អតីតគូស្នេហ៍ពេជ្រ សិរីរ័ត្ន លោកគង់ វិសាល ដែលជាអ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដីធំៗតាមបណ្ដាខេត្តក្រុង រយៈជាច្រើនឆ្នាំមកហើយនោះ ស្រាប់តែពេលនេះគេប្រទះឃើញលោកទិញរថយន្ដទំនើប Range Rover Vogue តម្លៃជាង១០ម៉ឺនដុល្លា។
នេះមិនមែនជាលើកទី១ឡើយ ដែលលោកគង់ វិសាល បានផ្លាស់ប្ដូររថយន្ដទំនើបៗជិះ ព្រោះកន្លងមក គេឃើញលោកវិសាល ជិះរថយន្ដទំនើបៗជាច្រើនម៉ាកមកហើយ ដែលនេះបញ្ជាក់ថា លោកកាន់តែមានជីវភាពធូរធា ឬការងារជោគជ័យ ទើបអាចលេងម៉ូដរថយន្ដបានដូចនៅពេលនេះ។

ប៉ុន្ដែយ៉ាងណា នៅពេលសួររឿងការទិញរថយន្ដថ្មីនេះ លោកគង់ វិសាល មិនចង់ធ្វើអត្ថាធិប្បាយឡើយ ប៉ុន្តែលោកថា រយៈពេល២១ឆ្នាំដែលលោកចាប់អាជីពជាអ្នកដឹកនាំការប្រគំតន្រ្ដីទាំងឡាយគ្រប់ខេត្តក្រុងនេះពិតជាធ្វើឲ្យលោកមានជីវភាពធូរធាសមរម្យមែន ហើយនឹងបន្ដធ្វើការងារដែលខ្លួនស្រលាញ់នេះតទៅទៀត។

លោកវិសាល ថ្លែងថា ”ខ្ញុំបានធ្វើការងារសិល្បៈ២១ឆ្នាំមកហើយ ដែលខ្ញុំចេះការងារនេះដំបូង តាមរយៈការបណ្ដុះបណ្ដាលរបស់លោកហ្វៃ សំអាង កាលពីឆ្នាំ១៩៩៩ ហេតុនេះហើយខ្ញុំមិនអាចភ្លេចគុណគាត់ជារៀងរហូត”។
លោកវិសាល បន្តថា “ខ្ញុំចាប់ផ្ដើមចេញធ្វើ Concert ដំបូង កាលពីឆ្នាំ២០០៤ ហើយរហូតមកដល់ពេលនេះមានរយៈពេល១៥ឆ្នាំហើយ ដែលយើងបានធ្វើការប្រគំតន្រ្ដីជាច្រើនខេត្តក្រុង ជាមួយតារាល្បីៗជាច្រើនដួង។ រហូតមកដល់ឆ្នាំ២០១៩នេះ ខ្ញុំនៅតែធ្វើConcert ដដែលហើយយើងចាប់ផ្ដើមរវល់ទៀតហើយនៅរដូវក្ដៅនេះព្រោះឥឡូវបានត្រៀមខ្លះៗហើយៗ”។

ថ្វីត្បិតតែបច្ចុប្បន្នមានបណ្ដារក្រុមហ៊ុនកម្សាន្ដផ្សេងៗទៀត រួមទាំងស្ថានីយទូរទស្សន៍ជាច្រើនបានរៀចំការប្រគំតន្រ្ដីតាមបណ្ដាខេត្តដែរ ប៉ុន្តែក្រុមហ៊ុនធំៗនៅតែផ្ដល់ទំនុកចិត្តដល់លោកគង់ វិសាល ឲ្យរៀបចំការប្រគំតន្រ្ដីផលិតផលរបស់គេដដែល។
ប៉ុន្ដែរអ្វីដែលគូរឲ្យមានចម្ងល់នោះថា រយៈពេល១៦ឆ្នាំហើយ ដែលលោកវិសាល បម្រើការងារនៅទូរទស្សន៍បាយ័ន ដោយមិនប្ដូរការងារទៅស្ថាប័ន ឬមុខរបរផ្សេង ដូចមិត្តភក្ដិទេ គឺលោកនៅតែស្ម័គ្រស្មោះជាមួយស្ថាប័នបាយ័ន ដដែល។

