Saturday, September 20, 2025
Homeតារាខ្មែរព្រាប សុវត្ថិ វ័យ៤៤ឆ្នាំ ប្រពន្ធថា " មើលជ្រុងណាក៏នៅតែស្អាត ហើយសង្ហា"

ព្រាប សុវត្ថិ វ័យ៤៤ឆ្នាំ ប្រពន្ធថា ” មើលជ្រុងណាក៏នៅតែស្អាត ហើយសង្ហា”

ខណៈដែលមហាជនសង្ស័យថា តារាជើងចាស់របស់ផលិតកម្មរស្មីហង្សមាស ព្រាប សុវត្ថិ នៅឆ្នាំ២០១៩នេះ លោកមានវ័យជិត៥០ឆ្នាំទៅហើយនោះ ស្រាប់តែពេលនេះ អ្នកស្រីឡុង ស្រីមុំ ដែលជាភរិយារបស់លោកបានបញ្ចោញសារថា ស្វាមីរបស់អ្នកស្រីទើបតែមានវ័យ៤៤ឆ្នាំទេ ហើយរូបរាងវិញ មើលពីជ្រុងណាក៏គ្មានទាស់បន្តិចឡើយ។

អ្នកនាងឡុង ស្រីមុំ ភរិយាលោកព្រាប សុវត្ថិ បានចែកចាយ (Share) សារមួយចេញពីហ្វេសប៊ុកស្វាមីរបស់អ្នកនាងដែលមានសំណេរភ្ជាប់ជាមួយរូបថតព្រាប សុវត្ថិ ទាំង៤ប៉ុស្តិ៍ ប្រើឈុតសម្លៀកបំពាក់ផ្សេងៗគ្នានោះថា “អាយុ៤៤ឆ្នាំហើយ មើលជ្រុងណាក៏នៅតែស្អាត ហើយសង្ហា PSV”។

នេះមិនមែនជាលើកទី១ឡើយដែលភរិយារបស់ព្រាប សុវត្ថិ អ្នកនាងឡុង ស្រីមុំ តែងតែបង្ហាញសារ និងរូបភាពស្រលាញ់ស្វាមីពេញបេះដូង ធ្វើឱ្យនារីៗមិនតិចនាក់ឡើយដែលច្រណែនអ្នកនាងដែលមានស្វាមីជាបុរសរូបសង្ហាតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេស ហើយបើទោះជាមានកូន៣នាក់ ពេញវ័យកំលោះអស់ទៅហើយក្តី ប៉ុន្តែព្រាប សុវត្ថិ នៅតែស្អាត សង្ហាមិនចាស់ទៅតាមវ័យឡើយ។

អ្នកនាងស្រីមុំ ក៏ធ្លាប់បង្ហាញសារបែបមានមោទនភាពដែរនៅពេលដែលអ្នកនាងមានស្វាមីល្អបែបនេះ ហើយពេលខ្លះភរិយាកំពូលតារាចម្រៀងរូបនេះថែមទាំងបង្ហាញកាយវិការបែបក្នាញ់ស្វាមីដូចគូស្នេហ៍យុវវ័យផងដែរ។

យ៉ាងណា នៅពេលដែលអ្នកលេងបណ្តាញសង្គមសួរថា តើអ្នកនាងស្រីមុំ មានគម្រោងតាមយកកូនស្រីអត់? ទាំងព្រាប សុវត្ថិ និងអ្នកនាងស្រីមុំ មិនឆ្លើយតបឡើយ។

ប៉ុន្តែក្នុងជំនួបជាមួយអ្នកកាសែត កន្លងមក ព្រាប សុវត្ថិ បានអះអាងថា កូនប្រុសរបស់លោកទី៣ របស់លោកឈ្មោះសុវត្ថិ សិរីវុឌ្ឍ នោះ គឺជាកូនពៅ បានន័យថា លោកគ្មានបំណងតាមយកកូនស្រី ថែមមួយ ទៀតឡើយ។

