Saturday, September 20, 2025
Homeតារាខ្មែរពេជ្រ ច័ន្ទធីតា ចង់រៀបការ តែលែងហ៊ានបណ្តើរសង្សារតន្ត្រីករ

ពេជ្រ ច័ន្ទធីតា ចង់រៀបការ តែលែងហ៊ានបណ្តើរសង្សារតន្ត្រីករ

ពិធីការិនីតូចតន់របស់ទូរទស្សន៍ PNN កញ្ញាពេជ្រ ច័ន្ទធីតា បានធ្វើជាអ្នកកំដរមង្គលការអ្នកនាងកែវ សីហា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយអតីតបេក្ខភាព Cambodian Idol រដូវកាលទី១ តែបរាជ័យកាន់ពាន ព្រោះមិនអាចប្រជែងជាមួយលោកនី រតនា បាននេះ បានបង្ហើបឱ្យដឹងថា ពេលនាងឃើញគេរៀបការ នាងចិត្តចង់តែរៀបការដែរ។ ប៉ុន្តែយ៉ាងណា ស្រីស្រស់រូបនេះថានាងមិនអាចកំណត់ពេលវេលារៀបមង្គលការបាននៅពេលណាឡើយ។

ពេជ្រ ច័ន្ទធីតា វាចាថា “ខ្ញុំចង់រៀបការ តែមិនដឹងថាពេលណាទេ! ចាំមើលពេលវេលាអំណោយផលសិន”។

ការថ្លែងចង់លាភាពក្រមុំរបស់កញ្ញាពេជ្រ ច័ន្ទធីតា នៅពេលនេះ ក្រោយពីស្រីស្អាតបានបង្ហាញមុខគូស្នេហ៍ជាតន្ត្រីករម្នាក់ជាចំហកាលពីពេលថ្មីៗនេះ ប៉ុន្តែនាងថា ដោយសារខ្លាចខូចក្រេឌីត និងមិនចង់ឱ្យគេដឹងថា នាងមានសង្សារទើបអតីតគ្រូបង្រៀនភាសាអង់គ្លេសនៅក្រុងតាខ្មៅរូបនេះ សម្រេចចិត្តលែងហ៊ានបណ្តើរគូស្នេហ៍ជាចំហដូចមុនទៀតហើយ គឺជ្រើសផ្លូវសាងស្នេហ៍ដោយលាក់លៀមវិញ។

អ្វីដែលស្ទើរតែមិនគួរឱ្យជឿនោះ កញ្ញាធីតា ថែមទាំងហ៊ាននិយាយថា នាងមានអារម្មណ៍ស្នេហា ជាមួយសង្សារជាតន្ត្រីករនោះត្រឹមតែ២០ភាគរយប៉ុណ្ណោះ ដែលការវាចាបែបនេះធ្វើឱ្យចំណង ស្នេហានាងប្រឈមនឹងការផុយស្រួយជាមិនខាន បើសិនជាលេចឮដល់លោកតន្ត្រីកររូបនោះ ព្រោះបុរសនោះស្រលាញ់នាងខ្លាំងពេករហូតចង់លេបធីតា ចូលទៅក្នុងពោះដើម្បីកុំឱ្យប្រុសដទៃមើលឃើញទៀតផង ប៉ុន្តែធីតា វិញ បែរជាស្រលាញ់សង្សារមិនបានមួយចំណិតដូចលោកតន្ត្រីករព្យាណូរូបនោះស្រលាញ់នាងពេញបេះដូងឡើយ។

គួរបញ្ជាក់ថា ពេជ្រ ច័ន្ទធីតា បាន បោះបង់អាជីពជាពិធីការិនីនៅទូរទស្សន៍ហង្សមាស មកក្រសោបតំណែងនៅទូរទស្សន៍ PNN ហើយពេលនេះនាងត្រូវបានអ្នកគ្រប់គ្រងកម្មវិធី “ពេញចិត្ត” បានផ្តល់កម្មវិធីធំៗឱ្យនាងធ្វើពិធីការិនី ទើបធ្វើឱ្យនាងលេចធ្លោគួរសម។

ដោយឡែក អាជីពចម្រៀងវិញ កញ្ញាធីតា អះអាងថា រកបានទ្រនំជ្រកហើយនិងត្រៀមចេញបទចម្រៀងថ្មីៗនាពេលខាងមុខនេះទៀតផង បន្ទាប់ពីគ្មានឱកាសឈរជើងនៅផលិតកម្មរស្មីហង្សមាស, សាន់ដេ និងថោន។

ក្រៅពីពេជ្រ ច័ន្ទធីតា តារាចម្រៀងដែលធ្លាប់ប៉ះស្នេហ៍តន្ត្រីករ មានដូចជា ឱក សុគន្ធកញ្ញា, មាស សុខសោភា, សុខ សីឡាលីន, សុខ ស្រីលក្ខណ៍, សុខ ច័ន្ទធីតា និងពេជ្រ សិរីរ័ត្ន ជាដើម៕

RELATED ARTICLES