បន្ទាប់ពីផលិតកម្មថោន ចេញបទចម្រៀង “សុដន់ម៉ែ” ច្រៀងដោយអ្នកនាងសុខ ច័ន្ទធីតា ទទួលរងការរិះគន់មិនសំចៃមាត់ថា អ្នកនាងស្លៀកពាក់សិចសុីបញ្ចេញរាងកាយនោះ ស្រាប់តែលោកហ៊ុយ វណ្ណៈ អគ្គនាយកបានបញ្ចេញមតិថា មានភ្នែកអន់ មើលមិនឃើញសម្លៀកបំពាក់ដែករុំជិតខ្លួនអ្នកនាងសុខ ច័ន្ទធីតា។

លោកហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហោះសារលើគណនីងហ្វេសប៊ុកថា “ព្រឹកមិញចេញពីសន្និបាតយុទ្ធសាស្ត្រជាតិអំពីជនពិការ ក៏បើក Facebook ហើយឃើញគេរិះគន់អ្នកនាងកាតុ សម្តែងក្នុងបទ «សុដន់ម៉ែ»។ និម្មិតកម្ម (ការឆ្នៃប្រឌិត) ក្នុងសិល្បៈរបស់គាត់ មិនមានចំណុចខុសទាល់តែសោះ តែប្រហែលមកពីអ្នករិះគន់គាត់ មានភ្នែកអន់ ទើបមើលមិនឃើញសម្លៀកបំពាក់ជិតជុំរាងកាយរបស់គាត់”។

បទចម្រៀង “សុដន់ម៉ែ” របស់ផលិតកម្មថោន ទើបតែចេញលើយូធូបបាន៦ថ្ងៃប៉ុណ្ណោះ ទទួលបានអ្នកទស្សនាចំនួនជាង១៣មុឺននាក់ទៅហើយ។

ក្នុងបទចម្រៀងនេះដែរ និពន្ធទំនុកច្រៀងនិងMelody ដោយលោកសោម ដូរ៉េ ដែលលើកឡើងពីស្ត្រីជាម្តាយគ្រប់រូបដែលបំបៅកូនដោយទឹកដោះម្តាយផ្ទាល់ និងចង់បង្ហាញកូនគ្រប់រូបឲ្យយល់ច្បាស់ពីសុដន់ម្តាយដែលឲ្យកូនបានធំធាត់មកដល់ពេលនេះ និងសូមកុំប្រមាថ។

គួរបញ្ជាក់ថា អ្នកនាងសុខ ច័ន្ទធីតា ទើបតែត្រឡប់មកពីទទទួលពាននាគរាជ រួមជាមួយតារាប្រទេសថៃ នៅប្រទេសថៃ ផងដែរ៕