គួរបញ្ជាក់ថា ព្រាប សុវត្ថិ បានរៀបការជាមួយអ្នកស្រីឡុង ស្រីមុំ កាលពីឆ្នាំ១៩៩៧ ដែលពេលនេះ ចំណងស្នេហ៍មានរយៈពេល២២ឆ្នាំមកហើយ។ រួមរស់ជាមួយគ្នាជាង២ទសវត្សន៍នេះ ព្រាប សុវត្ថិ មានកូនប្រុស៣នាក់ គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលពេលនេះពួកគេទាំង៣ច្រៀងនៅហង្សមាស ជាមួយឪពុករបស់គេ។

ប្រភពពីអ្នករស់នៅជិតខាងផ្ទះលោកព្រាប សុវត្ថិ បានបង្ហើបឱ្យដឹងថា គេមិនដែលឃើញព្រាប សុវត្ថិ និងភរិយាមានបញ្ហាធំក្នុងគ្រួសារនោះទេ ចំណែកកូនៗរបស់លោកទទួលបានការអប់រំល្អពីឪពុកម្តាយរបស់ពួកគេ ហេតុនេះហើយបានជាសុភាពៗនិងមានក្រមសីលធម៌ល្អ ព្រមទាំងមិនដែលមានរឿងអាស្រូវឡើយ។

ប៉ុន្តែនៅពេលដែលសួរថា តើក្នុងចំណោមកូនទាំង៣របស់ព្រាប សុវត្ថិ អ្នកណាទៅដែលស័ក្តិសម ស្នងតំណែងលោកជាងគេនាថ្ងៃអនាគតនោះ?

ពួកគេមិនហ៊ានសន្និដ្ឋានឡើយ ខណៈដែលតារាចម្រៀងជើងចាស់ហង្សមាស ពេជ្រ សោភា ធ្លាប់ធ្វើការសន្និដ្ឋានថា គឺមានតែកូនទី២ ឈ្មោះសុវត្ថិ មុនីនាគ ទេ ដែលមានលក្ខណៈដូចទៅនឹងព្រាប សុវត្ថិ ច្រើនជាងគេ។

ទោះជាយ៉ាងណា គេឃើញព្រាប សុវត្ថិ បានព្យាយាមបណ្តុះបណ្តាលកូនៗរបស់លោកដោយផ្តល់បទពិសោធន៍ទាំងច្រៀងសម្តែងនៅក្នុងនិងក្រៅស្រុក ឱ្យពួកគេទាំង៣ ខណៈដែលគិតត្រឹមឆ្នាំ ២០១៩នេះ នៅមិនទាន់មានតារាណាមួយផ្តួលព្រាប សុវត្ថិ បានឡើយ បើទោះជាហង្សមាស ទាញ ខេមរៈ សិរីមន្ត ពីសាន់ដេ មកធ្វើជាសមាជិកដោយជោគជ័យក្តី។

ក្រៅពីនៅរក្សាទីផ្សារសិល្បៈទាំងច្រៀងសម្តែង និងការថតស្ពតពាណិជ្ជកម្មជាមួយតម្លៃខ្លួននៅតែខ្ពស់ជាងគេនោះ ព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថា លោកមានដីធ្លីជាច្រើនកន្លែង រួមមាននៅខេត្តរតនគិរី និងបឹងបៃតង (ហ្គ្រេនភ្នំពេញ) ជាដើម ដែលមានតម្លៃរាប់លានដុល្លារ។

ប៉ុន្តែព្រាប សុវត្ថិ មិនចេះអួតអាងដូចគេឡើយ ហើយពេលនេះក្រៅពីសង់ផ្ទះក្បែរផ្សារទួលគោក ស្កឹមស្កៃ ដែលយកខ្លឹមត្នោតមកកែច្នៃនោះ តារាដែលឈរជើងនៅហង្សមាស ជាង២០ឆ្នាំនេះ ជិះរថយន្តទំនើប២គ្រឿងឆ្លាស់គ្នា គឺ Range Rover និង Ford ១២កៅអី៕

RELATED ARTICLES