Saturday, September 20, 2025
Homeតារាខ្មែរអ្នកនាងម៉េង កែវពេជ្ជតា ដាក់សំណួរចំនួន៧ ឲ្យបុរសម្នាក់ដែលមានបំណងចាក់រុក

អ្នកនាងម៉េង កែវពេជ្ជតា ដាក់សំណួរចំនួន៧ ឲ្យបុរសម្នាក់ដែលមានបំណងចាក់រុក

នៅស្ងាត់ៗ ស្រាប់តែអ្នកនាងម៉េង កែវពេជ្ជតា បានប្រតិកម្មជាមួយបុរសម្នាក់ដែលបានចែករំលែកព័ត៌មាន ហើយបានសរសេរសារដែលធ្វើឲ្យប៉ះពាល់កិត្តិយស់អ្នកនាង ដោយថែមទាំងដាក់សំណួរចំនួន៧ ឲ្យបុរសនោះឆ្លើយថែមទៀតផង។

អ្នកនាងម៉េង កែវពេជ្ជតា បានបង្ហោះសារនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ”៧​ សំនួរសម្រាប់លោក​ ប៉ាង​ សុខឿន​ឆ្លេីយ​ ក្នងពេលដែលលោកយកពត៌មានគេសរសេរអំពីខ្ញុំ​សោះ​ យកមកឆ្លៀតឱកាសបញ្ចេញខមិនវាយប្រហារបែបនេះ​ ដល់ពេលខ្ញុំសួរ​ លោកមិនត្រឹមមិនឆ្លើយតែបែរជាប្លក់ខ្ញុំមិនអោយចូលខមិនលោកទៅវិញ​ ! ដូច្នេះមានតែលើកមកទីនេះ​ ..ហេីយអ្នកដែលចូលចិត្តជេរបញ្ចោរក៏សូមបើកភ្នែកមើលផង​!”។

អ្នកនាងពេជ្ជតា បានបន្តថា “លោក​ប៉ាង​ សុខឿន​ ! សំនេររបស់លោកពិតជាមានចេតនាញុះញង់ចាក់រុកឆ្កិះឆ្កៀលរបៀបពាលក្នុងបំណងបង្កររឿងអោយបែកបាក់​សាម្គីរវាងខ្មែរនឹងខ្មែរយ៉ាងប្រាកដណាស់​ ។ មួយទៀតលោកសរសេរក្នុងន័យពេបជ្រាយចំអក​ និងជាន់ពន្លិចបែបច្រណែនដ៏គួរអោយខ្លាច​ ។ ក្នុងនាមលោកជាអ្នកសរសេររឿងនយោបាយ​ លោកមិនគួរកំសាកញីយករូបស្ត្រីម្នាក់ដែលខំតស៊ូច្រៀងចិញ្ចឹមកូនតែម្នាក់ឯង​យ៉ាងលំបាកអស់រយៈពេលជិត១០ឆ្នាំ​មកនេះ​ ថែមទាំងយករូបក្មេងដ៏ស្លូតត្រង់ប្រៀបបានក្រណាត់សសស្អាតពីរនាក់ដែលគ្នាខំតស៊ូរៀនសូត្រ​តាមគន្លងធម៌ និងរស់នៅជាមួយ​ម្តាយដោយគ្មានឪពុកទំនុកបំរុង​បន្តិចសោះ​ មកធ្វើជាការលេងសើចចំអកផ្លែផ្កាបែបនេះទេ​ ។

អ្នកនាងពេជ្ជតា បានបន្តតៀតថា “លោកគួររក្សាសំនេររបស់លោកអោយស្ថិតក្នុងភាពថ្លៃថ្នូរ​ជាមនស្សប្រុស​ ជាអ្នកចេះដឹងដូចលោកអួត​ ជាជាងមកផ្ចាញ់ផ្ចាល់ជាមួយពួកយើង​ ។ ប៉ុន្តែខ្ញុំក៏មិនខ្លាចដែរបើលោកចង់លេងសម្តីជាមួយខ្ញុំ​ ខ្ញុំស្វាគមន៍គ្រប់ពេល​អោយតែលោក​មានហេតុផល​ និងគោរពសិទ្ធមិនល្មើសច្បាប់មនុស្សជាតិយកក្មេងមកបំពាន​ និងមិនប្រើសម្តីពាលាអាវ៉ាសែ​ ។

អ្នកនាងម៉េង កែវពេជ្ជតា បានដាក់សំណួរថា “សូមសួរលោក​នូវ​សំនួរមួយចំនួន​ :​
១.​ បេីលោកជាមនុស្សប្រុសដេីមទ្រូងប្រាំហត្ថ​មែន តេីលោកគួរតែអបអរដែរទេ​ នៅពេលដែលឃេីញស្ត្រីម្នាក់ក្រោយលែងលះធ្លាក់ខ្លួនក្រសល់តែកូនពីរ​តែអាចងេីបឈរដេីម្បីកូនៗខ្លួន​ឯងបាន​មកវិញ ដោយមិនសម្លាប់ខ្លួន​ ឬបោះបង់កូនរត់តាមប្រុសដូចស្រីខ្លះ ?

