ម្ចាស់បទ ”ពុកអើយម៉ែអើយ នាងការចោលខ្ញុំហើយ” លោកសុខ មេសា ហៅនាយចឺម ស្រាប់តែទប់ទឹកភ្នែកមិនជាប់ឡើយ រហូតយំខ្សឹបខ្សួលកណ្ដាលហ្វូងមនុស្ស នៅពេលដែលឃើញពិធីការិនីកែវ សីហា រៀបការជាមួយលោកហឹង សត្យា កាលពីរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលធ្វើកម្មវិធីជប់លៀងធំនៅដឺព្រេមៀរ សេនធ័រ សែនសុខ រាជធានីភ្នំពេញនោះ។

ភ្ញៀវជាច្រើនបានក្រឡេកទៅមើលនាយចឺម ដែលលេងម៉ូដសក់ពណ៌ស្វាយ ហើយយកដៃជូតទឹកភ្នែកមិនឈប់សោះ នៅពេលដែលឃើញសីហា ឱបគ្នានៅលើឆាកជាមួយលោកសត្យា។

រំពេចនោះ Dj ហេរ៉ូ បានព្យាយាមលួងលោមនាយចឺម ដោយយកដៃអង្អែលទ្រូង និងក្បាល ហើយពិធីកររូបនេះនិយាយទៅកាន់នាយចឺម ថា កាត់ចិត្តទៅអាប្អូនចឺម អើយ គេការហើយណា៎។ ប៉ុន្តែនាយចឺម នៅតែស្រងេះស្រង៉ោចខ្លាំងណាស់ ព្រោះហាក់ដូចជាសារភាពស្នេហ៍យឺតពេលទៅហើយ។

គួរបញ្ជាក់ថា នាយចឺម ធ្លាប់ឡើងច្រៀងនៅឆាកទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាញឹកញាប់ ហើយកន្លងមក នាយធ្លាប់លេបខាយសម្ដីដាក់សីហា ដោយមានពេលខ្លះលួចចាប់ថើបទៀតផង ដែលធ្វើឲ្យលោកហេរ៉ូ ដែលធ្លាប់ចាប់អារម្មណ៍លើសីហា ដែរនោះ បានត្រឹមស្រឡាំងកាំងប៉ុណ្ណោះ ព្រោះថា លោកចឺម និយាយផងកាយវិការទៅជាមួយតែម្ដង។

យ៉ាងណា ការយំខ្សឹបខ្សួលកណ្ដាលហ្វូងភ្ញៀវនៅថ្ងៃរៀបការសីហា របស់នាយចឺម ព្រោះស្ដាយពិធីការិនីរូបនេះ រៀបការចោលនោះ អាចជាការសម្ដែងច្រើនជាងការពិត ព្រោះក្រោយជូតទឹកភ្នែកស្ងួតអស់ នាយចឺម បែរជាទៅផឹកស៊ីយ៉ាងសប្បាយរីរាយទៅវិញ។

អ្នកសិល្បៈរួមអាជីពនិយាយថា នាយចឺម សំណាងហើយដែលស្រីស្នេហ៍អូនហ្វាហ្វា មិនបានមកដែរ បើសិនជាស្រីស្អាតអូនហ្វា មកហើយ ឃើញនាយចឺម យំស្ដាយសីហា រៀបការចោលនោះ ច្បាស់ជានាយចឺម ប្រឈមត្រូវប្រេះឆាសង្សារទី៣ជាមិនខានឡើយ៕

