ព្រាប សុវត្ថិ ហៅស្នាយ បានឈរជើងនៅផលិតកម្មរស្មីហង្សមាស ២២ឆ្នាំ (១៩៩៧-២០១៩) ហើយគិតត្រឹមឆ្នាំនេះ ខណៈដែលលោកច្រៀងដោយគ្មានការកុងត្រានោះទេ។ ព្រាប សុវត្ថិ ធ្លាប់ប្រាប់ថា ជាង២ទសវត្សន៍នេះ លោកបានថតបទចម្រៀងឱ្យហង្សមាស ជាង៣០០០បទហើយ។
ដោយឡែក ទស្សនិកជនវិញចាត់ទុកថា បទចម្រៀងរបស់ព្រាប សុវត្ថិ ដែលចេញទាំងអស់ គឺភាគច្រើនជាបទដែលពួកគេពេញនិយម ហើយស្គាល់បទទាំងនោះច្បាស់ទៀតផងរហូតមកដល់បច្ចុប្បន្ននេះ។

យ៉ាងណា ពេលនេះ ហង្សមាស មិនមែនមានជើងខ្លាំងតែព្រាប សុវត្ថិ ម្នាក់ទេ ព្រោះផលិតកម្មនេះបាននាំយកខេមរៈ សិរីមន្ត មកអែបតារាជើងចាស់រូបនេះដែរ។
អ្នកម្នាងសៀង ឌី កាលនៅមានព្រះជន្ម ធ្លាប់មានបន្ទូលថា ព្រាប សុវត្ថិ ជាតារាចម្រៀងម្នាក់ដែលច្រៀងទៅធ្វើឱ្យមនុស្សទាំងឡាយដាក់អារម្មណ៍ទៅ់តាមបទចម្រៀងរបស់លោកដែរ។

អ្នកម្នាងបន្តថា ប្រសិនបើលោកស៊ីន ស៊ីសាមុត នៅរស់ ក៏ព្រាប សុវត្ថិ នៅតែល្បីដែរ ព្រោះព្រាប សុវត្ថិ ជាអ្នកចម្រៀងខ្លាំងម្នាក់ដែលច្រៀងធ្វើឱ្យអ្នកស្តាប់ដាក់អារម្មណ៍ទៅតាមអត្តន័យបទចម្រៀង។ ប៉ុន្តែអ្នកម្នាងសៀង ឌី ថា ខេមរៈ សិរីមន្ត អាចប្រជែងជាមួយព្រាប សុវត្ថិ បាននាពេលអនាគត។
ព្រាប សុវត្ថិ ដែលជាកូនទោល កំព្រាឪពុកតាំងពីកើតក្រោមដើមស្នាយ ធ្លាប់ច្រៀងតាមក្លឹបនិងបៀរហ្គារឌិននោះ ក្នុងអាជីពចម្រៀងជាង២ទសវត្សន៍នៃការឈរជើងនៅហង្សមាស នេះ លោកបានធ្វើឱ្យជីវភាពប្រែក្លាយទៅជាធូរធាខ្លាំងរហូតដល់ពេលបច្ចុប្បន្ន ស្ថិតក្នុងចំណោមតារាមានទ្រព្យច្រើន មានផ្ទះស្កឹមស្កៃ ជិះរថយន្តទំនើបៗ និងមានដីធ្លីជាច្រើនកន្លែងទាំងនៅភ្នំពេញ និងខេត្តរតនគិរី ជាដើម។

យ៉ាងណា ព្រាប សុវត្ថិ នៅតែចេញច្រៀងដូចមុនជាមួយការរក្សាបានតម្លៃខ្លួនខ្ពស់ជាងគេ ដោយ១កម្មវិធី ស៊ីថ្លៃចាប់ពី៣០០០ដុល្លារឡើងទៅ។
សំណួរដែលមហាជនចង់ដឹងថា តើព្រាប សុវត្ថិ នឹងនៅតែជាតួឯករបស់ហង្សមាស ច្រើនឆ្នាំតទៅទៀត ឬមួយលោកអាចនឹងធ្លាក់ចុះវិញនាពេលខាងមុខ ហើយឱ្យកូនប្រុសទាំង៣ស្នងអាជីព? ព្រោះ ឆ្នាំនេះលោកមានវ័យ៤៤ឆ្នាំទៅហើយ។

លោកសេង សំអាន សាស្ត្រាចារ្យនិងជាមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្លាប់និយាយថា ព្រាប សុវត្ថិ អាចល្បីបានច្រើនឆ្នាំតទៅទៀត ព្រោះពេលនេះសំឡេងព្រាប សុវត្ថិ មិនទាន់ធ្លាក់ចុះទេ។
ចំណែកលោកហួរ ឡាវី វិញ ធ្លាប់ថ្លែងថា តារាចម្រៀងប្រែប្រួលទៅតាមវ័យដូចជារូបលោកអ៊ីចឹង តែវ័យចាស់ទៅ ក្មេងៗឡើងវិញម្តង។

រីឯលោកនូ ស៊ឹប វិញថា ព្រាប សុវត្ថិ ជាអ្នកចម្រៀងដែលមានសំឡេងស្តង់ដារអន្តរជាតិ ហើយពេលនេះនៅតែខ្លាំងមិនទាន់ធ្លាក់ចុះទេ។ ចំពោះខេមរៈ សិរីមន្ត វិញ លោកថានៅមិនទាន់ល្បីខ្លាំងដូច កាលនៅសាន់ដេ ទេ គឺហាក់ដូចជាកំពុងរង់ចាំត្រៀមជំនួសតំណែងអ្នកណាម្នាក់នៅពេលអនាគត។
ចំណែកលោកមុិញ សុធីវណ្ណ វិញ ថា ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត មួយណាឈ្នះឬចាញ់ គឺអាស្រ័យទៅលើការចេញបទចម្រៀង អ្នកដែលចេញបានច្រើនជាងគេ គឺជាអ្នកឈ្នះហើយ។ ចំពោះលោកវិញ សូមជ្រើសយកខេមរៈ សិរីមន្ត ហើយ ព្រោះសិរីមន្ត ច្រៀងបានច្រើន Style ជាង។

យ៉ាងណាពេលនេះ ព្រាប សុវត្ថិ ទោះលែងច្រៀងក៏លោកមានជីវភាពធូរធារទៅហើយ ប៉ុន្តែផលិតកម្មរស្មីហង្សមាស វិញ នៅតែចាត់ទុកតារាជើងចាស់រូបនេះជាអ្នកចម្រៀងស្នូលរបស់ខ្លួនដដែល ហើយថែមទាំងផ្តល់តំណែងជាគណៈកម្មការដល់ទៅ៣ផ្សេងគ្នា គឺជាគណៈកម្មការ និងគ្រូបង្វឹក The Voice Kids Cambodia, Cambodian Idol និង Cambodia idol junior។
ចំណែកខេមរៈ សិរីមន្ត វិញ ទើបបានភ្លក្សតំណែងធំមួយទេ គឺជាគណៈកម្មការ X Factor Cambodia៕