Saturday, September 20, 2025
Homeតារាខ្មែរប៉ែន ចំរ៉ុង កប់ស្នេហ៍ចាស់ត្រឹមថ្ងៃនេះ

ប៉ែន ចំរ៉ុង កប់ស្នេហ៍ចាស់ត្រឹមថ្ងៃនេះ

ប៉ែន ចំរ៉ុង បានជីកកប់ស្នេហ៍ចាស់ជាមួយកូនថៅកែផលិតកម្មមហាហង្ស អ្នកនាងភិន សុដាលីស ត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះហើយ តាមរយៈការដឹកដៃគូស្នេហ៍ថ្មី នាងហ៊ុន ម៉ាណេ រៀបការតាមប្រពៃណីខ្មែរជាចំហនៅវិមានពិភពថ្មីសែនសុខ អាគារ B។

ពិធីករប៉ុស្តិ៍ PNN និង MyTV រូបនេះ គ្រោងនឹងរៀបគម្រោងយកកូនប្រើភ្លាមៗតែម្តង ក្រោយរៀបការរួច ព្រោះតែអន់ចិត្តអតីតប្រពន្ធ សុដាលីស មិនអនុញ្ញាតឱ្យលោកបានជួបមុខនិងបីកូនស្រីដែលជា តំណក់ឈាមរបស់ខ្លួនមានអាយុជាង២ឆ្នាំនោះឡើយ ទើបពេលនេះត្រូវតែឱ្យភរិយាថ្មីពពោះឱ្យបានកាន់តែឆាប់កាន់តែល្អ។

ប៉ុន្តែការបញ្ចប់ស្នេហ៍ចាស់របស់លោកចំរ៉ុង ជាមួយសុដាលីស គឺពួកគេមិនអាចរាប់អានគ្នាជាធម្មតាឡើយ ព្រោះដាលីស នៅតែមានកំហឹងឆួលជាមួយចំរ៉ុង មិនទាន់បាត់ បើទោះជាពេលនេះគេជឿថា នាងក៏មិនទុកបេះដូងឱ្យនៅទំនេរ ហើយពួកគេមានថ្មីរៀងៗខ្លួនទៅហើយក្តី។

ប៉ែន ចំរ៉ុង ធ្លាប់ប្រាប់នៅមុនថ្ងៃរៀបការថា រូបគេត្រូវតែចូលរោងការនៅឆ្នាំនេះ ដោយមិនខ្លាចភ័យធ្លាក់កូដទេ ព្រោះមើលឃើញព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត ក៏មានប្រពន្ធកូនដែរ ប៉ុន្តែនៅមានទីផ្សារសិល្បៈខ្លាំងដដែល។

ការរៀបការមុនឆ្លងឆ្នាំនេះដែរ គឺត្រូវតែធ្វើឱ្យហើយ ព្រោះនៅឆ្នាំ២០២០ លោកមមាញឹកខ្លាំងណាស់ តាមរយៈការត្រៀមរកស៊ីធំនូវមុខជំនួញ៣ព្រមគ្នាតែម្តងគឺ Auto Car, អចលនទ្រព្យ និង Cosmetic។

មង្គលការរបស់ប៉ែន ចំរ៉ុង ធ្វើពិធីជប់លៀង៨០តុ ហើយតារាសម្តែងនិងពិធីកររូបនេះបានហៅភ្ញៀវជាតារារួមអាជីពជាច្រើនផងដែរ។ ប៉ុន្តែចំរ៉ុង មិនហៅអតីតប្រពន្ធ ភិន សុដាលីស ឱ្យចូលរួមឡើយ។

គួរបញ្ជាក់ថា ក្រៅពីប៉ែន ចំរ៉ុង ដែលដឹកដៃនាងហ៊ុន ម៉ាណេ ចូលរោងការនៅថ្ងៃទី២៨ ខែវិច្ឆិកានេះ សម្រាប់ខែវិច្ឆិកានេះ មានតារា២ដួងផ្សេងទៀតបានសម្រេចចិត្តលាភាពនៅលីវ គឺអ្នកនាងកែវ សីហា រៀបការជាមួយលោកហឹង សត្យា មុនចំរ៉ុង ១ថ្ងៃ គឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ខណៈដែលសួស វីសា នឹងដឹកដៃលោកថមមី រៀបការនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ដែរ ទើបធ្វើឱ្យមហាជនជាច្រើន និយាយថា នៅឆ្នាំនេះតារាល្បីៗនាំគ្នាសម្រុករៀបការចម្លែកជាងឆ្នាំមុនៗតែម្តង៕

RELATED ARTICLES