អ៊ីវ៉ា ដែលធ្លាប់ត្រូវបានឪពុករបស់នាង លោកអ៊ូ វ៉ាវ បើកផ្លូវឱ្យប្រុសៗទាំងឡាយចូលចែចូវនោះ ស្រាប់តែពេលនេះ នាងសារភាពថា ត្រៀមចូលរោងការក្នុងពេលដ៏ឆាប់ខាងមុខនេះហើយ។ ប៉ុន្តែនាងព្យាយាមមិនព្រមបង្ហាញថា បុរសណាជាអនាគតស្វាមីរបស់នាងជាអ្នកណាឡើយ…។

ពិតជាគួរឱ្យភ្ញាក់ផ្អើលដែលតារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានចេញមុខអះអាងថា នាងជិតចូលរោងការដូចគេដែរហើយ។ ការថ្លែងបែបនេះរបស់អ៊ីវ៉ា គឺបន្ទាប់ពីនាងបានទទួលធៀបការពីតារាសម្តែងប៉ែន ចំរ៉ុង ដែលហៅនាងទៅស៊ីការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
អ៊ីវ៉ា បានប្រាប់អ្នកយកព័ត៌មានយើងថា “ខ្ញុំជិតចូលរោងការហើយបង! ប៉ុន្តែខ្ញុំមិនអាចប្រាប់ថារៀបការជាមួយអ្នកណាបានទេ”។

ការថ្លែងបែបនេះរបស់តារាសាច់សខ្ចី អ៊ីវ៉ា បន្ទាប់ពីខែមុននាងធ្លាប់បានបង្ហើបប្រាប់ដែរថា ពេលឃើញគេមានគូ នាងចង់បានគូដូចគេដែរ ព្រោះមនុស្សយើងម្នាក់ៗគ្មានអ្នកណាអាចនៅម្នាក់ឯងរហូត ឬគេចមិនចូលរោងការបានឡើយ។
ប៉ុន្តែការលាក់អត្តសញ្ញាណគូស្នេហ៍របស់អ៊ីវ៉ា នៅពេលនេះ អាចជាសញ្ញាមួយបង្ហាញថា ចំណងស្នេហ៍អ៊ីវ៉ា មិនទាន់ច្បាស់១០០ភាគរយទេ បើទោះជាពេលនេះនាងបានប្រកាសថា ជិតដល់វេលាត្រូវក្រាបផ្ទឹមទៅហើយក្តី។

ប៉ុន្តែគេចាំបានថា ឪពុករបស់អ៊ីវ៉ា គឺលោកអ៊ូ វ៉ាវ ធ្លាប់អះអាងថា ប្រុសៗទាំងឡាយណាក៏អាចចូលស្តីដណ្តឹងអ៊ីវ៉ា បានដែរ ហើយលោកទុកសិទ្ធិឱ្យកូនស្រីក្នុងការជ្រើសរើសគូស្រករដល់ទៅ៦០ភាគរយ ចំណែកលោកសុំតែ៤០ភាគេយប៉ុណ្ណោះ ជាអ្នកសម្រេចតាមក្រោយ។
យ៉ាងណា លោកវ៉ាវ ធ្លាប់បញ្ជាក់ថា មានករណីតែមួយគត់ដែលប្រុសៗស្រលាញ់កូនស្រីលោក ហើយមិនអាចចូលចែចូវបាននោះ គឺ “ប្តីគេ”។ លោកថា ពាក្យ២ម៉ាត់ (ប្តីគេ) ហ្នឹង ទ្វារផ្ទះរបស់លោក មិនបើកស្វាគមន៍ឡើយ គឺបិទចាក់សោមិនឱ្យចូលតែម្តង ហើយថា ទោះជាប្រុសនោះឋានៈនិងងារជាអ្វីក៏ដោយ ឱ្យតែមានប្រពន្ធកូនហើយ កូនស្រីរបស់លោកមិនឱ្យចូលជិតជាដាច់ខាត ទោះជាមានទ្រព្យមហាសាលយ៉ាងណាក្តី។

