ភ្នំពេញ ៖ ស្រីស្អាតមាន សូនីតា តារាសម្តែងល្បីឈ្មោះ បានបញ្ជាក់ពីអារម្មណ៍ពិតរបស់នាងថា ពិតជាមានសេចក្តីរំភើប ត្រេកអរហួសបរិយាយ នៅពេលនាងមានឱកាសបានចូលក្រាបបង្គំគាល់ និងបានជួបព្រះភក្ត្រព្រះមហាក្សត្រ និងសម្តេចម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
កញ្ញាមាន សូនីតា បានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់នាងនូវរូបភាពនិងវីដេអូបង្ហាញពីសកម្មភាព និងអារម្មណ៍ពិតរបស់នាង នៅពេលចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលនាព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយសំណេរថា “ថ្ងៃនេះ ត្រូវជាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កាលពីម៉ោង១០ព្រឹក ចូលគាល់ព្រះមហាក្សត្រ និង ព្រះវររាជមាតា ដើម្បីយកក្រមាថ្វាយព្រះអង្គទាំងទ្វេ នៅព្រះរាជវាំង “ប្រាសាទខេមរិន្ទ“…”។

ក្នុងកញ្ញាមាន សូនីតា បានថ្លែងក្នុងឃ្លីបវីដេអូបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់នាងថា “…ថ្ងៃហ្នឹងខ្ញុំបានទៅគាល់ហ្លួងយាយ និងព្រះកូណា ដោយបានយកក្រមាខ្មែរចំនួន២០០០ក្រមា ពីផ្ទះស្រឡាញ់ ទៅថ្វាយលោកទាំងពីរ …បើសិននិយាយពីទឹកចិត្តខ្ញុំវិញ ខ្ញុំមានអារម្មណ៍រំភើបនិងមានអារម្មណ៍ថាដូចយល់សប្តិអ៊ីចឹង ព្រោះជាលើកទីមួយសម្រាប់ខ្ញុំដែលបានឃើញ ព្រះភក្ត្រផ្ទាល់… ហ្លួងយាយ គាត់ចាប់ដៃខ្ញុំ ខ្ញុំរំភើបខ្លាំងមែនទែន ហើយសប្បាយចិត្ត… ពេលនៅក្នុងប្រាសាទខេមរិន្ទហ្នឹង ខ្ញុំរំភើបពេក ខ្ញុំអត់ដឹងនិយាយថាម៉េចទេ តែពេលហ្នឹងខ្ញុំសម្លឹងមើលព្រះភក្ត្រហ្លួងម៉ែ ឡើងភ្លឹក… ចង់ និយាយថាគាត់ស្អាតខ្លាំងណាស់ គាត់ស្អាតខ្លាំងមែនទែន…។ អូខេ ចង់ប្រាប់អ្នកទាំងអស់គ្នាប៉ុណ្ណឹង ពីអារម្មណ៍ពិតរបស់ខ្ញុំ…”។

គួរបញ្ជាក់ថា កញ្ញាមាន សូនីតា ជាតារាសម្តែងរូបស្រស់មានមន្តស្នេហ៍ មានឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈ។ ក្រៅពីការងារសម្តែង នាងបានបើកហាង “ផ្ទះស្រឡាញ់” លក់ក្រមាខ្មែរ និងច្នៃក្រមាខ្មែរ ជាម៉ូដសម្លៀកបំពាក់ដើម្បីផ្សព្វផ្សាយពីក្រមាខ្មែរ ដែលជាអត្តសញ្ញាណមួយនៃវប្បធម៌ខ្មែរ រហូតត្រូវបានទស្សនិកជនខ្មែរ ផ្តល់រហស្សនាមឱ្យនាងថា “រាជិនីក្រមាខ្មែរ” ទៀតផង។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជិនីក្រមាខ្មែរ មាន សូនីតា បាននាំយកក្រមាខ្មែរចំនួន២០០០ក្រមា ពីផ្ទះស្រឡាញ់របស់នាង ទៅថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ នៅក្នុងព្រះបរមរាជវាំង សម្រាប់ចូលរួមក្នុងសកម្មភាពព្រះរាជសប្បុរសធម៌របស់ព្រះអង្គទាំងទ្វេ ដែលព្រះអង្គតែងយាងប្រោសព្រះរាជប្រទាននូវព្រះអំណោយ ព្រះរាជទ្រព្យដល់កូនចៅ ចៅទួត ប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គដែលជួបការខ្វះខាតនៅតាមបណ្តាខេត្ត-ក្រុងនានា