ក្នុងជំនួបកាលពីពេលថ្មីៗនេះ ម៉ាក សែនសូនីតា ហាក់អេះអុញនិយាយមិនចេញឡើយ ព្រោះស្ទាក់ស្ទើរក្នុងចិត្តនៅពេលដែលសួររឿងគម្រោងរៀបការជាមួយលោកថៅកែប៉ុល វិបូរ ហៅនីត ដែលជាម្ចាស់ផលិតកម្ម Angkor Picture ។
ដោយឡែក លោកថៅកែបានត្រឹមតែសើចតិចៗប៉ុណ្ណោះនៅពេលដែលត្រូវសំណព្វចិត្តរបស់លោក តូតា មិនចង់និយាយរឿងរៀបការ ហើយព្យាយាមរត់ចេញដោយមិនប្រាប់ថា នឹងក្រាបផ្ទឹមនៅពេលណា ឱ្យពិតប្រាកដនោះឡើយ។

ចំណែកតារារួមអាជីពវិញក៏បាននាំគ្នាទៅសួរនាំតូតា ច្រើនដែរថា ពេលណាទើបនាងចែកធៀបការ ប៉ុន្តែតូតា នៅតែគ្រវីក្បាល ហើយថា ពេលណាពេលហ្នឹងហើយ។
ម៉ាក សែនសូនីតា បានទាត់ចោលសំណើស្នេហ៍ពីមន្ត្រីធំៗ, ឧកញ៉ាមេធាវី និងថៅកែសណ្ឋាគារមួយ រួមទាំងផ្តាច់ស្នេហ៍ប្រុសក្មេងទឹម នីដា ជាដើម ដើម្បី មកភ្ជាប់ស្នេហ៍ជាមួយពោះម៉ាយលោកប៉ុល វិបូរ ហៅនីត បើទោះជាអ្នកទាំងពីរមានវ័យខុសគ្នាក្តី។
ជាញឹកញាប់ តូតា តែងតែដឹកដៃលោកនីត ទៅដើរកម្សាន្តនៅក្រៅប្រទេសញឹកញាប់ ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំ ដែលសកម្មភាពនេះធ្វើឱ្យអតីតសង្សារត្រូវជាប្អូនប្រុសរបស់ទឹម រដ្ឋា គឺលោកទឹម នីដា មានការឈឺចាប់ជាខ្លាំង រហូតដល់ពេលខ្លះបង្ហូរទឹកភ្នែកតែម្នាក់ឯងទៀតផង។

ប៉ុន្តែតូតា នៅតែតាំងចិត្តថា ដាច់ខាតនាងមិនវិលត្រឡប់មកក្រោយឡើយ គឺនៅតែបន្តស្នេហ៍ជាមួយលោកថៅកែដោយគ្មានឧបសគ្គ ព្រោះថា លោកនីត បានលែងលះប្រពន្ធដើមដាច់ស្រាច់ទៅហើយ។
ប៉ុន្តែការមិនហ៊ានកំណត់ពេលវេលារៀបការជាក់លាក់នៅពេលនេះ អាចជាសញ្ញាមួយបង្ហាញថា តូតា នៅមិនទាន់ច្បាស់លាស់រឿងផ្ញើខ្លួនជាមួយលោកថៅកែ១០០ភាគរយទេ ព្រោះនាងនៅមានជម្រើសស្នេហ៍ច្រើន ហេតុនេះហើយបានជានាងត្រូវការស្វែងយល់ចិត្តលោកថៅកែថែមទៀត មុនពេលត្រូវដឹកដៃគ្នាបញ្ចប់ស្នេហ៍ឥតខាន់ស្លានៅពេលខាងមុខ។

គេកត់សម្គាល់ថា តាំងពីចាប់ដៃលោកថៅកែមកពេលនេះ តូតា មិនសម្រុកលេងអាជីពសិល្បៈទាំងស្រុងដូចមុនទេ ព្រោះតែនាងងាកទៅធ្វើជំនួញជាមួយអនាគតស្វាមី ច្រើនជាងថតសម្តែងដូចជា ការបើកហាងផែសមុទ្រ និងរមណីយដ្ឋានមួយនៅខេត្តកំពត លើផ្ទៃដី៣ហិកតារ ដែលប្រើទុនរហូតដល់ទៅជាង៣លានដុល្លារ។
តូតា ក៏សម្ញែងទ្រព្យហ៊ឺហាជាងមុនដែរ ដោយនាងជិះរថយន្តទំនើប Lexus LX570 ពណ៌ស ខណៈលោកថៅកែជិះរថយន្តទំនើបម៉ាកដូចនាងដែរ ប៉ុន្តែពណ៌ខ្មៅ ហើយពួកគេកំពុងសង់វីឡាទ្រនំស្នេហ៍ រួមគ្នាទៀតផង។

អ្នកសិល្បៈរួមអាជីពបានបង្ហើបឱ្យដឹងថា ទោះជាពេលនេះ តូតា ដូចជាប្រពន្ធរបស់លោកនីត មែន ប៉ុន្តែនាងនៅតែ ត្រូវបានប្រុសអ្នកធំៗតាមចែចង់ដូចមុនដដែល រហូតមានអ្នកខ្លះព្យាយាមលួងលោមនាងទៅញ៉ាំបាយ១ពេល ឱ្យលុយធីបរហូតដល់ទៅ២ម៉ឺនដុល្លារទៀតផង តែតូតា ប្រកែក ព្រោះថា ពេលនេះនាងមានអ្នកធ្វើបាយឱ្យញ៉ាំ ហើយគឺកំពូលស្នេហ៍លោកថៅកែនីត។
តាមរយៈការសម្រេចចិត្តបោះបង់ប្រុសក្មេងទឹម នីដា ស្រវាឱបលោកថៅកែនីត នេះ ធ្វើឱ្យទំនាក់ទំនងរបស់តូតា និងបងស្រីរបស់អតីតសង្សារ គឺទឹម រដ្ឋា មើលមុខគ្នាមិនចំឡើយ។

តូតា និយាយរករដ្ឋា ប៉ុន្តែអំឡុងពេលដែលពួកគេថតកុនជាមួយគ្នាប៉ុណ្ណោះ តែនៅក្រៅឆាក ទោះជាដើរបុកគ្នាក៏ពួកគេមិននិយាយរកគ្នាជាដាច់ខាត។ ប៉ុន្តែតូតា មិនខ្វាយខ្វល់ច្រើនឡើយ ព្រោះថា ពេលនេះនាងមិនអាចវិលរកប្រុសក្មេងវិញបានទេ ដោយសារបេះដូងនាងនិងលោកថៅកែ ក្លាយជា ចិត្តមួយថ្លើមមួយទៅហើយ៕