ការមិនហ៊ានបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈរបស់អ៊ីវ៉ា នៅពេលនេះ ដោយសារតែអ្នកចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេ ធ្លាប់ដំបៅបេះដូងម្តងរួចទៅហើយ ទើបនាងខ្លាចប្រឈមដើរជាន់ ដានចាស់ជាលើកទី២ នាំឱ្យពិបាកព្យាបាលបេះដូង។
អ៊ីវ៉ា ត្រូវបានមនុស្សជាច្រើនដឹងថា នាងធ្លាប់ភ្ជាប់ស្នេហ៍ជាមួយលោកថៅកែក្លឹប និងហាងបញ្ចាំនៅសៀមរាប ដែលបុរសនោះជាប្អូនរបស់លោកផ្កាយ២ម្នាក់។ ប៉ុន្តែគួរឱ្យស្តាយ ចំណងស្នេហ៍ខុសវ័យនេះធ្វើឱ្យអ៊ីវ៉ា និងលោក “ប” បានចែកផ្លូវគ្នាដើរកណ្តាលទី ក្រោយម្តាយរបស់អ៊ីវ៉ា អ្នកស្រីភួង សុខា ទទួលមរណភាពកាលពីឆ្នាំ២០១៣។ ចំពោះមូលហេតុនៃការចែកផ្លូវគ្នាជាមួយលោកថៅកែនោះ មិនត្រូវបានអ៊ីវ៉ា ចេញមុខប្រាប់ហេតុផលលម្អិតឡើយ គ្រាន់តែនាងថា រឿងនេះចប់អស់ទៅហើយ ចំណែករូបនាងក៏មិនដែលបានភ្ជាប់ពាក្យជាមួយលោកថៅកែដូចគេសង្ស័យដែរ។

ប៉ុន្តែទោះជាអ៊ីវ៉ា ព្យាយាមលាក់លៀមព្រោះខ្លាចប៉ះពាល់មុខមាត់កិត្តិយសលោកថៅកែ ក្តី ក៏ប្រភពដែលស្និទ្ធតារាចម្រៀងរូបនេះអះអាងថា អ៊ីវ៉ា ធ្លាប់តែផ្អែមល្ហែមស្នេហ៍ជាមួយលោកថៅកែ ប្រែមកជាសោះកក្រោះនិងចុងក្រោយ នាងព្យាយាមគេចមុខពីលោកថៅកែនោះ ដោយសារតែប្អូនមន្ត្រីធំនោះ ពូកែប្រចណ្ឌនាងខ្លាំងពេក រហូតសូម្បីតែឡើងឆាកក៏មិនឱ្យរាំពេលថត MV ក៏មិនឱ្យសម្តែងប៉ះជាមួយតារាប្រុស ហេតុនេះហើយបានជានាងបាយបាយចោលថៅកែតែម្តងទៅ។

ព័ត៌មានបានឱ្យដឹងថា តាមពិត លោកថៅកែនៅតែស្រលាញ់អ៊ីវ៉ា ដូចមុនទេ តែលោកទាល់តម្រិះ ព្រោះអ៊ីវ៉ា គ្មានបំណងផ្សះផ្សាស្នេហ៍ជាថ្មីវិញឡើយ។
ក្រៅពីបង្ហាញការមិនពេញចិត្តចំពោះលោកថៅកែ ដោយសារពូកែហួងហែងនាងខ្លាំងពេកនោះ អ៊ីវ៉ា ក៏ សម្រេចចិត្តមិនចូលផលិតកម្មហង្សមាស តាមការណែនាំរបស់លោក “ប” ដែរ ហើយ ចុងក្រោយនេះ នាងនៅតែបន្តជ្រកកោនក្រោមដំបូលសាន់ដេ ដដែល ទើបធ្វើឱ្យលោកថៅកែខកចិត្តកាន់តែខ្លាំងឡើងៗ។

អ៊ីវ៉ា ធ្លាប់និយាយថា នាងមិនប្រាថ្នាជាជំទាវអីដូចគេទេ គឺពេលណាគូព្រេងមកដល់ហើយ ទោះជាបុរសនោះយ៉ាងណាក៏ប្រកែកមិនរួចដែរ។
ដោយឡែក លោកវ៉ាវ ថ្លែងថា កូនស្រីលោកល្បីប៉ុណ្ណឹងដែរ បើយកប្តីក្រពេកក៏មិនសម អ៊ីចឹងលោកគិតថាបុរសនោះទាល់តែមានជីវភាពសមល្មមចិញ្ចឹមកូនស្រីលោករស់ដែរ ទើបលោកលើកឱ្យ ក្រោយកូនស្រីធ្វើការសម្រេចចិត្តរួច។

លោកឪពុករបស់អ៊ីវ៉ា បញ្ជាក់ថា មិនមានការបារម្ភខ្លាចកូនស្រីធ្លាក់កូដពេលយកប្តី ប៉ះពាល់ដល់អាជីពចម្រៀងទេ បើកូនចង់រៀបការហើយ លោក OKភ្លាម៕