រីបានព័ទ្ធចាប់ឱបថើបតារាចម្រៀងសាច់សខ្ចី សុខ ពិសី ដល់ឆាកស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ធ្វើឱ្យអ្នកចម្រៀងសាច់សខ្ចីរូបនេះរើខ្លួនមិនចង់រួចឡើយ។

នេះមិនមែនជាលើកទី១ទេ ដែលពិសី ត្រូវបានអ្នកគាំទ្រចាប់ថើបតាមឆាកបែបនេះ តែជាទម្លាប់ទៅ ហើយដែលនាងទៅដល់ឆាកតន្ត្រីណាតែងតែមានក្រុមយុវវ័យតាមដល់នោះតែម្តង។ ពួកគេភាគច្រើនជាយុវវ័យដែលចូលចិត្តស្តាប់បទចម្រៀងនាង ហើយតែងតែមានកាដូបាច់ផ្កានិងតុក្កតាជាដើម ជូនទៅតារាចម្រៀងរូបនេះ ដោយខ្លះទៀតថែមទាំងយកលុយធ្វើជាកម្រងផ្កាពាក់ឱ្យពិសី ទៀតផង។

សុខ ពិសី ថ្លែងថា នាងនឹងចងចាំជារៀងរហូតនូវការស្រលាញ់ពីសំណាក់អ្នកគាំទ្រទាំងឡាយមកលើរូបនាង។ ដោយឡែក ដើម្បីបំពេញនូវក្តីស្រលាញ់នេះ នាងថា នាពេលខាងមុខនឹងត្រៀមចេញបទចម្រៀងជាខ្សែរឿងប្លែកជាងពេលមុនៗ ហើយសង្ឃឹមថា នឹងត្រូវចិត្តអ្នកគាំទ្ររបស់នាងជាមិនខានឡើយ។

តាមរយៈការបង្ហាញខ្លួនចុងក្រោយនេះ គេឃើញសុខ ពិសី មានរាងស្វែលតូចច្រឡឹងជាងមុនដែលមើលទៅស្រីស្អាតរបស់សាន់ដេ នេះ កាន់តែមានការប្រែប្រួលខ្លាំង រួមទាំងក្បាច់រាំផងដែរ ព្រោះកាលពីឆ្នាំមុន ពិសី ច្រើនតែច្រៀងបទស្លូវជាងបទញាក់ ប៉ុន្តែពេលនេះនាងច្រៀងបទញាក់និងស្លូវស្មើគ្នាតែម្តង ហើយថែមទាំងលេងក្បាច់រាំដូចតារាល្បីផ្សេងៗទៀតដែរ។

ប៉ុន្តែអ្នកទស្សនាផ្ទាល់និយាយថា ពិសី មិនហ៊ានរាំកញ្ជ្រោលខ្លាំងៗដូចយូរី ឬទេព បូព្រឹក្ស និងរ៉ាប៊ី នោះទេ គឺនាងរាំតិចៗបែបជាស្រីស្អាត ដែលមើលទៅគួរឱ្យក្នាញ់។

សុខ ពិសី វាចាថា “ខ្ញុំរវល់ច្រើនជាមួយអាជីពចម្រៀង រហូតពេលខ្លះចុះខេត្តដល់ទៅ១សប្តាហ៍ ទើបមកផ្ទះវិញក៏មាន។ ពេលខ្ញុំចេញទៅច្រៀងនៅខេត្ត មានក្រុមហ៊ុនខ្លះគេស្កាត់ឃាត់ឱ្យច្រៀងកម្មវិធីគេផ្សេងទៀតតែម្តង អ៊ីចឹងហើយបានជាមិនសូវមានពេលវេលាជាមួយអ្នកផ្ទះហ្នឹង។ សម្រាប់ឆ្នាំនេះ ខ្ញុំនៅតែមានការរវល់ច្រើនដូចឆ្នាំមុនដែរ ហើយចេញច្រៀងតាមខេត្តញឹកញាប់ដែរ ប៉ុន្តែកម្មវិធីមួយចំនួនគេមិន Live អ៊ីចឹងហើយបានជាមិនសូវឃើញខ្ញុំ”។

ក្រៅពីរក្សាទីផ្សារចម្រៀងផ្នែកយុវវ័យនោះ សុខ ពិសី ក៏ជាតារាស្ពតពាណិជ្ជកម្មដ៏ពេញនិយមផងដែរ ដោយនាងបង្ហាញខ្លួនតាមក្រុមហ៊ុនអេឡិចត្រូនិក ភេសជ្ជៈ និងផលិតផលរក្សាសម្រស់ជាច្រើនទៀតផង។

ពិសី ថា នាងសប្បាយចិត្តណាស់ចំពោះការធ្វើការជាមួយបណ្តាក្រុមហ៊ុនទាំងនោះ ហើយនៅឆ្នាំ២០១៩នេះ នាងពិតជាបានថតស្ពតលក្ខណៈស្តង់ដារច្រើនដែលជំរុញឱ្យកេរ្តិ៍ឈ្មោះ និងប្រាក់ ចំណូលរបស់នាងកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។ សម្រាប់មុខរបរក្រៅពីអាជីពសិល្បៈវិញ ពេលនេះ នាងក៏នាំគ្រឿងសម្អាងចូលពីបរទេសមកលក់ក្នុងស្រុកផងដែរ។

ចំណែកការទាក់ទងរឿងចូលរោងការវិញ សុខ ពិសី ថា នាងមិនទាន់ហ៊ានកំណត់ពេលវេលាជាក់លាក់ទេ ព្រោះការមហាញឹកក្នុងសិល្បៈច្រើនពេកធ្វើឱ្យនាងត្រូវផ្តោតលើអាជីពសិល្បៈឱ្យបានល្អជាងនេះសិន។

ការមិនទាន់ហ៊ានកំណត់ពេលវេលារៀបការនេះ ចំពេលដែលដំណឹងស្នេហ៍របស់ពិសី និងលោក ឡាយ សុខចំរើន ដែលជាថៅកែសាន់ដេ នៅមិនទាន់ស្ងាត់ ហេតុនេះហើយគេចាំមើលថា តារាសាច់សខ្ចីដូចបណ្តូលចេករូបនេះនឹងជ្រើសស្នេហ៍ជួញជិតប្រសើរជាងជួយឆ្ងាយដូចឱក សុគន្ធកញ្ញា ដែរ ឬយ៉ាងណា?៕

RELATED ARTICLES