២​ .​ តេីលោកនឹងសប្បាយមែនទេពេលដែលលោកឃេីញម្តាយម្នាក់នេះ​ នាំកូនធ្លាក់ខ្លួនអានាថាជក់ថ្នាំ​ សេពគ្រឿងញៀន​ ឬប្រេីជីវិតក្នុងអបាយមុខបំផ្លាញសង្គម​ ? បេីដូច្នោះមែន​ លោកនឹងនាំគ្នាដៀលត្មះមិនឈប់មាត់

៣​ .​ តេីលោកគួរតែខ្មាស់កូនៗខ្ញុំទៅវិញ​ដែរទេ ដែលក្នុងនាមលោកក៏ជាឪពុកកូនរបស់លោក​ម្នាក់ដែរ​ តែបែរជាមិនបានផ្តល់គំរូល្អអ្វីដល់កូនៗរបស់លោក​ ?

៤.​តេីលោកខ្មាស់អៀនចំពោះពិភពលោកទេ ដែលលោកជាមនុស្សចាស់ហេីយតែងតែស្រែកជេររដ្ឋាភិបាលកម្ពុជាថាមិនដែលគិតគូរដល់សុខទុក្ខប្រជាជន​ តែពេលនេះលោកបែរជាកំពុងយកជេីងរាទឹក​ យកដៃ​សរសេរ​ បំផ្លាញ​ និងមាត់​របស់លោកស្រែកបង្កូកហៅអោយគ្នីគ្នាមួយក្តាប់តូចរបស់លោកចូលមកជេរបញ្ចោរធ្វេីជាឧបសគ្គរារាំងក្នុងការ​បណ្តុះបណ្តាលធនធានមនុស្ស​ ?

៥.​ តេីលោកគួរតែខ្មាស់អៀនកូនៗខ្ញុំដែរទេ​ ដែលពួកលោកសុទ្ធតែជាមនុស្សពេញវ័យ​ និងជាមនុស្សចាស់​ៗសក់ពីរពណ៌ទៅហេីយ​ ប៉ុន្តែស្នាដៃប៉ុនចុងក្រចកអ្វីក៏មិនទាន់បានបន្សល់ទុកជាចំណែកជួយជាតិ​អោយដូចកូនៗខ្ញុំដែលត្រឹមជាកូនក្មេងនៅឡេីយសោះ​ តែលោកបែរជាក្លាហានចូលមករុកកួនកូនក្មេង​ និងមនុស្សស្រីដែលមានកម្លាំងតិចត្រឹមតែជាអ្នក​សិល្បៈ​ទៅវិញ​នេះតេីថ្លៃថ្នូរទេ​?

៦.​ បេីលោកឈ្នះខ្ញុំ​ តេីលោកនឹងមានមោទនៈភាពមែនទេដែលក្នុងនាមលោកជាមនុស្សប្រុសពេញកំលាំងបែរជាមកប្រណាំង​ច្បាំងជាមួយមនុស្សស្រី​និងជាអ្នកសិល្បៈគ្មានគ្រឿងអាវុធ​ ហេីយកំពុងដឹកដៃកូនតូចៗដេីររកផ្លូវល្អ​ តេីលោកគិតថាធ្វេីបែបនេះវាអស្ចារ្យសម្រាប់លោក​? តេីលោកមានបេះដូងជាមនុស្សដែរទេ​? សម្រាប់ខ្ញុំគ្រាន់តែនិយាយប៉ុណ្ណេះ​ ខ្ញុំញ័ររន្ធត់ដោយក្តីអាណោចខ្លោចចិត្តទៅហេីយ​ បេីសិនរូបខ្ញុំជាម្តាយ​ឬ​ជាបងប្អូនស្រីរបស់លោក​វិញនុះ! តេីលោកនឹងគិតថាពិភពលោកលេីកពានអ្វីអោយលោក​ទេ?

៧.​ តេីលោកបានគិតទេថា​ បេីលោកនៅមានចិត្តច្រណែនព្យាបាទយ៉ាងទាបថោកបែបនេះ​ តេីពាក្យសម្តីរបស់លោក​ដែលតែងតែស្រែកអួតថាបក្សលោកស្អាតស្អំនោះ​ តេីនឹងមានប្រយោជន៍ស្អីទៅ​ ?

សរុបមក​ ដោយសារលោកនិងបក្សពួកមួយចំនួននោះមានចរិតបំផ្លាញជាតិ​ និងគ្មានស្មារតីបង្រួបបង្រួមជាតិបែបនេះហេីយ​ ទេីបបានជាគេអស់ជំនឿ​ ហេីយបក្សរបស់លោកក៏រលត់រលាយគ្មានថ្ងៃងេីប​ និងជាប់គុគ​ គឺសមហេតុសមផលណាស់​“។

យ៉ាងណា មកដល់ពេលនេះ គេមិនទាន់ឃើញលោកប៉ាង សុខខឿន ឆ្លើយនូវសំណួររបស់អ្នកនាងម៉េង ពេជ្ជតា នៅឡើយទេ៕

RELATED ARTICLES