ថុន ខេមរៈមន្ដរាជិនី ជាឈ្មោះកូនស្រីទី៣របស់តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដែលត្រូវបានតារាចម្រៀងហង្សមាស រូបនេះ ជប់លៀងខួបកំណើតឲ្យកាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្ទះវីឡារបស់គេក្បែរវត្តសុវណ្ណមុនីសាគរ (សំរោងអណ្ដែត) រាជធានីភ្នំពេញ។

នេះជាលើកទី១ហើយ ដែលសិរីមន្ដ បានធ្វើពិធីខួបឲ្យកូនហើយហៅតារារួមអាជីពទៅចូលរួម ខណៈដែលកន្លងមក លោកប៊ុនថៃ ធ្វើខួបឲ្យកូនជាលក្ខណៈគ្រួសារប៉ុណ្ណោះ។ អ្វីដែលកាន់តែប្លែកនោះ សិរីមន្ដ បានចាក់បទចម្រៀងរបស់ខ្លួនមានចំណងជើងថា ”សំណព្វចិត្ត” ហើយរូបគេបានដឹកដៃប្រពន្ធ អ្នកនាងផល្លី ឡើងរាំដោយចាក់ក្បាច់ ធ្វើឲ្យភ្ញៀវចូលរួមហ៊ោគិលតែម្ដង។

គេឃើញមានតារារួមអាជីពទៅចូលរួមរួមអបអរសាទរខួបកូនស្រីរបស់ខេមរៈ សិរីមន្ដ មានដូចជា សុខ ពិសី , គង់ សុជាតិ , សុខ សីឡាលីន , កែវ ចាន់និមល, លោកគួច ខេវិន , ជា វិបុល , ប៉ែន ចំរ៉ុង និងហ្សូណូ ជាដើម។

គេកត់សម្គាល់ដែរថា ការធ្វើខួបកំណើតឲ្យកូនស្រីរបស់ខេមរៈ សិរីមន្ដ នៅពេលនេះ គឺមុនពេលដែលអតីតតារាចម្រៀងល្បីរបស់សាន់ដេ រូបនេះ ត្រៀមដឹកដៃកញ្ញាចំរើន សុភ័ក្រ ទៅច្រៀងសម្ដែងនៅប្រទេសបារាំង នៅថ្ងៃបុណ្យណូអែល (២៥ធ្នូ) ខាងមុខនេះហើយ ពួកគេនឹងឡើងយន្ដហោះនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ហើយត្រូវវិលវិញនៅថ្ងៃទី៣១ ខែឆ្នាំដដែល។

គិតមកដល់ឆ្នាំ២០១៩នេះ ខេមរៈ សិរីមន្ដ មានកូន៣នាក់ហើយ គឺកូនប្រុសទីមួយឈ្មោះខេមរៈ មន្ដស្នេហ៍ អាយុជាង៦ឆ្នាំ , កូនទីស្រី២ឈ្មោះខេមរៈ ស្រី្ដ អាយុជិត៣ឆ្នាំ និងកូនទីស្រី៣ ឈ្មោះថុន ខេមរៈមន្ដរាជិនី នេះ។

ដោយឡែកក្រៅពីសប្បាយរីករាយថ្ងៃខួបកូនស្រីទី៣នេះ ខេមរៈ សិរីមន្ដ ដែលធ្លាប់កុហកអ្នកកាសែតនិងមហាជនថា គ្មានប្រពន្ធកូនអស់៩ឆ្នាំនោះ នៅមិនទាន់បង្ហើបដំណឹងថា រូបគេនឹងដឹកដៃភរិយាអ្នកនាងកុយ ផល្លី រៀបការតាមប្រពៃណីខ្មែរជាចំហនៅពេលណាឡើយ បន្ទាប់ពីលោកប៊ុនថៃ ធ្លាប់និយាយថា បានរៀបការតាំងពីឆ្នាំ២០០៩ ប៉ុន្តែមិនដែលបញ្ចេញរូបអាពាហ៍ពិពាហ៍សូម្បី១សន្លឹកនោះ៕