តើហេតុអ្វីបានជាលោកវិសាល មិនប្ដូរអាជីព ឬស្ថាប័ន?
លោកគង់ វិសាល បន្ថែមថា ”ខ្ញុំបានចូលធ្វើការនៅទូរទស្សន៍បាយ័ន កាលពីឆ្នាំ២០០៤ ហើយពេលនេះមូលហេតុដែលខ្ញុំនៅតែបន្ដការងារនៅបាយ័ន នេះទៀត ព្រោះទីនេះមានថ្នាក់ដឹកនាំល្អ គាត់ស្រលាញ់កូនចៅដែលប្រឹងប្រែងធ្វើការ។ ខ្ញុំគិតថា ខ្ញុំនៅកន្លែងមួយដែលល្អ ស្ថាប័នមួយដែលខ្លួនឯងស្រលាញ់ហើយ អីចឹងខ្ញុំមិនចង់ផ្លាស់ប្ដូរការងារទៅកន្លែងផ្សេងទេ។ ខ្ញុំមានតែតបស្នងសងគុណដល់ថ្នាក់ដឹកនាំនៅទូរទស្សន៍បាយ័ន តាមរយៈការប្រឹងប្រែងធ្វើការឲ្យបានល្អគ្រប់ពេល ប៉ុន្ដែត្រង់ថា លទ្ធផលបានប៉ុនណា គឺនៅលើថ្នាក់ដឹកនាំវិនិច្ឆ័យទៅចុះ”។

ស្ថិតក្នុងវ័យ៤២ឆ្នាំ រូបរាងនៅតែសង្ហាមិនចាញ់តារានោះ លោកគង់ វិសាល ត្រូវបានសិល្បករជាច្រើនតែងគោរព និងស្រលាញ់លោក ហើយអ្នកខ្លះថា លោកជាអ្នកដឹកនាំកម្មវិធីសិល្បៈម្នាក់ដែលមានសេចក្ដីថ្លៃថ្នូរឲ្យតម្លៃអ្នកសិល្បៈ និងផ្ដល់ការងារឲ្យតារាជាច្រើននាក់មកហើយ ទើបតារាៗទាំងនោះពេញចិត្តក្នុងការសហការធ្វើការជាមួយលោក។

មិនត្រឹមតែជោគជ័យការងារទេ បើក្រឡេកមើលរឿងស្នេហារបស់លោកគង់ វិសាល វិញ ក្រោយពីលោកចែកផ្លូវជាមួយអតីតគូស្នេហ៍ ពេជ្រ សិរីរ័ត្ន នោះ លោកវិសាល ដែលបានរៀបការកាលពីឆ្នាំ២០១១ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ក្រៅរង្វង់សិល្បៈនោះ ក៏ជោគជ័យទាំងស្នេហាផងដែរ ព្រោះពេលនេះលោកមានជីវភាពធូធារហើយចំណងស្នេហ៍៨ឆ្នាំនេះ ទទួលបានចំណងដៃកូនប្រុសស្រី២នាក់យ៉ាងស្រស់ស្អាត។

ថ្មីៗនេះដែរ លោកថែមទាំងបង្ហោះរូបភាពអនុស្សាវរីយ៍រយៈពេល៨ឆ្នាំ ដែលកំពូលតារាចម្រៀងព្រាប សុវត្ថិ បានទៅចូលរួមមង្គលការលោក កាលពីឆ្នាំ២០១១ ហើយកាលពីរាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនិងភរិយាបានថតរូបជុំគ្នាជាមួយលោកព្រាប សុវត្ថិ និងភរិយា នៅថ្ងៃមង្គលការតារាចម្រៀងសួស វីសា និងលោកថមមី ទៀតផង ខណៈពេលនេះវ័យរបស់លោកវិសាល និងលោកព្រាប សុវត្ថិ មិនប្រែប្រួលខ្លាំងឡើយ។

លោកវិសាល ថា លោកនៅតែបន្ដអាជីពជាអ្នកផលិតកម្មវិធីទូរទស្សន៍ និងដឹកនាំការប្រគំតន្រ្ដីតទៅទៀត ហើយលោកពិតជារំភើបនៅពេលដែលឮសិល្បករជាច្រើននិយាយថា ពួកគេគាំទ្រនិងពេញចិត្តក្នុងការធ្វើការជាមួយលោកនាពេលកន្លងមក ក៏ដូចជាទៅថ្ងៃខាងមុខទៀត៕