ខណៈដែលសួស វីសា ទិញរថយន្ត Lexus LX 570 Kuro 2020 តម្លៃជាង២០ម៉ឺនដុល្លារ ជិះផ្អើលមេឃនោះ ស្រីស្អាតរ៉ាប៊ី វិញក៏មិនណយដែរនាងបានទិញរថយន្ត Lexus NX200t 2015 តម្លៃក្បែរ៦ម៉ឺនដុល្លារ ជិះយ៉ាងហ៊ឺហាបន្ថែមពីលើរថយន្តទំនើប២គ្រឿងផ្សេងទៀត។
ប៉ុន្តែរ៉ាប៊ី ដែលតែងតែលេងក្បាច់រាំសិចស៊ី ធ្វើឱ្យតាតាស្ទើរចង់គាំងបេះដូងជាច្រើនលើកច្រើនសានោះ ប្រកែកញ៉ាញតែម្តងថា នាងគ្មាន ប្រុសណាឧបត្ថម្ភឡើយ…។

ផាន វីរ៉ាទី ហៅរ៉ាប៊ី បានទិញរថយន្តទំនើប Lexus NX200t 2015 ដែលមានតម្លៃជិត៦ម៉ឺនដុល្លារ ដោយលុបចោលគម្រោងទិញ Lexus RX350 វិញ ខណៈដែលនាងមានរថយន្ត២គ្រឿងទៅហើយ សម្រាប់ជិះឆ្លាស់គ្នា គឺ Starex និង Lexus RX330។

ការជិះរថយន្តដល់ទៅ៣គ្រឿងឆ្លាស់គ្នា ហើយទិញបានផ្ទះដល់ទៅ៣ផ្សេងគ្នានេះ ធ្វើឱ្យរ៉ាប៊ី មានទ្រព្យក្បែរ១លានដុល្លារហើយ ទើបធ្វើឱ្យគេសង្ស័យថា ស្រីស្រស់រូបនេះមានប្រុសស្នេហ៍ជួយឧបត្ថម្ភនៅក្រោយខ្នង ព្រោះទើបចូលច្រៀងជាង២ឆ្នាំ មិនអាចរកប្រាក់ចំណូលពីសិល្បៈបានច្រើនដល់ម៉្លឹងឡើយ។

រ៉ាប៊ី និយាយថា រថយន្តនោះនាងពិតជាទិញមែន ប៉ុន្តែមិនបាច់សង្ស័យច្រើនទេ ព្រោះនាងគ្មានប្រុសណាចិញ្ចឹម ឬឧបត្ថម្ភឡើយ គឺប្រឹងរកលុយបានដោយកម្លាំងញើសឈាមខ្លួនឯងសុទ្ធសាធ។
អតីតពិធីការិនីហង្សមាស រូបនេះ ថ្លែងថា “ខ្ញុំទិញ Lexus NX200t 2015 ហ្នឹងមែន ហើយអត់មានគម្រោងទិញ Lexus RX350 ទៀតទេ។ មូលហេតុដែលខ្ញុំស្រលាញ់ឡាននេះព្រោះជិះទៅវា “ស្ទាវ” អ៊ីចឹងបានចូលចិត្តហ្នឹង។ ឡានហ្នឹងខ្ញុំសម្រាប់ជិះនៅទីក្រុង ចំណែកឡាន Starex វិញ ខ្ញុំទុកសម្រាប់ជិះចុះទៅខេត្តស្រួលដឹកក្រុមរាំអីទៅជាមួយ។

ចំណែកឡាន Lexus RX350 វិញ ទុកឱ្យអ្នកផ្ទះជិះវិញ។ ខ្ញុំសូមជម្រាបថា កុំបាច់សង្ស័យថាខ្ញុំហ្នឹងមានប្រុសចិញ្ចឹមឧបត្ថម្ភអី គឺរឿងហ្នឹងសូមច្រានចោលទាំងស្រុងតែម្តង ព្រោះខ្ញុំហ្នឹងប្រឹងណាស់ គ្នាច្រៀងទាំងយប់ថ្ងៃ បើមានប្រុសនៅក្រោយខ្នងមែន ចាំបាច់ទៅប្រឹងច្រៀងធ្វើអីលោក?”។

តាមរយៈទិញរថយន្តថ្មីនេះ នឹងកាន់តែធ្វើឲ្យកញ្ញារ៉ាប៊ី ឡូយឆាយមួយកម្រិតទៀត ហើយនឹងកាន់តែធ្វើឲ្យប្រុសៗសម្បូរទ្រព្យតាមឆ្វែលសុំស្នេហ៍ច្រើនឡើង៕