តារាពហុជំនាញ អ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ បានលើកពាននាគរាជដែលធ្វើនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

កម្មវិធីដ៏ធំដើរលើកម្រាលព្រហ្មក្រហមដ៏អស្ចារ្យនោះ ស្រីតុ តែម្នាក់គត់ដែលទៅពីប្រទេសកម្ពុជា ចូលរួមវេទិកានៅថៃ នោះ តាមរយៈការអញ្ជើញរបស់អ្នករៀបចំកម្មវិធី ក្នុងនាមស្រីតុ ជាអគ្គនាយិកា ក្រុមហ៊ុនគីមណាវ៉ាត់ ដែលចាប់ដៃជាមួយលោកលាង គីម ជាប្រធានក្រុមហ៊ុន។

ស្វាមីរបស់ស្រីតុ លោកគង់ សុគន្ធា បានអះអាងជំនួសភរិយាថា អ្នកនាងកាតុ ពិតជាមានអារម្មណ៍រំភើបសប្បាយចិត្តខ្លាំងណាស់ដែលបានទទួលពានដ៏អស្ចារ្យមួយនេះ ព្រោះជាកិត្តិយសដ៏ធំមួយសម្រាប់នាង ដែលបាន ប្រឹងប្រែងកន្លងមក។

លោកសុគន្ធា ថ្លែងថា “ភរិយាខ្ញុំរំភើបមែនទែនដែលទទួលបានពាននាគរាជ ហ្នឹង ព្រោះកម្មវិធីនេះមានតែគាត់ទេ ដែលទៅពីខ្មែរ ហើយបានពានតែម្តង។ ម្ចាស់កម្មវិធីគេទទួលស្វាគមន៍រាក់ទាក់យើងមែនទែន ហើយការរៀបចំគឺបានល្អ ដើរលើកម្រាលព្រហ្មក្រហម មើលទៅកិត្តិយសណាស់ដែល យើងបានចួលរួមហើយបានពានមួយនេះ។ វាជាពានដែលកើតចេញពីការប្រឹងប្រែងរបស់ភរិយាខ្ញុំ តាមរយៈអាជីវកម្មមួយក្រៅពីសិល្បៈ ហើយពេលនេះជាលទ្ធផលគឺគាត់ទទួលបានពានដូចអ្វីដែលគាត់ប៉ងហើយ”។

លោកគង់ សុគន្ធា បានឱ្យដឹងដែរថា កម្មវិធីប្រគល់ពាននាគរាជដែលសំដៅដល់បុគ្គលឆ្នើមជោគ-ជ័យលើមុខជំនួញនេះ ខាងអ្នករៀបចំកម្មវិធីនៅថៃ គេរៀបចំ៤លើកហើយ តែភរិយារបស់លោកទើបតែមានឱកាសបានចូលរួមនៅលើកនេះទេ ហើយអ្វីដែលមិនខកចិត្តនោះ គឺយើងបានពានរង្វាន់ដែលយើងប៉ងនោះហើយ។

លោកសុគន្ធា បន្ថែមថា ភរិយានិងរូបលោកនឹងវិលមកស្រុកវិញនៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ហើយនឹងបន្តអាជីពសិល្បៈ ព្រមទាំងពង្រឹងមុខជំនួញឱ្យ កាន់តែរឹងមាំថែមទៀត។

គួរបញ្ជាក់ថា អ្នកនាងសុខ ច័ន្ទធីតា ជាតារាចម្រៀងនៅផលិតកម្មថោន ហើយអ្នកនាងនិងស្វាមីក៏ជាអ្នកផលិតកម្មវិធីរបស់ទូរទស្សន៍ថោន ផងដែរ។ បើទោះជាត្រូវប៉ាន់គ្រប់ផ្នែកនៃការងារសិល្បៈទាំងអស់មែន ប៉ុន្តែស្រីតុ បានងាកមកពង្រឹងអាជីវកម្មក្រៅសិល្បៈ តាមរយៈការបើកក្រុមហ៊ុនគីម ណាវ៉ាត់ ដែលអ្នកនាងនិងលោកលាង គីម ជាប្រធានក្រុមហ៊ុនដោយផ្ទាល់បានដំណើរការជិត២ឆ្នាំហើយ។

ក្រោយក្លាយទៅជាអគ្គនាយិកាក្រុមហ៊ុននេះ អ្នកនាងច័ន្ទធីតា នៅតែបន្តអាជីពសិល្បៈដូចមុន ប៉ុន្តែគេកត់សម្គាល់ឃើញនាងបានចូលរួមកម្មវិធីសប្បុរសធម៌ជាច្រើន ដូចជាកាលពីខែមុន អ្នកនាងធីតា បាននាំយកអំណោយជាសម្ភារៈសិក្សាថវិកា និងអាវរងារជាដើម ទៅចែកជូនដល់ប្អូនៗ និងពលរដ្ឋដែលរស់នៅភ្នំគូលែន ខេត្តសៀមរាប ចំនួន៥០០នាក់ផងដែរ។

អ្នកនាងស្រីតុ បានឱ្យ ដឹងដែរថា នៅចុងខែធ្នូ ឆ្នាំ២០១៩នេះ អ្នកនាងគ្រោងនឹងទៅចែកអំណោយនូវសម្ភារៈមួយចំនួនដល់បងប្អូនដែលជួបបញ្ហាខ្វះខាតនៅខេត្តព្រះវិហារ ផងដែរ ហើយសកម្មភាពសប្បុរសធម៌ទាំងនោះ គឺបានថវិកាមកពីក្រុមហ៊ុនគីមណាវ៉ាត់ ហើយអ្នកនាងនឹងនៅតែបន្តធ្វើរហូត ទៅតាមលទ្ធភាពដែលខ្លួនមាន៕