Saturday, September 20, 2025
Homeតារាខ្មែរកែវ សីហា ចាយ១០ម៉ឺនដុល្លារ ជប់លៀងមង្គលការ ប៉ុន្តែគួរឲ្យអាណិត នាងត្រូវបែកពីឪពុកម្តាយ

កែវ សីហា ចាយ១០ម៉ឺនដុល្លារ ជប់លៀងមង្គលការ ប៉ុន្តែគួរឲ្យអាណិត នាងត្រូវបែកពីឪពុកម្តាយ

កែវ សីហា បានក្លាយទៅជាភរិយាលោកដុកទ័រ ហឹង សត្យា ហើយក្រោយពីនាងបានសម្រេចចិត្តរៀបការតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអគារ “D” ដឺព្រេមៀរ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។

តារាប្រុសស្រីជាច្រើនដួងបានទៅអបអរសាទរមង្គលការរបស់ពិធីការិនីនិងតារាសម្តែងរូបនេះយ៉ាងច្រើនកុះករ ហើយរ៉ូលីន និងលោកតារាឧសភា ជាពិធីករ ខណៈដែលសីហា រំភើបរហូតដល់ស្រក់ទឹកភ្នែករលេងរលោងទៀតផង នៅពេលដែលនាងរាំបទស្លូវឱបស្វាមី ព្រោះចាប់ពីពេលនេះតទៅ នាងត្រូវរស់នៅជាមួយប្តីបែកចេញពីឪពុកម្តាយហើយ។

កែវ សីហា បានឱ្យដឹងថា មង្គលការរបស់នាងធ្វើពិធីជប់លៀង៨០តុ ហើយកម្មវិធីទាំងមូលចំណាយថវិកាអស់ជិត១០ម៉ឺនដុល្លារឯណោះ។

សីហា បន្តថា មូលហេតុដែលនាងសម្រេចចិត្តរៀបការជាមួយលោកដុកទ័រសត្យា ដោយសារតែរយៈពេល៩ឆ្នាំនៃការស្វែងយល់ចិត្តគ្នានោះ ស្វាមីមានការយល់ចិត្តនាងច្បាស់ហើយ មិនចេះប្រចណ្ឌនាងផ្តេសផ្តាសរឿងការងារសិល្បៈរបស់នាងឡើយ។ ហើយនាងនៅតែបន្តប្រឡូកសិល្បៈធម្មតា ទោះជាពេលនេះមានស្វាមីក្តី ក៏មិនចោលការងារដែលនាងស្រលាញ់នេះដែរ។

ដោយឡែក លោកហឹង សត្យា វិញ បានឱ្យដឹងដែរថា លោកស្រលាញ់ពេញចិត្តភរិយាគ្រប់កន្លែងទាំងអស់តែម្តង គ្មានកន្លែងណា ដែលថាលោកទើសចិត្តទេ។ ហើយលោកនឹងមិនបិទផ្លូវសីហា រឿងការងារលេងសិល្បៈនោះទេ គឺលោកអាចឱ្យភរិយាបន្តអាជីពមួយនេះតាមចិត្តចង់។

កែវ សីហា និងស្វាមីបានស្រលាញ់គ្នារយៈពេលជាង៩ឆ្នាំមកហើយ និងបានភ្ជាប់ពាក្យ៣ឆ្នាំ មុនរៀបការ។ សីហា ជាពិធីការិនីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធី “ដើមភូមិចុងភូមិ”, តន្ត្រី “Happy Freshie Concert”។

តារារូបនេះធ្លាប់ថត MV បទចម្រៀងល្បីៗមួយចំនួនរបស់សាន់ដេ ដូចជាបទ “កន្លែងនេះ” របស់ខាន់ ជេមស៍ និងបទ “មនុស្សអាក្រក់ជាងគេលើលោកគឺបង” របស់ខេមរៈ សិរីមន្ត ជាដើម ខណៈដែលភាពយន្តវិញ នាងធ្លាប់សម្តែងរឿង “កំលោះទាំង៣” និង “ចម្ការលាក់ស្នេហ៍”។

កែវ សីហា បានឱ្យដឹងថា នាងគ្រោងដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំក្នុងស្រុកនៅតំបន់កោះ ឬសមុទ្រសិន ទើបរកពេលវេលាសមស្របណាមួយទៅកម្សាន្តនៅក្រៅប្រទេស នាពេលខាងមុខនេះ។ ដោយឡែក គម្រោងយកកូនវិញ សីហា ថា ឆ្នាំ២០១៩ នេះនាងមិនទាន់ចង់បានកូនឡើយ តែអាចនឹងយកកូនប្រើនៅឆ្នាំខាងមុខ៕

RELATED ARTICLES