កែវ សីហា បានបញ្ចប់ភាពក្រមុំត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈការសម្រេចិត្តក្រាបផ្ទឹមជាមួយលោកដុកទ័រវ័យក្មេងរូបសង្ហា ហឹង សត្យា ដែលបានរៀបចំកម្មវិធីជប់លៀងធំនៅអគារ “D” ដឺព្រេមៀរសេនធ័រ សែនសុខ រាជធានីភ្នពេញ។

ពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍រូបនេះ ហាក់ភ័យផងអរផងនៅពេលដែលបានគ្រងឈុតអាពាហ៍-ពិពាហ៍មែនទែន តាមគម្រោងនេះហើយ ស្រាប់តែមុនថ្ងៃរាត្រីផ្សំដំណេកមួយថ្ងៃ សីហា បែរជាថ្លែងសារហាក់ចង់បុកពោះ ព្រោះធ្លាប់តែនៅម្នាក់ឯង តែឥឡូវនាងមានស្វាមីហើយ។

កែវ សីហា ថ្លែងថា “ភ្ញាក់ភ្លាមមានអារម្មណ៍ចម្លែក បេះដូងខ្ញុំលោតខ្លាំងម៉្លេះ?”។
ទោះជាយ៉ាងណា នៅមុនសម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការនេះ កែវ សីហា ធ្លាប់បង្ហើបប្រាប់ថា នាងនិងលោកដុកទ័រ បានស្រលាញ់គ្នា៩ឆ្នាំមកហើយ ប៉ុន្តែបានភ្ជាប់ពាក្យទើបតែធ្វើមុនរៀបការ៣ឆ្នាំប៉ុណ្ណោះ។

សីហា បន្តថា មូលហេតុដែលនាងសម្រេចចិត្តជ្រើសលោកដុកទ័រជាស្វាមីនោះ ដោយសារតែបុរស ម្នាក់នេះយល់ចិត្តនាងច្បាស់ណាស់ ហើយក៏មិនចេះប្រចណ្ឌនាងផ្តេសផ្តាសឡើយ។ ពេលរៀបការរួច នាងនឹងបន្តប្រឡូកសិល្បៈដូចដើមដដែល ព្រោះស្វាមីមិនហួងហែងនាងរឿងលេងសិល្បៈនោះទេ។

មង្គលការរបស់ពិធីការិនីនិងតារាសម្តែង កែវ សីហា រៀបចំជប់លៀង៨០តុ ហើយមានតារារួមអាជីពមួយចំនួនបានទៅអបអរសាទរពិធីការិនីរូបនេះច្រើនដែរ នៅថ្ងៃពិសេសរបស់នាង។
កែវ សីហា ជាអតីតបេក្ខភាពពេជ្រកំពុងច្នៃ ហើយនាងក្លាយជាតារាបង្ហាញម៉ូដនិងពិធីការិនីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលកាន់កម្មវិធីជាច្រើន ដូចជា “ដើមភូមិចុងភូមិ”, តន្ត្រី “Happy Freshie Concert” ជាដើម។

ពិធីការិនីរូបនេះក៏ធ្លាប់លេចមុខនៅ តាម MV មួយចំនួនដែរ ខណៈដែលភាពយន្តវិញនាងឆក់បានតំណែងតួឯករឿង “កំលោះ ទាំង៣” និង “ចម្ការលាក់ស្នេហ៍”។

គេជឿថា ក្រោយមានប្តីហើយនេះ សីហា នឹងលែងពិបាករឿងដៃគូឆ្លងឆ្លើយពោះម៉ាយ ឌញ ហេរ៉ូ តាមលេបខាយសម្តីដូចមុនទៀតជាមិនខាន៕